ក្រសួង​ការបរទេស​ ​ប្រកាសទាត់ចោលនូវរាល់ការប៉ុនប៉ងធ្វើការបកស្រាយករណីការបិទការិយាល័យ ស្ថានទូតស៊ុយអែត នៅរាជធានីភ្នំពេញ

កាលពីខែមីនា ឆ្នាំ២០២៤ ក្រសួងការបរទេសស៊ុយអែត បានជូនដំណឹង ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ​ពីការបិទការិយាល័យស្ថានទូតស៊ុយអត (Sweden Section Office) នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤។

ក្រសួងការបរទេសស៊ុយអ៊ែត បានបន្ថែមថា​ រដ្ឋាភិបាលស៊ុយអែតបានសម្រេចដូចខាងលើ ក្រោមហេតុផលនៃការរៀបចំឡើងវិញ នៅចំណុចអាទិភាព (Reprioritizations) ដោយសារត្រូវផ្ដល់អាទិភាពលើការអភិវឌ្ឍន៍ សេដ្ឋកិច្ច សន្តិភាព និងសន្តិសុខ នៅតំបន់ជិតខាងខ្លួន ដើម្បីឆ្លើយតបនឹងការប្រែប្រួលបរិបទពិភពលោក បន្ទាប់ពីការផ្ទុះសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។

នេះបើយោងតាមអ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ​បានចេញសេចក្តីបំភ្លឺ​កាលពីថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ២០២៤។

ក្រសួងបានបញ្ជាក់ទៀតថា ៖ «អាស្រ័យដូចបានជម្រាបជូនខាងលើ អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ សូមប្រកាសទាត់ចោលនូវរាល់ការប៉ុនប៉ងធ្វើការបកស្រាយករណីការបិទការិយាល័យ ស្ថានទូតស៊ុយអែត (Sweden Section Office) នៅរាជធានីភ្នំពេញ សម្រាប់បម្រើឱ្យគោលដៅ នយោបាយ»។

នៅថ្ងៃទី​១៧ ខែកញ្ញានេះដែរ ក្រសួងការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ ក៏បានចេញសេចក្តីបំភ្លឺ​ឆ្លើយតបនឹងការសាកសួរព័ត៌មានរបស់អ្នកយកព័ត៌មានពាក់ព័ន្ធនឹងការបិទការិយាល័យស្ថានទូតស៊ុយអែតនៅភ្នំពេញ​ បន្ថែមលើសេចក្តីបំភ្លឺចុះថ្ងៃទី ១៦ ខែកញ្ញា​ថា​ តាមការបញ្ជាក់របស់ស្ថានទូតស៊ុយអែតនៅទីក្រុងបាងកក បន្ទាប់ពីការបិទ ការិយាល័យស្ថានទូតស៊ុយអែតនៅភ្នំពេញនៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៤ ស្ថាន ទូតស៊ុយអែតនៅទីក្រុងបាងកក នឹងបន្តតំណាងឱ្យស៊ុយអែតក្នុងទំនាក់ទំនង​ជាមួយកម្ពុជា ហើយស្ថានកុងស៊ុលរបស់ស៊ុយអែតនៅភ្នំពេញ នឹងនៅតែបើកទ្វារដើម្បីបន្ត ផ្តល់សេវាកុងស៊ុលដល់ពលរដ្ឋស៊ុយអែតនៅកម្ពុជា។

ថ្វីត្បិតមានការបិទការិយាល័យស្ថានទូតស៊ុយអែតនៅភ្នំពេញ ក៏ប៉ុន្តែក្នុងរយៈកាល កន្លងមកនេះ ក៏មានការបើកបន្ថែមការិយាល័យនានារបស់ស្ថានទូតមួយចំនួន ជាអាទិ៍ ការបើកការិយាល័យពាណិជ្ជកម្មរបស់ស្ថានទូតទួរគី ក្នុងខែមេសា ឆ្នាំ២០២៣ ការបើកការិយាល័យពាណិជ្ជកម្ម និងវិនិយោគរបស់ស្ថានទូតអូស្ត្រាលី ក្នុងខែមករា ឆ្នាំ ២០២៤ និងការបើកការិយាល័យកុងស៊ុលរបស់កាណាដានៅខេត្តសៀមរាប ក្នុងខ កុម្ភៈ ឆ្នាំ២០២៤៕

Daily Program

Livesteam thumbnail