ក្រសួងធម្មការ រៀបចំកម្មវិធីប្រកួតពានរង្វាន់អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យលើកទី៩

ក្រសួងធម្មការ និងសាសនា រៀបចំកម្មវិធីប្រកួតពានរង្វាន់អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យលើកទី៩ ផ្នែករឿងខ្លី និងកំណាព្យរឿងខ្លី ក្រោមប្រធានបទ យុវជន និងការកសាងរបងសន្តិភាព។ ការប្រកួតនេះ នឹងទទួលស្នាដៃចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ម៉ោង៥ល្ងាចជាកំហិត។​

សេចក្តីជូនដំណឹង​នៃពុទ្ធសាសនបណ្ឌិត្យ បានឱ្យដឹងថា ដើម្បីអាចចូលរួមប្រកួតត្រូវមានលក្ខខណ្ឌរួមមាន បេក្ខជនម្នាក់អាចដាក់ស្នាដៃប្រកួតបានតែ១គត់ និងមិនមែនជាស្នាដៃដែលធ្លាប់ទទួលបានចំណាត់ថ្នាក់នៅពានរង្វាន់ណាមួយពីមុន។ សម្រាប់ស្នាដៃរឿងខ្លីត្រូវវាយជាអត្ថបទដោយប្រើយូនីកូដខ្មែរក្នុងកុំព្យូទ័រ ទំហំអក្សរ ១២ ពុម្ព Khmer OS Siemreap ខ្នាតក្រដាសA4 ប្រមាណពី ១០ ទៅ ១៥ទំព័រ ចំណែកកំណាព្យរឿងខ្លីមានប្រមាណពី ៥ ទៅ ១០ទំព័រ (មានគំរូជូន) សាច់រឿងដែលសរសេរ ជាសាច់រឿងថ្មីសុទ្ធសាធ។

បេក្ខជនត្រូវគោរពអក្ខរាវិរុទ្ធតាមវចនានុក្រមខ្មែរបោះពុម្ពផ្សាយដោយពុទ្ធសាសនបណ្ឌិត្យគ្រាទី៥ ជាចាំបាច់ (ផ្តល់ពិន្ទុជាពិសេស)។ ជាពិសេស បេក្ខជនត្រូវបញ្ជាក់អាសយដ្ឋាន លេខទូរសព្ទ និងអីមែលឱ្យបានច្បាស់លាស់ដើម្បីងាយស្រួលគណៈកម្មការរៀបចំធ្វើការទាក់ទង។

ជ័យលាភីមានដូចជា ចំណាត់ថ្នាក់លេខ ១ ដល់លេខ ៣ សម្រាប់រឿងខ្លី និងចំណាត់ថ្នាក់លេខ ១ ដល់លេខ៣ សម្រាប់កំណាព្យរឿងខ្លី ដែលមានរង្វាន់ជាថវិកា វិញ្ញាបនបត្រ និងការបោះពុម្ពស្នាដៃ។គួរបញ្ជាក់ថា ដើម្បីអាចដាក់ពាក្យបាន បេក្ខជនអាចផ្ញើស្នាដៃទៅកាន់តេលេក្រាមដែលមានលេខ ០៦៩ ៤៦៩ ៩៥៦ ដែលនឹងទទួលស្នាដៃចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ម៉ោង ៥ ល្ងាច ជាកំហិត៕

 

Daily Program

Livesteam thumbnail