ក្រុមលោកអភិបាលនៃព្រះសហគមន៍កាតូលិកឥណ្ឌូនេស៊ីឈរជាមួយប្រជាជនចំពេលមានការតវ៉ា និងភាពចលាចល

ក្រុមអន្តរសភាលោកអភិបាលនៃព្រះសហគមន៍កាតូលិកនៅក្នុងប្រទេស ឥណ្ឌូណេស៊ី បានសម្តែងការសោកស្ដាយយ៉ាងខ្លាំងចំពោះរលកនៃអំពើហិង្សានាពេលថ្មីៗនេះ។
តាមសេចក្តីប្រកាសដែលទទួលបានដោយវិទ្យុ RVA ទទួលបាន បានអះអាងថា ក្រុមលោកអភិបាលឈរជាសាមគ្គីភាពជាមួយប្រជាជនឥណ្ឌូនេស៊ី ដែលកំពុងរងទុក្ខចំពេលមានការលំបាកផ្នែកសេដ្ឋកិច្ច និងភាពតានតឹងផ្នែកនយោបាយ។
នៅក្នុងសេចក្តីថ្លែងការណ៍ក្រុមលោកអភិបាលបានសំដែងការសោកស្តាយ ចំពោះអំពើហិង្សាដែលបានធ្វើឱ្យមនុស្សស្លាប់ និងរបួស និងការភ័យខ្លាចរីករាលដាល។
ក្រុមលោកអភិបាល បានអំពាវនាវឱ្យមានការអាណិតអាសូរអ្នកដែលរងគ្រោះ ជួយស្វែងរកយុត្តិធម៌ និងលើកកំពស់ការអត់ធ្មត់ ដោយជំរុញឱ្យមេដឹកនាំស្តាប់និងយល់ទុក្ខលំបាករបស់ជនក្រីក្រ និងងាយរងគ្រោះ ដែលបានទទួលរងនូវបន្ទុកដ៏ធំបំផុតនៃការកើនឡើងថ្លៃជីវភាពរស់នៅ និងគោលនយោបាយដែលគេយល់ថាអយុត្តិធម៌។
ការតវ៉ាដែលបានផ្ទុះឡើងបន្ទាប់ពីការស្លាប់របស់អ្នកបើកបរម៉ូតូវ័យក្មេងម្នាក់ក្នុងអំឡុងពេលបាតុកម្មនៅទីក្រុងហ្សាកាតា បានរីករាលដាលយ៉ាងឆាប់រហ័សទៅកាន់ទីក្រុងមួយចំនួន។ អ្វីដែលបានចាប់ផ្តើមដូចជាការអំពាវនាវឲ្យមានភាពយុត្តិធម៌ និងសេចក្តីថ្លៃថ្នូរបានកើនឡើងទៅជាការប៉ះទង្គិចគ្នាដោយហិង្សា ការបំផ្លិចបំផ្លាញ។
សម្រាប់មនុស្សជាច្រើន សោកនាដកម្មនៃការស្លាប់របស់យុវជននេះបានក្លាយជានិមិត្តរូបនៃការឈឺចាប់ និងការខកចិត្តដែលបានកើតឡើងដោយក្រុមគ្រួសារ កម្មករ និងយុវជនទូទាំងប្រទេស។
ក្រុមលោកអភិបាលបានអំពាវនាវដល់ថ្នាក់ដឹកនាំរដ្ឋាភិបាលឲ្យកែតម្រូវគោលនយោបាយដើម្បីបន្ថយ ការរងទុក្ខវេទនារបស់ប្រជាពលរដ្ឋ និងគ្រប់គ្រងប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌។
ពួកគេក៏បានជំរុញឱ្យកងកម្លាំងសន្តិសុខធ្វើសកម្មភាពដោយមនុស្សធម៌ និងការអត់ធ្មត់ និងជាអ្នកការពារប្រជាជន ទោះបីជាស្ថិតក្នុងស្ថានភាពតានតឹងក៏ដោយ៕
Daily Program
