គណៈកម្មាធិការជាតិអេស្កាប់កម្ពុជា ​អំពាវនាវដល់សហគមន៍អន្តរជាតិ​រក្សាឱ្យបាននូវសាមគ្គីភាព​​

លោក ទេសរដ្ឋមន្រ្តី លី ធុជ ជាប្រធានគណៈកម្មាធិការជាតិអេស្កាប់ តាងនាមរាជរដ្ឋាភិបាលកម្ពុជា ចូលរួមថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំបណ្តាប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDCs) ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក កាលពី​ថ្ងៃទី២៣ ខែមេសា ២០២៤ នៅទីស្នាក់ការ UNESCAP នាទីក្រុងបាងកក ប្រទេសថៃ។

លោក លី ធុជ ​បានឡើង​ថ្លែង​ក្នុងកិច្ចប្រជុំបណ្តាប្រទេសដែលមានការអ​ភិវឌ្ឍតិចតួច(LDCs) ក្នុងតំ​បន់អាស៊ី និងប៉ាស៊ីហ្វិក ក្នុងអំឡុងពេលនៃអង្គសន្និបាតប្រចាំឆ្នាំលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ចនិងសង្គមសម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-​ESCAP)។

នៅក្នុងសេចក្តីថ្លែងការណ៍ លោក លី ធុជ បានលើកឡើងអំពីតួនាទីដ៏សំខាន់របស់បច្ចេកវិទ្យាឌីជី​ថលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងដោះស្រាយបញ្ហានានា សំដៅសម្រេចនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសកល។

លោកបានសង្កត់ធ្ងន់ថា ៖ «ប្រទេសកម្ពុជា​ បានដាក់បញ្ចូលបច្ចេកវិទ្យា ជាការងារអាទិភាពសំ​ខាន់មួយក្នុងគោលដៅ និងផែនការអភិវឌ្ឍន៍ជាតិ សំដៅពង្រីកហេដ្ឋរចនាសម្ព័ន្ធឌីជីថល លើ​កក​ម្ពស់អក្ខរកម្មឌីជីថល ជំរុញប្រព័ន្ធអេកូឡូស៊ីរស់រវើកសម្រាប់ធុរកិច្ចបង្កើតថ្មី សំដៅជំរុញកំ​ណើនសេដ្ឋកិច្ច បង្កើនភាពប្រកួតប្រជែងរបស់អាជីវកម្មនៅកម្ពុជា និងផ្តល់ឱកាសថ្មីៗដល់យុវជនកម្ពុជា តាមរយៈគោលនយោបាយ និងផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល»។

​បន្ថែមលើសពីនេះ កម្ពុជា​បានប្រើប្រាស់បច្ចេកវិទ្យា ក្នុងកិច្ចការពារធនធានធម្មជាតិ និងការប្រ​យុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដើម្បីធានាថាការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមប្រកប​ដោ​យបរិយាបន្ន និងមិនប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន ដែលជាគោលការណ៍សំខាន់នៃការអភិវឌ្ឍប្រ​ក​បដោយចីរភាព។

លោកទេសរដ្ឋមន្រ្តី ក៏​បានបន្តទៀតថា ចក្ខុវិស័យដឹកនាំរបស់សម្តេចធិបតី មិនត្រឹមជាភ្លើងបំភ្លឺផ្លូ​វដល់ការអភិវឌ្ឍប្រទេសជាតិប៉ុណ្ណោះទេ វាថែមទាំងជំរុញដល់ការពង្រឹងសាមគ្គីភាពក្នុងតំបន់ ដែ​លនឹងធ្វើឱ្យកម្ពុជា រួមជាមួយប្រទេសនានាក្នុងតំបន់ ឆ្ពោះទៅរកបដិវត្តន៍ឌីជីថល ដែលមានសក្តានុពលដ៏ធំធេង សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម និងកិច្ចការពារបរិស្ថាន។  

ជាចុងបញ្ចប់ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា លោក លី ធុជ​ បានអំពាវនាវដល់សហគមន៍អន្តរជាតិ រក្សាឱ្យបាននូវសាមគ្គីភាព បង្កើនកិច្ចសហប្រតិបត្តិការ បន្តចែករំលែកបទពិសោធន៍ល្អៗ និងបង្កើនការកៀរគរធនធាន ដើម្បីជំរុញដល់នវានុវត្តន៍ឌីជីថល និងសម្រេចឱ្យបាលគោលដៅរួមរបស់តំបន់៕

Daily Program

Livesteam thumbnail