រយៈពេល៤ ថ្ងៃនៃបុណ្យចូលឆ្នាំ អ្នកទេសចរមានជិត ២២ លាននាក់
យោងតាមក្រសួងទេសចរណ៍ បានឱ្យដឹងថា ស្ថិតិប្រជាពលរដ្ឋខ្មែរ និងទេសចរបរទេសដើរលេងកម្សាន្តក្នុងក្របខណ្ឌទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រយៈពេល៤ថ្ងៃ ត្រូវនឹងថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤ មានចំនួន ប្រមាណ ២១.៧០ លាននាក់។
ក្រសួងបានបន្តថា ក្នុងនោះមានអ្នកទេសចរបរទេស ប្រមាណ ១១ ម៉ឺននាក់ផងដែរ។ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៤ ប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងក្របខណ្ឌទូទាំងប្រទេសមានចំនួនកើនឡើងច្រើន ដោយរយៈពេលពិធីបុណ្យមានដល់៤ថ្ងៃ ក្នុងពេលដែលពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិឆ្នាំ២០២៣ មានរយៈពេលត្រឹមតែ០៣ថ្ងៃ ដែលមានប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងក្របខណ្ឌទូទាំងប្រទេសប្រមាណ ១៣,១៣ លាននាក់ប៉ុណ្ណោះ។
ក្រសួងបានបញ្ជាក់ទៀតថា ក្រៅពីនេះ គ្រប់រាជធានី ខេត្តមានការរៀបចំសង្រ្កានឆ្នាំថ្មី ដែលព្រឹត្តិការណ៍មួយពិតជាមានការទាក់ទាញដល់ប្រជាពលរដ្ឋ។ ក្នុងចំណោមប្រជាពលរដ្ឋដែលបានដើរលេងកម្សាន្តក្នុងខេត្តខាងលើមានតែប្រមាណ ៣០% ប៉ុណ្ណោះដែលបានស្នាក់នៅលើសពីមួយយប់ឡើងទៅ។
ចំនួនភ្ញៀវទាំងជាង ២១ លាននាក់នេះ គឺរដ្ឋបាលរាជធានីខេត្ត រាប់បញ្ចូលចំនួនភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងប្រទេស ចំនួនប្រជាជនដែលបានចូលរួមលេងកម្សាន្តនៅតាមទីតាំងដែលមានការរៀបចំកម្មវិធីសង្រ្កាន្ត ព្រមជាមួយប្រជាពលរដ្ឋដែលលេងកម្សាន្តនៅតាមភូមិស្រុក និងកន្លែងជួបជុំនានា៕