ការខ្វែងគំនិតគ្នាផ្ទៃក្នុងអ៊ីរ៉ង់ ដែលគំរាមកំហែងការចរចាជាមួយសហរដ្ឋអាម៉េរិក
ទស្សនៈវិស័យនៃសន្តិភាពមានចីរភាពរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ ហាក់ដូចជាខ្មៅងងឹត។ កិច្ចចរចារវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតុន ដំណើរការតាំងពីថ្ងៃអង្គារ ទី៣០ ខែមិថុនា នៅទីក្រុងដូហា នៅប្រទេសកាតា។ ប៉ុន្តែការចរចាទាំងនេះគឺមិនផ្ទាល់ទេ គឺធ្វើជាមួយនឹងអន្តរការីនៃប្រទេសកាតា និងប្រទេសប៉ាគីស្ថាន។ លោកស្តេវ វីតកូហ្វ និងលោកចារ៉េត គូស្ន៊ឺ បេសកកជនពិសេសនៃប្រធានាធិបតីអាម៉េរិក បានទៅជួបជាមួយនាយករដ្ឋមន្រ្តីកាតា ដើម្បីស្ថាបនាមូលដ្ឋាននៃការពិភាក្សាខាងបច្ចេកទេស។
លោកអេស្មាអ៊ីល បាហ្គៃ អ្នកនាំពាក្យ នៃក្រសួងការបរទេសអ៊ីរ៉ង់ បានថ្លែងប្រាប់ថា ៖ “គ្មានការប្រជុំណាមួយទេ មិនថាកម្រិតណាក៏ដោយ ជាមួយភាគីអាម៉េរិកដែលគ្រោងធ្វើនៅប៉ុន្មានថ្ងៃខាងមុខ”។ យោងតាមអ្នកនាំពាក្យរូបនេះ គណៈប្រតិភូអ៊ីរ៉ង់ដែលនឹងទៅកាន់ប្រទេសកាតានៅសប្តាហ៍នេះ គឺសម្រាប់កិច្ចសន្ទនាមិនផ្ទាល់ដែលនិយាយជាសំខាន់អំពីការចូលទៅយកទ្រព្យសម្បត្តិអ៊ីរ៉ង់ដែលត្រូវបានបង្កក់ រួមមាន ទឹកប្រាក់ ៦ពាន់លានដុល្លារនៅទីក្រុងដូហា ក្រោមការកាន់កាប់របស់ប្រទេសកាតា។
សារព័ត៌មាន ឌឹ វ៉លស្ត្រ៊ីត ជួណល់ (WSJ) រាយការណ៍ថា ការចរចានានាថយល្បឿន និងផុយស្រួល គឺមួយផ្នែកធំដោយសារការខ្វែងគំនិតគ្នារវាងតួអង្គកាន់អំណាចផ្សេងៗនៅអ៊ីរ៉ង់ និងការប្រយុទ្ធដណ្តើមអំណាចនៅក្នុងចំណោមពួកគេ។ សារព័ត៌មានប្រចាំថ្ងៃរបស់អាម៉េរិក ដែលបានសាកសួរអ្នកទទួលខុសត្រូវស្និទ្ធនឹងកិច្ចចរចា បានឲ្យដឹងថា ក្រុមនិយមកណ្តាលប្រាថ្នាយ៉ាងខ្លាំងឲ្យមានការដោះលែងទ្រព្យសម្បត្តិចំនួនរាប់ពាន់លានដុល្លារដែលត្រូវបានបង្កក់ និងត្រូវបានកាន់កាប់នៅប្រទេសកាតា នៅខណៈដែលភាគីប្រកាន់តឹងផ្តោតលើប្រធានបទដែលកាន់តែមានសារសំខាន់នៅក្នុងភ្នែករបស់ពួកគេ គឺការគ្រប់គ្រងច្រកសមុទ្រអ័រមូស។
មេដឹកនាស៊ីវិល ដែលដឹកនាំដោយប្រធានាធិបតីលោកម៉ាសូដ ប៉េហ្ស៉េសស្កៀន ព្យាយាមរំដោះមូលនិធិបង្កក់ដើម្បីនាំមកនូវការធូរស្រាលខ្លះសម្រាប់ប្រជាជនដែលប្រយុទ្ធនឹងនឹងផលប៉ះពាល់សេដ្ឋកិច្ចដោយសារសង្រ្គាម ដូចជាអតិផរណាដែលកើនឡើងយ៉ាងឆាប់រហ័សជាដើម។ ប៉ុន្តែនេះមិនមែនជាអាទិភាពដែលមាននៅក្នុងចិត្តទាំងអស់គ្នាទេ។ ក្រុមអង្គភាពកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (CGRI) ប្រាថ្នាជាដាច់ខាតរក្សាការគ្រប់គ្រងទាំងស្រុងនូវច្រកសមុទ្រអ័រមូស ក្នុងគំនិតកសាងប្រព័ន្ធបង់ថ្លៃផ្លូវដើម្បីរកប្រាក់ចំណេញ។ ឆ្មាំបដិវត្តន៍ ដែលគ្រប់គ្រងកងកម្លាំងនាវាល្បាតដែនទឹកអ៊ីរ៉ង់ បានព្រមានអន្តរការីថា ពួកគេនឹងបិទច្រកសមុទ្រអ័រមូសសាជាថ្មី ប្រសិនបើនៅក្នុងអំឡុងកិច្ចសន្ទនានៅទីក្រុងដូហា ពួកគេមិនបានទទួលការធានាថា អ៊ីរ៉ង់នឹងអាចគ្រប់គ្រងជាពិសេសនូវច្រកសមុទ្រនោះ។ នេះគឺជាមធ្យោបាយមួយក្នុងការរក្សាអំណាចលើការចរចា ខណៈពេលដែលការធ្វើដំណើរដោយសេរីក្នុងដែនទឹកទាំងនេះ គឺជាធាតុសំខាន់នៃកិច្ចព្រមព្រៀងសន្តិភាពដំបូង ដែលបានចុះហត្ថលេខា កាលពីដើមខែមិថុនា។
យោងតាមសារព័ត៌មាន ឌឹ វ៉លស្ត្រ៊ីត ជួណល់ដែរ ប្រឈមមុខនឹងភាពមិនចេះអន់របស់មេដឹកនាំអ៊ីរ៉ង់ខ្លះ លោកម៉ាសូដ ប៉េហ្ស៉េសស្កៀន ប្រធានាធិតីអ៊ីរ៉ង់បានប្រញាប់ប្រញាល់ចូលរួមទាក់ទាញអំណាចនៃមេធំៗខាងសាសនានៅទីក្រុងគូអូម ដែលជាមជ្ឈមណ្ឌលសិក្សាសាសនាសំខាន់បំផុតនៃប្រទេស។ លោកបានលើកសរសើរជាពិសេសអំពីអត្ថប្រយោជន៍នៃការរំដោះប្រាក់ចំនួន ៦ពាន់លានដុល្លារ ដែលត្រូវបានបង្កកនៅប្រទេសកាតា នៅចំពោះមុខអាយ៉ាតូឡា ស្ហ៊ូបៃរី ហ្ស៉ង់ចានី ដែលជាអំណាចសាសនាថ្នាក់ខ្ពស់បំផុតមួយរបស់ប្រទេស។ ប្រធានាធិបតីអ៊ីរ៉ង់បានប្រកាសថា កិច្ចព្រមព្រៀងសន្តិភាពទទួលបានការគាំទ្រពីអគ្គមគ្គុទេសកំពូលហើយ គឺលោកម៉ូតាបា ខាមឺនៃ ហើយបានបន្ថែមថា ពេលនេះ មានក្រុមមួយចំនួននៅក្នុង និងក្រៅប្រទេស កំពុងព្យាយាមរំខានដល់ដំណើរការទូតនេះ។