គណៈកម្មការសម្រាប់ជនចំណាកស្រុកនៃក្រុមប្រឹក្សាអភិបាលព្រះសហគមន៍កាតូលិកឥណ្ឌា បានរៀបចំសិក្ខាសាលាស្តីពីការថែទាំជនចំណាកស្រុក
គណៈកម្មការសម្រាប់ជនចំណាកស្រុកនៃក្រុមប្រឹក្សាអភិបាលព្រះសហគមន៍កាតូលិកឥណ្ឌា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់មួយនៅរដ្ឋចាខាន់ (Jharkhand) ភាគខាងកើតប្រទេសឥណ្ឌា ដើម្បីពង្រឹងការឆ្លើយតបរបស់ព្រះសហគមន៍កាតូលិកចំពោះជនចំណាកស្រុក និងលើកកម្ពស់ការធ្វើចំណាកស្រុកដោយសុវត្ថិភាព ថ្លៃថ្នូរ និងការគោរពសិទ្ធិមនុស្ស។
កម្មវិធីនេះមានការចូលរួមពីលោកបូជាចារ្យ មេដឹកនាំសាសនា និងគ្រហស្ថប្រហែល ៩៥ នាក់ មកពីភូមិភាគផ្សេងៗគ្នា។ កម្មវិធីសិក្ខាសាលានេះផ្តោតលើ «ការថែទាំជនចំណាកស្រុក» នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គមក្នុងទីក្រុងរ៉ានជី (Ranchi) នៃរដ្ឋចាខាន់ (Jharkhand) កាលពីថ្ងៃទី២១ ខែសីហា។
សិក្ខាសាលានេះផ្តោតលើការឆ្លើយតបជាក់ស្តែងចំពោះការជួញដូរមនុស្ស ការកេងប្រវ័ញ្ញកម្លាំងពលកម្ម បញ្ហាជាប់បំណុល និងទម្រង់ផ្សេងទៀតនៃការកេងប្រវ័ញ្ចដែលប្រឈមមុខដោយមនុស្សដែលចាកចេញពីលំនៅឋានដើម្បីស្វែងរកការងារ និងជីវភាពរស់នៅកាន់តែប្រសើរ។
លោកអភិបាល វ៉ាំងសង់ បាវ៉ា (Vincent Barwa) នៃព្រះសហគមន៍កាតូលិកស៊ិនដេហ្គា (Simdega) បានកំណត់អត្តសញ្ញាណភាពក្រីក្រ ឱកាសការងារមានកំណត់ ការអប់រំមិនគ្រប់គ្រាន់ និងការទទួលបានការថែទាំសុខភាពមិនល្អ ជាកត្តាចម្បងដែលជំរុញការធ្វើចំណាកស្រុក ជាពិសេសក្នុងចំណោមសហគមន៍កុលសម្ព័ន្ធ។ លោកអភិបាលក៏បានអំពាវនាវឱ្យមានការវិនិយោគកាន់តែច្រើនលើការអប់រំ ការបណ្តុះបណ្តាលជំនាញ និងជីវភាពរស់នៅប្រកបដោយចីរភាព ដើម្បីកាត់បន្ថយភាពងាយរងគ្រោះរបស់ជនចំណាកស្រុក។
លោកបូជាចារ្យ រ៉ានី ពុនណាសេរីល (Rani Punnasseril) សមាជិកក្រុមប្រឹក្សាជាតិនៃគណៈកម្មការសម្រាប់ជនចំណាកស្រុកនៃក្រុមប្រឹក្សាអភិបាលព្រះសហគមន៍កាតូលិកឥណ្ឌា បានអំពាវនាវឱ្យមានសកម្មភាពសម្របសម្រួលពីចំណុចចេញដំណើររហូតដល់គោលដៅ ដោយផ្តោតលើការធ្វើចំណាកស្រុកដោយសុវត្ថិភាព ការយល់ដឹង ការអមដំណើរ ការបង្កើតបណ្តាញ និងការការពារ។
លោកបូជាចារ្យ ស៊ីប៊ី អេរ៉ាវីមេនហ្គាឡាម (Siby Eravimangalam) បានជំរុញឱ្យព្រះសហគមន៍កាតូលិកកំណត់អត្តសញ្ញាណជនចំណាកស្រុកពីសហគមន៍របស់ពួកគេ រក្សាទំនាក់ទំនងជាមួយពួកគេ និងពង្រឹងចំណងទាក់ទងរវាងសហគមន៍ដើម និងគោលដៅ។
