ការិយាល័យសហប្រតិបត្តិការសេដ្ឋកិច្ចហ្វ្រង់កូហ្វូនី ត្រូវបានអនុម័តឱ្យបង្កើតឡើងនៅរាជធានីភ្នំពេញ

កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បានអនុម័តឱ្យបង្កើតការិយាល័យសហប្រតិបត្តិការសេដ្ឋកិច្ចហ្វ្រង់កូហ្វូនី នៅរាជធានីភ្នំពេញ ដែលនេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការពង្រឹងចំណងសេដ្ឋកិច្ច និងការពង្រីកកិច្ចសហប្រតិបត្តិការធុរកិច្ចរវាងកម្ពុជា និងបណ្តាប្រទេសជាសមាជិកនៃសហគមន៍ហ្វ្រង់កូហ្វូនី។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានអនុគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ បានប្រកាសអំពីការអនុម័តនេះ ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១៦ ខែវិច្ឆិកា បន្ទាប់ពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ បានបិទបញ្ចប់ដោយជោគជ័យ។

ឯកឧត្តមបានមានប្រសាសន៍ថា ការសម្រេចចិត្តនេះឆ្លុះបញ្ចាំងពីទំនុកចិត្តកាន់តែខ្លាំងឡើងរបស់សហគមន៍ហ្វ្រង់កូហ្វូនីអន្តរជាតិមកលើប្រទេសកម្ពុជា និងទទួលស្គាល់សក្តានុពលរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាវេទិកាសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការវិនិយោគ និងភាពជាដៃគូធុរកិច្ចក្នុងចំណោមប្រទេសនិយាយភាសាបារាំង។

ឯកឧត្តមបានគូសបញ្ជាក់ថា៖ «ការបង្កើតការិយាល័យសហប្រតិបត្តិការសេដ្ឋកិច្ចហ្វ្រង់កូហ្វូនីនៅកម្ពុជា បង្ហាញពីទំនុកចិត្តមកលើប្រទេសរបស់យើង។ នេះគឺជាមោទនភាពរបស់កម្ពុជា»។

ការបង្កើតការិយាល័យនេះនៅរាជធានីភ្នំពេញ ត្រូវបានរំពឹងថានឹងផ្តល់ជាយន្តការសម្រាប់សម្របសម្រួលការផ្លាស់ប្តូរសេដ្ឋកិច្ច ពង្រឹងការតភ្ជាប់រវាងធុរជន និងវិនិយោគិន ព្រមទាំងស្វែងរកកាលានុវត្តភាពថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគក្នុងចំណោមប្រទេសជាសមាជិកហ្វ្រង់កូហ្វូនី។

គំនិតផ្តួចផ្តើមនេះក៏តំណាងឱ្យលទ្ធផលដ៏សំខាន់មួយនៃភាពជោគជ័យរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលនេះ ដែលពង្រឹងជំហររបស់ព្រះរាជាណាចក្រកម្ពុជាជាដៃគូដ៏សកម្មនៅក្នុងសហគមន៍ហ្វ្រង់កូហ្វូនី និងបង្កើតទស្សនវិស័យថ្មីៗសម្រាប់ការចូលរួមផ្នែកសេដ្ឋកិច្ចអន្តរជាតិ។

កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលប្រារព្ធឡើងក្រោមមូលបទ «ការវិនិយោគឡើងវិញលើសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង» បានប្រមូលផ្តុំថ្នាក់ដឹកនាំ និងតំណាងជាន់ខ្ពស់មកពីរដ្ឋ និងរដ្ឋាភិបាលជាសមាជិកចំនួន ៨១ ក្នុងចំណោម ៩០ នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ដោយផ្តល់ជាវេទិកាដើម្បីជំរុញកិច្ចសន្ទនានយោបាយ ភាពជាដៃគូសេដ្ឋកិច្ច ការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យា និងនវានុវត្តន៍។

 

Daily Program

Livesteam thumbnail
khmer popup image