កាតូលិកបង្កើតសម្ព័ន្ធភាពប្រឆាំងនឹងទោសប្រហារជីវិតនៅអាមេរិក

ព្រះសហគមន៍កាតូលិក និងសកម្មជននៃក្រុមអ្នកអភិរក្សនិយមគាំទ្រភាពរស់រានមានជីវិតបានបង្កើតសម្ព័ន្ធភាពដ៏ទូលំទូលាយមួយដើម្បីរួមគ្នាធ្វើយុទ្ធនាការប្រឆាំងនឹងទោសប្រហារជីវិតនៅសហរដ្ឋអាមេរិក។

ទីភ្នាក់ងារព័ត៌មានកាតូលិក បានរាយការណ៍ថា នៅពេលនេះសម្ព័ន្ធភាពនេះបានកើនឡើងដល់ជាង ៥០អង្គការ ហើយកំពុងធ្វើ​យុទ្ធនាការ​ស្វែងរកការបញ្ចប់ទោសប្រហារជីវិតនៅសហរដ្ឋអាមេរិក ចំពេលមានការកើនឡើងនៃការប្រហារជីវិតនៅឆ្នាំ២០២៥។

ក្រុមសម្ព័ន្ធភាពនេះ  បាននិយាយថា ពួកគេសង្ឃឹមថាក្រុមសម្របសម្រួលអាចលុបចោលទោសប្រហារជីវិតនៅក្នុងរដ្ឋដែលរដ្ឋទាំងនោះនៅតែបន្តអនុវត្តទោសប្រហារជីវិត។

មកដល់ពេលនេះទោសប្រហារជីវិតនៅតែបន្តមាននៅក្នុងច្បាប់នៅរដ្ឋប្រមាណជា ២៧  ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយរដ្ឋដែលបានកំពុងអនុវត្តទោសនេះ គឺនៅសល់១៦។

ប្រភពដដែលបានអះអាងថា ក្រុមសកម្មជននេះមានគោលដៅឲ្យសហរដ្ឋអាមេរិកលុបចោលទោសប្រហារជីវិត ពីព្រោះតែវាអាចមានហានិភ័យនៃការប្រហារជីវិតមនុស្សស្លូតត្រង់ កង្វះភាពយុត្តិធម៌នៅក្នុងប្រព័ន្ធ និងគ្រោះថ្នាក់ដែលបង្កឡើងលើមនុស្សគ្រប់គ្នាដែលរងផលប៉ះពាល់ដោយទោសប្រហារជីវិត។

នៅឆ្នាំ ២០២៤ មានមនុស្ស ២៥ នាក់ត្រូវបានប្រហារជីវិតនៅសហរដ្ឋអាមេរិក ប៉ុន្តែ ប៉ុន្មានខែនៃឆ្នាំ ២០២៥ អាមេរិកបានបន្តកំណត់ទោសប្រហារជីវិតចំនួន ៤៤ ករណីរួចហើយ ហើយ៣ករណីទៀតត្រូវបានគ្រោងទុកក្នុងខែនេះ។ ដោយឡែករដ្ឋផ្លរីដាបានប្រហារជីវិតមនុស្សម្នាក់ក្នុងឆ្នាំ ២០២៤ និងបានប្រហារជីវិតមនុស្សចំនួន ១៧ នាក់រួចហើយក្នុងឆ្នាំ ២០២៥ ហើយមនុស្ស២នាក់ទៀតត្រូវបានគ្រោងប្រហារជីវិតក្នុងខែនេះ៕

Daily Program

Livesteam thumbnail