ក្រសួងការងារកម្ពុជា រំលឹកឲ្យពលករខ្មែរនៅថៃ ត្រូវបង្កើនការប្រុងប្រយ័ត្នពីស្ថានភាពខ្យល់ពុល
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថែទី ២៣ ខែមករានេះ បានចេញសេចក្ដីជូនដំណឹងដល់ពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅទីក្រុងបាងកក និងបណ្តាខេត្តមួយចំនួនក្នុងប្រទេសថៃ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាព និងសុវត្ថិភាពរបស់ខ្លួន ដែលបង្កឡើងពីស្ថានភាពគុណភាពខ្យល់។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ក្រសួងសុខាភិបាលថៃ បានប្រកាសអំពីស្ថានភាពគុណភាពខ្យល់បានធ្លាក់ចុះ ជាពិសេសកំហាប់ភាគល្អិតនិចល PM 2.5 មានការកើនឡើងលើសកំណត់ស្តង់ដា ជាហានិយភ័យបង្កផលប៉ះពាល់ចំពោះសុខភាពប្រជាពលរដ្ឋថៃ ដោយសាលារៀននៅក្រោមរដ្ឋបាលក្រុងបាងកក ចំនួន ១០៣កន្លែង បានបិទជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥តទៅ និងបានអំពាវនាវឱ្យប្រជាពលរដ្ឋទូទាំងប្រទេសថៃធ្វើការពីផ្ទះ។
ក្រសួងការងារ បានបញ្ជាក់ថា ក្រសួងបាននិងកំពុងយកចិត្តទុកដាក់តាមដានស្ថានការណ៍វិវត្តន៍ នៃស្ថានភាពគុណភាពខ្យល់នេះ ដោយបានធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ និងទីភ្នាក់ងារជ្រើសរើសឯកជនទាំងអស់ដើម្បីធានាថា ពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងតំបន់មានផលប៉ះពាល់ទទួលបានការយកចិត្តទុកដាក់ និងមានសុវត្ថិភាព។
ជាមួយគ្នានោះ ក្រសួងក៏បានអំពាវនាវដល់ពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅទីក្រុងបាងកក និងបណ្តាខេត្ត ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាពនិងសុវត្ថិភាពរបស់ខ្លួន និងបន្តយកចិត្តទុកដាក់តាមដានស្ថានការណ៍ ព្រមទាំងអនុវត្តតាមការណែនាំរបស់និយោជក ជាពិសេសអាជ្ញាធរថៃ៕