កាឌីណាល់ តាគ្លេ នឹងដឹកនាំអភិបូជានៅបាស៊ីលីកាសន្តី ហាណ្ណា ក្នុងកម្មវិធីបូជនីយេសក៍ឆ្ពោះទៅក្ដីសង្ឃឹមដ៏អស្ចារ្យ
ក្នុងនាមជាផ្នែកមួយនៃកម្មវិធី បូជនីយេសក៍ឆ្ពោះទៅក្ដីសង្ឃឹមដ៏អស្ចារ្យ (The Great Pilgrimage of Hope) ដែលនឹងត្រូវប្រារព្ធធ្វើឡើងនៅរដ្ឋប៉េណាំង ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៧ ដល់ ៣០ ខែវិច្ឆិកា លោក កាឌីណាល់ ល្វីស អង់តូនីញ៉ូ តាគ្លេ (Cardinal Luis Antonio Tagle) ដែលជាអ្នកទទួលបន្ទុក នៃក្រសួងប្រកាសដំណឹងល្អដល់ប្រជាជាតិទាំងឡាយ (Dicastery for Evangelization) រនៃសន្តអាសនៈ នឹងដឹកនាំអភិបូជាពិសេសមួយ ក្នុងក្រុងប៊ូគីត មើតាចាំ (Bukit Mertajam) នៅថ្ងៃទី២៩ ខែវិច្ឆិកា។
អភិបូជា និងការប្រគំតន្ត្រីរបស់ លោកឪពុក រ៉ូប ហ្គេឡេអា (Fr. Rob Galea) មកពីប្រទេសអូស្ត្រាលី ដែលសុទ្ធតែប្រារព្ធឡើងនៅក្នុងបរិវេណបាស៊ីលីកានេះ គឺជាព្រឹត្តិការណ៍ធម្មយាត្រាតែពីរគត់ដែលនឹងបើកទូលាយសម្រាប់សាធារណជន។
អភិបូជាដែលដឹកនាំដោយកាឌីណាល់ តាគ្លេ ដែលជាសំឡេងដ៏មានឥទ្ធិពលបំផុតមួយរបស់ព្រះសហគមន៍កាតូលិកនៅលើពិភពលោក ត្រូវបានគេរំពឹងថានឹងទាក់ទាញបូជនីយេសក៍រាប់សិបនាក់មកពីទូទាំងប្រទេសម៉ាឡេស៊ី និងតំបន់ជិតខាង ខណៈដែលពួកគេមកជួបជុំគ្នាក្នុងការអធិស្ឋាន ការពិចារណា និងក្តីសង្ឃឹម។
បាស៊ីលីកានេះ ស្ថិតនៅប៊ូគីត មើតាចាំ ដែលឥឡូវនេះត្រូវបានទទួលស្គាល់ថាជាអនុបាស៊ីលីកា (Minor Basilica) គឺជាមជ្ឈមណ្ឌលបូជនីយចរដ៏ចំណាស់ និងសំខាន់បំផុតមួយរបស់ប្រទេសម៉ាឡេស៊ី។
ប្រភពដើមរបស់វាមានតាំងពីទសវត្សរ៍ឆ្នាំ១៨៤០ នៅពេលដែលសាសនទូតនាទីក្រុងប៉ារីស ប្រទេសបារាំង (Missions Étrangères de Paris - MEP) បានសាងសង់ព្រះវិហារតូចមួយដើម្បីបម្រើកសិករចំណាកស្រុកដែលរស់នៅក្នុងតំបន់ជើងភ្នំនៃទីក្រុង។ ការគោរពបូជាចំពោះសន្តី ហាណ្ណា (St Anne) ដែលជាមាតារបស់ព្រះនាង ព្រហ្មចារិនីម់ារី បានចាក់ឫសយ៉ាងជ្រៅក្នុងចំណោមគ្រួសារកាតូលិកចិន និងឥណ្ឌា ដែលបានទូលអង្វរសន្តីរូបនេះសម្រាប់ការជាសះស្បើយ ជីវិតគ្រួសារ ការមានកូន ការការពារ និងការអរព្រះគុណក្នុងគ្រាមានវិបត្តិ។
ជារៀងរាល់ឆ្នាំ អ្នកធម្មយាត្រារាប់ពាន់នាក់បានធ្វើដំណើរមកកាន់ប៊ូគីត មើតាចាំ សម្រាប់បុណ្យរំលឹកសន្តីហាណ្ណា នៅថ្ងៃទី២៦ ខែកក្កដា ហើយបានផ្លាស់ប្តូរទីក្រុងដែលតែងតែស្ងប់ស្ងាត់ទៅជាមជ្ឈមណ្ឌលខាងវិញ្ញាណដ៏រស់រវើក។ ក្នុងរយៈពេលប្រាំបួនថ្ងៃនៃការអធិដ្ឋាននព្វទិវា (novenas) ការដង្ហែទៀន ការបំពេញសេវាព្យាបាល និងការដង្ហែរក្បួន បូជនីយេសក៍បានធ្វើដំណើរមកពីទូទាំងប្រទេសម៉ាឡេស៊ី និងតំបន់ជិតខាង រួមទាំងប្រទេសសិង្ហបុរី ថៃ ឥណ្ឌូនេស៊ី និងលើសពីនេះ។
មនុស្សជាច្រើនបានមកដើម្បីបំពេញសន្យា បង្ហាញការដឹងគុណ ឬស្វែងរកកម្លាំងស្នូលនៃនៃការតស៊ូផ្ទាល់ខ្លួន។ បរិវេណអនុបាស៊ីលីកា ព្រះវិហារចាស់ និងវិហារប្រវត្តិសាស្ត្រសតវត្សទី១៩ ពោរពេញទៅដោយភាពចម្រុះវប្បធម៌ដ៏សម្បូរបែបនៃភាសា ប្រពៃណី និងជំនាន់ដែលរួបរួមគ្នាក្នុងការអធិស្ឋាន។
ព្រះវិហារអចិន្ត្រៃយ៍ដំបូងគេនៅទីតាំងនេះត្រូវបានសាងសង់ឡើងក្នុងឆ្នាំ១៨៨៨ បន្ទាប់មកដោយមានព្រះវិហារចាស់ដែលធំជាងសាងសង់បញ្ចប់នៅឆ្នាំ១៩៥៨។ សំណង់អាគារបាស៊ីលីកាបច្ចុប្បន្ន ដែលត្រូវបានសាងសង់ឡើងនៅដើមទសវត្សរ៍ឆ្នាំ២០០០ ត្រូវបានរចនាឡើងដើម្បីផ្ទុកហ្វូងមនុស្សដ៏ច្រើនលើសលប់ដែលចូលរួមក្នុងពិធីបុណ្យប្រចាំឆ្នាំ។ នៅក្នុងឆ្នាំ២០១៩ បុរីវ៉ាទីកង់ប្រសិទ្ធនាមជា ព្រះវិហារសន្តីហាណ្ណា ទៅជាអនុបាស៊ីលីកា (Minor Basilica) ដោយទទួលស្គាល់កេរដំណែលប្រវត្តិសាស្ត្រ ឫសគល់បេសកកម្ម និងសារៈសំខាន់ខាងវិញ្ញាណដ៏យូរអង្វែងរបស់វាសម្រាប់កាតូលិកម៉ាឡេស៊ី។
កម្មវិធីធម្មយាត្រានៃក្តីសង្ឃឹមដ៏អស្ចារ្យនេះ បានកើតឡើងនៅពេលវេលាដ៏សំខាន់សម្រាប់ព្រះវិហារកាតូលិកនៅអាស៊ី។ ការជួបជុំនេះនឹងនាំលោកអភិបាល បូជាចារ្យ គ្រីស្តបរិស័ទ ឧបដ្ឋាកអចិន្ត្រៃយ៍ និងអ្នកដឹកនាំសាសនាដែលជាគ្រហស្ថ មកពីទូទាំងទ្វីបមកកាន់រដ្ឋប៉េណាំង សម្រាប់រយៈពេលបួនថ្ងៃនៃការពិចារណា ការសន្ទនា និងការអបអរសាទរ។
កម្មវិធីនេះរៀបចំដោយ ការិយាល័យប្រកាសដំណឹងល្អនៃសភាលោកអភិបាលអាស៊ី (Office of Evangelization of the Federation of Asian Bishops’ Conferences - FABC-OE)។
ធម្មយាត្រានេះស្វែងរកការស្វែងយល់ពីមាគ៌ាថ្មីៗដើម្បីឆ្ពោះទៅមុខ រក្សាអត្តសញ្ញាណកាតូលិក ខណៈពេលមានភាពចម្រុះវប្បធម៌ និងខាងវិញ្ញាណដ៏សម្បូរបែបរបស់អាស៊ី។ តាមរយៈការសន្ទនាបែបសហការ និងប្រាជ្ញាដែលបានចែករំលែក ឱ្យព្រឹត្តិការណ៍នេះមានគោលបំណងកំណត់ចក្ខុវិស័យឆ្ពោះទៅមុខសម្រាប់ព្រះសហគមន៍នៅអាស៊ី។
អភិបូជារបស់កាឌីណាល់ តាគ្លេ នៅបាស៊ីលីកាសន្តីហាណ្ណា ជាការជួបជុំដ៏សំខាន់ ដោយភ្ជាប់ឫសគល់ដ៏ជ្រៅរបស់ព្រះសហគមន៍នៅម៉ាឡេស៊ី ជាមួយនឹងក្តីសង្ឃឹមដែលកំពុងលេចចេញនៃទ្វីបដែលកំពុងទន្ទឹងរង់ចាំការបន្តដំណើរ និងឯកភាព។
អភិបូជា និងការប្រគំតន្ត្រីនឹងត្រូវផ្សាយផ្ទាល់តាមរយៈបណ្តាញហ្វេសប៊ុក និងយូធូបរបស់វិទ្យុវើរីតាសអាស៊ី (@VeritasAsia) ដោយចាប់ផ្តើមនៅម៉ោង ៥:៣០ នាទីល្ងាច ថ្ងៃទី២៩ ខែវិច្ឆិកា៕