ក្រសួងសុខាភិបាលត្រួតពិនិត្យការរៀបចំទីតាំងផ្នែកចត្តាឡីស័កនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីឆ្លើយតបនឹងជំងឺអឹមផក (Mpox)
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងប្រតិភូសុខាភិបាល បានចុះត្រួតពិនិត្យការរៀបចំទីតាំងផ្នែកចត្តាឡីស័ក ដើម្បីឆ្លើយតបនឹងជំងឺអឹមផក (Mpox) នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នៅអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ។
ក្រសួងសុខាភិបាលបានលើកឡើងថា គោលបំណងនៃការចុះត្រួតពិនិត្យនេះគឺ ដើម្បីពិនិត្យរួមគ្នា ក្នុងការទប់ស្កាត់ការនាំចូលជំងឺអឹមផក ( Mpox clade1.B) ចូលមកកម្ពុជា នៅតាមច្រកទាំងអស់ និងវិធានការការពារ ក៏ដូចជាផ្ញើសារក្រើនរំលឹកដល់អ្នក ដំណើរទាំងអស់។
ក្រសួងពង្រឹងយន្តការបន្ថែមទៀតយ៉ាងម៉ត់ចត់ក្នុងការតាមដានកំដៅ ដោយប្រព័ន្ធកាមេរ៉ា និងការអង្កេតតាមដាន រាល់អ្នកដំណើរគ្រប់ច្រកចេញចូលទាំងអស់ ក្នុងករណីមានការសង្ស័យ មន្ត្រីចត្តាទ្បីស័ករបស់ក្រសួងសុខាភិបាល នឹងចាត់ចែងអនុវត្តតាមគោលការណ៍ណែនាំក្នុងការទប់ស្កាត់នឹងឆ្លើយតបទៅនឹងការរាតត្បាតនៃជំងឺឆ្លងជាបន្ទាន់ ។
ក្រសួងបានបន្តថា ក្រុមការងារបានឯកភាពបន្ថែម ម៉ាស៊ីនស្កែនកំដៅ នឹងរៀបចំ តំទ្បើងរូបភាព សារជាវីដេអូសំខាន់ៗ ជាសារអប់រំ និងវិធានការនានា ដល់គ្រប់អ្នកដំណើរ ស្តីពីជំងឺអឹមផក (Mpox) ។
ក្នុងនេះដែរ ក៏មានការចូលរួមពីតំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល តំណាងអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ តំណាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា តំណាងក្រុមហ៊ុនបារាំង និងសហការី តំណាងនាយកដ្ឋានប្រយុទ្ធជំងឺឆ្លង (CDC) ព្រមទាំងក្រុមការងារចត្តាទ្បីស័ក ប្រចាំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងមន្ត្រីពាក់ព័ន្ធទាំងអស់៕