ក្រសួងទេសចរណ៍ណែនាំឱ្យពង្រឹងគុណភាពអាជីវកម្មសេវាកម្មទេសចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ
ក្រសួងទេសចរណ៍បានណែនាំឱ្យមន្ទីរទេសចរណ៍រាជធានី ខេត្ត ត្រូវធ្វើការពង្រឹងគុណភាពអាជីវកម្មសេវាកម្មទេសចរណ៍ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ខាងមុខនេះ។
យោងតាមសេចក្តីណែនាំរបស់ក្រសួងទេសចរណ៍ នៅថ្ងៃទី២ ខែមេសា បានឱ្យដឹងថា ក្នុងគោលដៅចូលរួមលើកកម្ពស់កិត្យានុភាព និងភាពធន់របស់កម្ពុជា តាមរយៈការប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍សកលឈានមុខ ប្រកបដោយភាពសម្បូរបែប ពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្ដៅ និងដើម្បីអបអរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក្រសួងទេសចរណ៍ សូមណែនាំដល់ មន្ទីរទេសចរណ៍រាជធានី ខេត្ត ត្រូវបន្តចុះណែនាំគ្រប់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍។
ក្រសួងបានបញ្ជាក់ថា ៖ «ត្រូវផ្តល់កិច្ចសហការល្អជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ដើម្បីធានារក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ភាពស្អាត ពិសេសចំពោះសេវាកម្មមួយចំនួនដែលតម្រូវ ឱ្យមានការយកចិត្តទុកដាក់ខ្ពស់អំពីសុវត្ថិភាពដូចជា៖ ការដឹកជញ្ជូនទេសចរ កីឡាទេសចរណ៍ និងសកម្មភាពទេសចរណ៍មានលក្ខណៈផ្សងព្រេងជាដើម»។
ប្រភពដដែលបានបន្តថា ត្រូវរៀបចំចំណតឱ្យបានគ្រប់គ្រាន់ជូនភ្ញៀវទេសចរ ដែលមកទទួលយកសេវាកម្មរបស់ខ្លួន ដោយត្រូវជូនដំណឹងដល់ភ្ញៀវអំពីទីតាំងដែលអាចប្រើប្រាស់ជាចំណតត្រឹមត្រូវ (ដោយមាន បំពាក់ស្លាកសញ្ញាបញ្ជាក់) និងមិនត្រូវបណ្ដែតបណ្ដោយឱ្យមានការចតយានយន្តដោយគ្មាន សណ្តាប់ធ្នាប់ និងបង្កឱ្យប៉ះពាល់ដល់ចរាចរណ៍លើផ្លូវសាធារណៈ។
ផ្នែកខាងក្រៅអាជីវកម្ម ត្រូវមានរៀបចំដាក់តុបតែងភ្លើងលម្អ និងដាក់បង្ហាញទង់ជាតិន ព្រះរាជាណាចក្រកម្ពុជា។ ផ្នែកខាងក្នុងអាជីវកម្ម ត្រូវរៀបចំតាំងព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក កម្ពុជា ព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណា ព្រះបរមរតនកោដ្ឋ និងព្រះបរម ឆាយាល័ក្ខណ៍ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់ ស្របតាមការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ។
មួយវិញទៀត ត្រូវតុបតែងលម្អទាំងផ្នែកខាងក្នុង និងខាងក្រៅអាជីវកម្ម ដោយត្រូវបង្ហាញអំពីវប្បធម៌ខ្មែរ អត្តសញ្ញាណខ្មែរ ឬអត្តសញ្ញាណពិសេសរបស់ខេត្តដោយមិនប្រាសចាកពីទំនៀមទម្លាប់ ប្រពៃណីខ្មែរ ដែលរួមមាន តុបតែងលម្អដោយទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដា ពាក្យស្លោក និងដុតគោម បំភ្លឺភ្លើងពណ៌ ជាអាទិ៍។
ក្រសួងបានបញ្ជាក់ទៀតតថា ៖ «ត្រូវដាក់បង្ហាញផលិតផល ឬសេវាកម្មរបស់ខ្លួនជាសាធារណៈតាមគ្រប់ទម្រង់ និងត្រូវបញ្ជាក់ ពីតម្លៃ និងលក្ខខណ្ឌអនុវត្តផ្សេងៗឱ្យបានច្បាស់លាស់ ដែលចាំបាច់សម្រាប់ជាមូលដ្ឋាន ពិចារណាជ្រើសរើសដោយភ្ញៀវ។ ត្រូវរក្សាតម្លៃនៃអាជីវកម្ម ឬសេវាកម្មឱ្យបានសមរម្យ និងត្រូវរក្សាគុណភាព បរិមាណផលិតផល និងសេវាកម្មទេសចរណ៍ឱ្យកាន់តែល្អថែមទៀត»។
ត្រូវក្រើនរំលឹក និងបណ្តុះបណ្តាលបុគ្គលិកអំពីបដិសណ្ឋារកិច្ច និងជំនាញដែលចាំបាច់ និង ត្រូវរៀបចំឱ្យបុគ្គលិកមានឯកសណ្ឋានត្រឹមត្រូវទៅតាមផ្នែកនីមួយៗ និងគួរជាឯកសណ្ឋាន ដែលបង្ហាញអំពីវប្បធម៌ខ្មែរ ឬលក្ខណៈពិសេសរបស់ខេត្ត ឬតំបន់។
ត្រូវយកចិត្តទុកដាក់ចំពោះបន្ទប់ទឹកសាធារណៈ ដោយត្រូវលាងសម្អាតជាប្រចាំ និងឱ្យបាន ញឹកញាប់ ដែលយ៉ាងហោចណាស់ពុំមានក្លិនមិនល្អ មានការបែងចែករវាងបង្គន់អនាម័យ ប្រុស និងស្រី និងមានដាក់សាប៊ូលាងដៃ (សាប៊ូទឹក)។ ត្រូវសហការណែនាំដល់អ្នកលក់ដូរតាមដងផ្លូវ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ អំពីសុវត្ថិភាព ចំណីអាហារ និងការថែរក្សាអនាម័យ ដោយខិតខំលុបបំបាត់ការបោះសំរាម និងកាកសំណល់ ផ្សេងៗក្រៅធុងសំរាម នៅតាមរមណីយដ្ឋាន ឬគោលដៅទេសចរណ៍។
ត្រូវពង្រឹងគុណភាពសេវាកម្មប្រកបដោយគុណភាព និងបដិសណ្ឋារកិច្ចល្អជូនភ្ញៀវទេសចរ គាំទ្រដល់ការអនុវត្តយុទ្ធនាការ «ទស្សនាសៀមរាប ឆ្នាំ២០២៤» កម្មវិធីផ្សេងៗនៃ«ឆ្នាំនៃការ ផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤» រួមជាមួយ «ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា លើកទី១ ២០២៤»។
ក្រសួងទេសចរណ៍ ក៏បានណែនាំឱ្យអនុវត្តរាល់បទប្បញ្ញត្តិជាធរមាន និងរាល់ការណែនាំរបស់ក្រសួងទេសចរណ៍ និងរដ្ឋបាល ថ្នាក់ក្រោមជាតិ៕