ក្រុមអង្គការ​សង្គមស៊ីវិលទាមទារ​ឱ្យ​​បញ្ឈប់ការធ្វើទុក្ខបុកម្នេញថ្នាក់ដឹកនាំ និងសមាជិកសហជីពណាហ្គាវើលដ៏​

​ក្រុមសង្គមស៊ីវិល សហជីព សហព័ន្ធ ចំនួន​៥០ស្ថាប័ន បាន​​បង្ហាញការសោកស្តាយយ៉ាងខ្លាំងចំពោះការប្រកាសសាលដីការបស់តុលាការកំពូល កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ដែលបា​នតម្កល់សេចក្តីសម្រេចផ្តន្ទាទោសអតីតនិងបច្ចុប្បន្ន ជាថ្នាក់ដឹកនាំ និងសមាជិកសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏។

យោងតាម​សេចក្តីថ្លែងការណ៍រួម​កាលពីថ្ងៃទី​៦ ខែឧសភា បាន​ឱ្យដឹងថា ​អាជ្ញាធរ និងតុលាការ នៅ​តែមិនទាន់អាចផ្តល់នូវយុត្តិធម៌ជូនដល់សកម្មជនសហជីពណាហ្គាវើលដ៏នៅឡើយ ដែលក្រុមសង្គមស៊ីវិល សហជីព សហព័ន្ធទាំងនេះ បានទាមទារ​ឱ្យអាជ្ញាធរត្រូវតែដោះលែងប្រធានស​ហជីពណាហ្គាវើលដ៏ កញ្ញា ឈឹម ស៊ីថរ និងផ្តល់នូវសេរីភាពពេញលេញដល់ជនជាប់ចោទទាំ​ងអស់នៅក្នុងសំណុំរឿងនេះ។

សូមរម្លឹកដែរថា កាលពីថ្ងៃទី៣ ខែឧសភា តុលាការកំពូលបានប្រកាសសាលដីការបស់ខ្លួន ដោ​យ​តម្កល់សេចក្ដីសម្រេចសាលាដំបូងរាជធានីភ្នំពេញ ដែលផ្តន្ទាទោសដាក់ពន្ធនាគារលើជនជា​ប់ចោទចំនួន ៨រូប ដែលជាអតីត និងបច្ចុប្បន្នថ្នាក់ដឹកនាំ និងសមាជិកសហជីពណាហ្គាវើលដ៏ ។

អ្នកទាំងនោះត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលពី ១ ឆ្នាំ ដល់ ២ ឆ្នាំ ។ កញ្ញា ស៊ីថរ ជាជនជាប់ចោទម្នាក់ប៉ុណ្ណោះ ក្នុងចំណោមជនជាប់ចោទទាំងនោះ ដែលកំពុងអនុវត្តទោសជាប់ក្នុងពន្ធនាគាររយៈពេល ២ ឆ្នាំ។

ការសម្រេចតម្កល់សាលក្រមផ្តន្ទាទោសនាព្រឹកថ្ងៃទី០៣ ខែឧសភា នឹងធ្វើឱ្យកញ្ញា ស៊ីថរ បន្តជាប់ពន្ធនាគារដដែល និងអាចធ្វើឱ្យអាជ្ញាធរចាប់បញ្ជូនខ្លួនជនជាប់ចោទចំនួន ៥ នាក់ ផ្សេងទៀត ទៅកាន់ពន្ធនាគារភ្លាមៗ ។ អ្នកទាំង ៥ រួមមាន៖ អ្នកស្រី ឈឹម សុខន អ្នកស្រី ហៃ សុភាព អ្នកស្រី ឃ្លាំង សុបិន្ត កញ្ញា សុន ស្រីពេជ្រ និងអ្នកនាង ទូច សិរីមាស ត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ១៨ខែ ។

​កញ្ញា ស៊ីថរ ត្រូវបានចាប់ខ្លួនម្តងទៀតកាលពីខែវិច្ឆិកា ឆ្នាំ២០២២ ក្រោយពេលកញ្ញាត្រឡប់មកពីចូលរួមកិច្ចប្រជុំសហព័ន្ធសហជីពអន្តរជាតិនៅប្រទេសអូស្ត្រាលី។ ​

សេចក្តីថ្លែងការណ៍រួមបានបញ្ជាក់ថា ៖ «យើងខ្ញុំស្នើសុំឱ្យអាជ្ញាធរដោះលែង កញ្ញា ស៊ីថរ ដោយឥតលក្ខខណ្ឌ និងផ្តល់នូវសេរីភាពពេញលេញដល់ជនជាប់ចោទផ្សេងទៀត អាចរស់នៅដោយមិនមានការភ័យខ្លាចពីការចាប់ដាក់ពន្ធនាគារ ឬការធ្វើទុក្ខបុកម្នេញណាមួយ»។

នេះ គឺជាមធ្យោបាយមួយចុងក្រោយ ដើម្បីផ្តល់នូវដំណោះស្រាយចំពោះការចោទប្រកាន់ និងការធ្វើទុក្ខបុកម្នេញដោយមិនត្រឹមត្រូវមកលើសមាជិកសហជីពមួយចំនួន ដែលកំពុងតស៊ូមតិដើម្បីសិទិ្ធកម្មករ ។ អាជ្ញាធរត្រូវតែគោរពសិទិ្ធសេរីភាពជាមូលដ្ឋានរបស់កម្មករនិយោជិត និងឈប់ចាត់ទុកសកម្មភាពអហិង្សារបស់សហជីព ជាបទល្មើសព្រហ្មទណ្ឌ។​​

អង្គការ សមាគម សហជីព សហគមន៍ចូលរួមគាំទ្រសេចក្តីថ្លែងការណ៍រួមមាន៖ សហគមន៍ដីធ្លី ១៩៧ (កោះកុង), សហគមន៍អមលាំង (កំពង់ស្ពឺ), សហគមន៍បឹងប្រាំ (បាត់ដំបង), សម្ព័ន្ធសហជីពកម្ពុជា (CATU), មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR), សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC), មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) រួមនឹង​អង្គការ សហគមន៍ជាច្រើនទៀត៕

Daily Program

Livesteam thumbnail