កម្ពុជាមិនមែនជាជម្រកសុវត្ថិភាពសម្រាប់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញឡើយ

ប្រទេសកម្ពុជាបាននិងកំពុងពង្រឹងការប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ដោយបានប្រកាសថា ព្រះរាជាណាចក្រកម្ពុជានឹងមិនក្លាយជាជម្រកសុវត្ថិភាពសម្រាប់ប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញឡើយ។

«នៅក្នុងបរិបទប្រវត្តិសាស្ត្រនេះ ខ្ញុំសូមបញ្ជាក់ពីជំហររបស់យើងឱ្យបានច្បាស់ៗថា កម្ពុជានឹងមិនមែនជាជម្រកសុវត្ថិភាពសម្រាប់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញឡើយ»។ នេះជាការថ្លែងបញ្ជាក់នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកសន្និសីទអន្តរជាតិរយៈពេលពីរថ្ងៃ ស្តីពីការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ក្រោមប្រធានបទ «ការរួមគ្នាសកម្មភាពដើម្បីបំបែកខ្សែចង្វាក់ និងលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ»។

សម្តេចធិបតីបានគូសបញ្ជាក់បន្ថែមថា៖ «យើងជួបជុំគ្នានៅថ្ងៃនេះ ដើម្បីផ្លាស់ប្តូរទស្សនទាន និងដើម្បីបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួមគ្នាយ៉ាងម៉ឺងម៉ាត់ ប្រឆាំងនឹងការគំរាមកំហែងដ៏ស្មុគស្មាញបំផុតមួយក្នុងយុគសម័យឌីជីថលរបស់យើង»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ការប្រឈមមុខនឹងបទល្មើសស៊ីប៊ែររំលងព្រំដែន ទាមទារឱ្យមានភាពជាអ្នកដឹកនាំដ៏រឹងមាំ អភិបាលកិច្ចដែលមានប្រសិទ្ធភាព និងភាពក្លាហានក្នុងការដោះស្រាយដោយផ្ទាល់នូវភាពងាយរងគ្រោះជាប្រព័ន្ធ និងប្រឈមដ៏ស្មុគស្មាញនានា។

សម្តេចនាយករដ្ឋមន្ត្រីក៏បានកត់សម្គាល់ផងដែរថា ឧស្សាហកម្មឆបោកតាមប្រព័ន្ធអនឡាញនេះ មិនមែនមានប្រភពចេញពីកម្ពុជា ហើយក៏មិនមែនកើតមានតែនៅក្នុងព្រះរាជាណាចក្រកម្ពុជានោះដែរ ដោយសម្តេចបានពន្យល់ថា ការប្រឈមមុខនឹងបញ្ហានេះនាពេលកន្លងមករបស់កម្ពុជា គឺជាប់ពាក់ព័ន្ធនឹងការកើនឡើងនៃល្បែងភ្នាល់តាមប្រព័ន្ធអនឡាញ និងអាជីវកម្មពាក់ព័ន្ធនឹងកាស៊ីណូ។

បើតាមប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី បណ្តាញឧក្រិដ្ឋជនបានបន្តវិវត្តយ៉ាងឆាប់រហ័សឆ្លងកាត់ព្រំដែន ដោយទាញយកផលប្រយោជន៍ពីអចលនទ្រព្យពាណិជ្ជកម្ម ហាមឃាត់ ឬចន្លោះប្រហោងនៃបទប្បញ្ញត្តិ និងបណ្តាញទូរគមនាគមន៍ឆ្លងដែនដ៏ស្មុគស្មាញ ដើម្បីបង្កើតជានិវេសនដ្ឋាន/ប្រព័ន្ធអេកូឡូស៊ីឆបោកឆ្លងដែន។

ក្រោមការព្រួយបារម្ភនេះ កម្ពុជាបានឆ្លើយតបតាមរយៈសកម្មភាពយ៉ាងម៉ឺងម៉ាត់ និងយុទ្ធនាការរួមគ្នាមួយក្នុងស្មារតី «ជារដ្ឋាភិបាលទាំងមូល និងសង្គមទាំងមូល» ដែលមានគោលដៅលុបបំបាត់បណ្តាញឧក្រិដ្ឋជនទាំងនេះឱ្យអស់ពីឫសគល់។

សម្តេចបានអះអាងថា៖ «រាជរដ្ឋាភិបាលរបស់យើងអនុវត្តគោលនយោបាយគ្មានការលើកលែង គ្មានករណីលើកលែង និងគ្មានការរាថយឡើយ» ដោយសម្តេចបានសង្កត់ធ្ងន់ថា ការអនុវត្តច្បាប់ត្រូវបានចាត់ទុកជាកាតព្វកិច្ចសន្តិសុខជាតិជាប្រចាំ មិនមែនជាយុទ្ធនាការផ្សព្វផ្សាយដើម្បីរូបភាពនោះទេ។

សម្តេចនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ខិតខំប្រឹងប្រែងរបស់កម្ពុជាមិនត្រឹមតែផ្តោតលើការបំបែកបណ្តាញឧក្រិដ្ឋជនដែលមានស្រាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការពារកុំឱ្យកើតមានឡើងវិញ និងស្តារទំនុកចិត្តអន្តរជាតិឡើងវិញលើសេដ្ឋកិច្ច បរិយាកាសវិនិយោគ ទេសចរណ៍ និងសុវត្ថិភាពសាធារណៈរបស់ប្រទេសផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា៖ «ថ្ងៃនេះ ខ្ញុំសូមប្រកាសថា ទីតាំងឆបោក (Scam Compounds) លែងមានទៀតហើយនៅលើទឹកដីអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា»។

ជាមួយគ្នានេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានព្រមានថា មេបណ្តាញឧក្រិដ្ឋជនដែលមានការរៀបចំចាត់តាំង អាចនឹងស្វែងរកការបត់បែន ដោយបំបែកជាប្រតិបត្តិការតូចៗ និងវិមជ្ឈការ ដែលគោលដៅលើពលរដ្ឋកម្ពុជា ដូច្នេះសម្តេចបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការបន្ថែមទៀតពីគ្រប់ភាគីពាក់ព័ន្ធ និងសហគមន៍អន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងបទល្មើសនេះ។

ជាការឆ្លើយតប សម្តេចធិបតីបានអំពាវនាវឱ្យមានសកម្មភាពអន្តរជាតិរួមគ្នាកាន់តែខ្លាំងក្លា ប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ដែលបាននិងកំពុងរីកចម្រើនយ៉ាងខ្លាំងទៅជាទម្រង់នៃឧក្រិដ្ឋកម្មរៀបចំចាត់តាំងឆ្លងដែន ដែលទាមទារឱ្យមានកិច្ចសហប្រតិបត្តិការហួសពីព្រំដែនជាតិ។

យោងតាមគណៈកម្មាធិការវិសាមញ្ញប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (គ.ប.ឆ.អ.) ចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ កម្ពុជាបានបិទខ្ទប់គណនីធនាគារដែលមានពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញបានជាង ៣០០លានដុល្លារអាមេរិក ខណៈសំណុំរឿងចំនួន ៤៤៦ករណី ពាក់ព័ន្ធនឹងជនសង្ស័យចំនួន ៣.៩២៧នាក់ ត្រូវបានបញ្ជូនទៅតុលាការ។

អាជ្ញាធរក៏បានចាត់វិធានការផ្លូវច្បាប់ចំពោះមន្ត្រីដែលរកឃើញថាមានការពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញផងដែរ។ សំណុំរឿងចំនួន ៤ករណី ពាក់ព័ន្ធនឹងជនសង្ស័យចំនួន ១៥នាក់ ត្រូវបានចាត់ការ រួមមាន៖ ព្រះរាជអាជ្ញារងម្នាក់ អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ម្នាក់ ស្នងការរងនគរបាលរាជធានីភ្នំពេញម្នាក់ អតីតអគ្គនាយកនៃក្រសួងការបរទេសម្នាក់ ព្រមទាំងមន្ត្រីនគរបាល និងកងទ័ពផ្សេងទៀត។

របាយការណ៍បានបន្ថែមថា កងកម្លាំងអនុវត្តច្បាប់ជំនាញ ក្រោមការចង្អុលបង្ហាញរបស់រាជរដ្ឋាភិបាល បានចុះត្រួតពិនិត្យទីតាំងសង្ស័យចំនួន ៨៣២កន្លែង និងបានបើកប្រតិបត្តិការបង្ក្រាបនៅទីតាំងចំនួន ៦៦៣កន្លែង។

ក្នុងចំណោមនោះ អាជ្ញាធរបានបង្ក្រាប និងគ្រប់គ្រងទីតាំងឆបោកធំៗចំនួន ៨៦កន្លែង ដោយអាជ្ញាធរមានសមត្ថកិច្ចកំពុងបន្តនីតិវិធីផ្លូវច្បាប់ដើម្បីរឹបអូសស្របតាមច្បាប់។

 

Daily Program

Livesteam thumbnail
khmer popup image