គន្លឹះរក្សាសុខភាពផ្លូវចិត្តក្នុងកន្លែងធ្វើការងារ
«សុខុមាភាពផ្លូវចិត្តនៅក្នុងកន្លែងការងារ» ត្រូវបានលើកមកយកធ្វើជាប្រធានបទសម្រាប់ទិវាសុខភាពផ្លូវចិត្តពិភពលោកលើកទី៣២ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤។ នេះបើតាមការប្រកាសរបស់អង្គការសុខភាពពិភពលោក (WHO) ។
ជារៀងរាល់ឆ្នាំ ប្រធានបទមួយត្រូវបានជ្រើសរើសដើម្បីឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់លាក់មួយនៃសុខភាពផ្លូវចិត្ត ចាប់ពីការបង្កើនការយល់ដឹងអំពីស្ថានភាពសុខភាពផ្លូវចិត្ត រហូតដល់ការបញ្ជាក់ពីសារៈសំខាន់នៃការទទួលបានការថែទាំសុខភាពផ្លូវចិត្ត។
WHO បានលើកឡើងថា បរិយាកាសការងារដែលមានសុវត្ថិភាព និងការគាំទ្រ ពិតជាបានដើរតួយ៉ាងសំខាន់ក្នុងការថែរក្សាសុខុមាលភាពផ្លូវចិត្តបុគ្គលិកទាំងអស់។ ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពគ្រួសារនិងការងារ និងសកម្មភាពមិនល្អមួយចំនួនរួមផ្សំក្នុងការងារ ដោយបូកបញ្ចូលទាំងបុគ្គលិកផ្ទាល់ អ្នកគ្រប់គ្រង អ្នករួមការងារ និងសមាជិកគ្រួសាររបស់បុគ្គលិកនិយោជិត ពេលខ្លះអាចបង្កឲ្យកើតមានអំពើហិង្សា គំរាមកំហែង គ្មានសុវត្ថិភាព និងធ្លាក់ទឹកចិត្ត ទាំងនេះអាចគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សុខភាពផ្លូវចិត្ត។
បញ្ហាប្រឈមទាំងនេះអាចជះឥទ្ធិពលអវិជ្ជមានដល់គុណភាពជីវិតទាំងមូល ការចូលរួមការងារ និងផលិតភាព។ តាមការស្រាវជ្រាវរបស់អង្គការសុខភាពពិលោក ក្នុងឆ្នាំ២០១៩នេះ បានរកឃើញថា ១៥% នៃមនុស្សពេញវ័យដែលមានអាយុធ្វើការត្រូវបានគេប៉ាន់ប្រមាណថាមានជំងឺផ្លូវចិត្ត។ នៅទូទាំងពិភពលោក ការប៉ាន់ស្មានចំនួន ១២ ពាន់លានថ្ងៃធ្វើការត្រូវបានបាត់បង់ជារៀងរាល់ឆ្នាំ ដោយសារជំងឺធ្លាក់ទឹកចិត្ត និងការថប់បារម្ភ បើគិតជាថវិកាចំណាយគឺ១ពាន់ពាន់លានដុល្លារក្នុងមួយឆ្នាំដែលជាការធ្លាក់ចុះនៃផលិតភាព។
តាមគេហទំព័រ Spill បានបង្ហាញថា ក្នុងឆ្នាំ២០២៤ បុគ្គលិក ៦នាក់ ក្នុងចំណោម១០នាក់ និយាយថា ពួកគេសុទ្ធតែមានបទពិសោធតានតឹងផ្លូវចិត្តក្នុងកន្លែងការងារ រីឯកម្រិតតានតឹងមានការកើនឡើង ពី៤៣% ក្នុងឆ្នាំ២០២០ កើនដល់ ៤៤% ក្នុង២០២១។ ដើម្បីជួយដោះស្រាយ ក៏ដូចជាកាត់បន្ថយកម្រិតភាពតានតឹងនៅកន្លែងធ្វើការ អង្គការសុខភាពពិភពលោកបានចេញនូវគន្លឹះកាត់បន្ថយភាពតានតឹងមួយចំនួនដូចជា៖
- សមាធិផ្លូវចិត្ត គឺរួមបញ្ចូលការផ្ដោតលើបច្ចុប្បន្នកាលដោយគ្មានការវិនិច្ឆ័យ។ វាជួយក្នុងការកាត់បន្ថយការថប់បារម្ភ និងភាពតានតឹងដោយអនុញ្ញាតឱ្យបុគ្គលផ្តាច់ចេញពីគំនិត និងអារម្មណ៍ប្រកួតប្រជែងគ្នា។ ដោយចំណាយពេល ១០នាទីក្នុងមួយថ្ងៃលើការសញ្ជឹងគិតអាចធ្វើឱ្យចិត្តស្ងប់ និងធ្វើឱ្យអារម្មណ៍ផ្លូវចិត្តប្រសើរឡើង។
- លំហាត់ប្រាណ គឺជាថ្នាំបំបាត់ភាពតានតឹងតាមបែបធម្មជាតិ។ លំហាត់ប្រាណបញ្ចេញសារធាតុ Endorphins ដែលជាសារធាតុគីមីនៅក្នុងខួរក្បាល ជាចលករជំរុញឱ្យមានការកើនឡើង រឺធ្លាក់ចុះនៃអារម្មណ៍។ មិនថាជាការដើរលឿន យូហ្គា ឬការហាត់ប្រាណដែលមានកម្លាំងខ្លាំងនោះទេ ការហាត់ប្រាណទៀងទាត់ជួយបន្ថយកម្រិតស្ត្រេស និងបង្កើនភាពច្បាស់លាស់ផ្លូវចិត្ត។
- គេងឱ្យបានគ្រប់គ្រាន់ និងស្កប់ស្កល់ ព្រោះការគេងមិនលក់អាចធ្វើឱ្យស្ត្រេសកាន់តែខ្លាំងឡើង ធ្វើឱ្យពិបាកក្នុងការទប់ទល់នឹងបញ្ហាប្រឈមប្រចាំថ្ងៃ។ ការបង្កើតកាលវិភាគនៃការគេងឱ្យទៀងទាត់ ធានាថាអ្នកទទួលបានការគេងពី ៧ ទៅ ៩ ម៉ោង ហើយការគេងដោយផាសុខភាពអាចកាត់បន្ថយភាពតានតឹង និងធ្វើឱ្យអារម្មណ៍ប្រសើរឡើង។
- កាត់បន្ថយកម្រិតការហ្វេអ៊ីន និងជាតិស្ករ៖ កម្រិតខ្ពស់នៃជាតិកាហ្វេអ៊ីន និងជាតិស្ករអាចបង្កើនអរម៉ូនស្ត្រេស និងនាំឱ្យមានអារម្មណ៍ញ័រ ឬផ្លាស់ប្តូរអារម្មណ៍។ ការកាត់បន្ថយការទទួលទានសារធាតុរំញោចទាំងនេះ អាចជួយរក្សាអារម្មណ៍មានស្ថេរភាពជាងមុន និងកាត់បន្ថយរោគសញ្ញាខាងសរីរវិទ្យានៃភាពតានតឹង។
- ជំនួយសង្គមគឺមានសារៈសំខាន់នៅពេលដោះស្រាយភាពតានតឹង។ មិនថាវានិយាយជាមួយមិត្តភក្តិ ចំណាយពេលជាមួយគ្រួសារ ឬស្វែងរកការគាំទ្រពីអ្នកប្រឹក្សាទេ ការភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃអាចផ្តល់នូវការលួងលោមផ្លូវចិត្ត ទស្សនៈ និងអារម្មណ៍នៃភាពជាម្ចាស់។
- ការដកដង្ហើមវែងៗ និងការសម្រាករាងកាយ កាត់បន្ថយអត្រាបេះដូង និងកាត់បន្ថយកម្រិតស្ត្រេស។ បច្ចេកទេសដូចជាការដកដង្ហើមមួយៗ វែងៗ ដែលជួយនាំមកនូវអារម្មណ៍ស្ងប់ស្ងាត់ និងអាចអនុវត្តបានគ្រប់ពេលដែលកម្រិតស្ត្រេសកើនឡើង។
- ការគ្រប់គ្រងពេលវេលា៖ ការគ្រប់គ្រងពេលវេលាមិនល្អអាចនាំឱ្យមានភាពតានតឹងលើសលប់ ជាពិសេសនៅពេលអ្នកមានអារម្មណ៍ថាអ្នកកំពុងរត់នៅពីក្រោយកិច្ចការ។ ការរៀបចំថ្ងៃរបស់អ្នកដោយកំណត់អាទិភាពកិច្ចការ កំណត់គោលដៅជាក់ស្តែង និងបំបែកវាទៅជាជំហានតូចៗអាចជួយអ្នកគ្រប់គ្រងភាពតានតឹងកាន់តែមានប្រសិទ្ធភាព។
គន្លឹះទាំងនេះ ផ្តល់នូវវិធីជាក់ស្តែងដើម្បីគ្រប់គ្រងកម្រិតស្ត្រេស និងធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពផ្លូវចិត្ត។ នៅពេលអនុវត្តជាទៀងទាត់ ពួកគេអាចបង្កើតរបៀបរស់នៅដែលមានតុល្យភាព និងមិនសូវតានតឹង ក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ការចូលរួម ការលើកទឹកចិត្ត ការយកចិត្តទុកដាក់របស់ស្ថាប័ន បរិយាកាសស្ថាប័ន ក៏ជាចំណុចដ៏សំខាន់ ក្នុងការកាត់បន្ថយភាពតានតឹងផ្លូវចិត្តដែលមានប្រសិទ្ធភាពផងដែរ៕
ដោយសុខ កែវរតនា