ក្រសួងសុខាភិបាល ក្រើនរំលឹកពលរដ្ឋប្រុងប្រយ័ត្ន ដើម្បីបង្ការ នូវការចម្លងជំងឺផ្ដាសាយ និងជំងឺកូវីដ គ្រប់ម្រង់
ក្រសួងសុខាភិបាល បានអំពាវនាវក្រើនរំលឹក ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ដើម្បីបង្ការនូវការចម្លងជំងឺផ្តាសាយ និងជំងឺកូវីដ-១៩ គ្រប់ទម្រង់ ជាយថាហេតុ ដោយត្រូវអនុវត្តនូវវិធានការ បង្ការនានា។
យោងតាមសេក្ដីប្រកាសព័ត៌មាន របស់ក្រសួង សុខាភិបាល នាថ្ងៃទី២៤ ឧសភា ថា ក្នុងពេលថ្មីៗនេះ ប្រទេសមួយចំនួន នៅលើសកលលោក មានការកើនឡើង នៃការចម្លងជំងឺកូវីដ-១៩ បំប្លែងថ្មី NB.1.8.1 ជាពិសេសនៅក្នុងតំបន់ ប៉ាស៊ីហ្វិកខាងលិច រួមមាន សាធារណរដ្ឋប្រជាមានិតចិន សិង្ហបុរី និងហុងកុង ដែលកំពុងមានការចរាចរ និងការឆ្លងរាលដាលនៃវីរុសនេះ។ វីរុសបំប្លែងថ្មី NB.1.8.1 គឺជាពូជកូនចៅដែលវិវត្ត ចេញពីពូជអូមីក្រុង (Omicron) ខ្សែស្រឡាយ JN.1។
នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ អង្គការសុខភាព ពិភពលោក (WHO) បានចាត់ថ្នាក់វីរុសនេះជា «វីរុសបំប្លែងខ្លួន ដែលស្ថិតក្រោមការតាមដាន» បន្ទាប់ពីសង្កេត ឃើញការកើនឡើងយ៉ាងឆាប់ពីទិន្នន័យវិភាគលម្អិតហ្សែន (Virus Sequencing) នៅលើសកលលោក ជាពិសេស នៅអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកខាងលិច ។ បច្ចុប្បន្ននេះមិនទាន់មានភស្តុតាងវិទ្យាសាស្ត្រណាមួយ បញ្ជាក់ថា វីរុស NB.1.8.1 បង្កឱ្យមានស្ថានភាពជំងឺធ្ងន់ធ្ងរ ការសម្រាកពេទ្យកើនឡើង ឬអត្រាស្លាប់ខ្ពស់ជាងពូជអូមីក្រុង ដែលបានចរាចរពីមុននោះទេ។
ក្រសួង បន្ដថា ប្រទេសកម្ពុជា កន្លងមកធ្លាប់បានរកឃើញ វីរុស NB.1.8.1 នៅចន្លោះ ខែឧសភា ដល់ខែធ្នូ ឆ្នាំ២០២៥។ ចាប់តាំងពីដើមឆ្នាំ២០២៦ មក ប្រព័ន្ធតាមដានជំងឺឆ្លងរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង របស់ក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានចំនួន ១ករណី កាលពីថ្ងៃទី១៨ ខែឧសភា នៅក្នុងចំណោម អ្នកជំងឺដែលកមកទទួលសេវា សុខាភិបាលនៅតាមមន្ទីរពេទ្យ ដូចដែលបានផ្សាយជូនក្នុងប្រព័ន្ធរាយការណ៍ ផ្លូវការ របស់ក្រសួងសុខាភិបាល៕