កាឌីណាល់ តាគ្លេ គូសបញ្ជាក់ពីអាហារ វប្បធម៌ និងជំនឿ ជាគន្លឹះសម្រាប់ទិវាយុវជនពិភពលោក ឆ្នាំ ២០២៧

ខណៈដែលព្រះសហគមន៍កាតូលិកនៅកូរ៉េខាងត្បូងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះទិវាយុវជនពិភពលោក ឆ្នាំ ២០២៧ កាឌីណាល់លីវីស អន់តូនីញ៉ូ តាគ្លេ (Luis Antonio Tagle) បានផ្តល់ការពិចារណាលើតួនាទីនៃវប្បធម៌ មុខម្ហូប និងជំនួប​ប្រចាំថ្ងៃ ក្នុងការបង្កើនជំនឿ និងស្វាគមន៍យុវជនពិភពលោក។ មតិរបស់លោកត្រូវបានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅសណ្ឋាគារឌឹឡៃថ៍​ (The Light Hotel) នៅក្រុងប៉េណាំង ក្នុងអំឡុងពេលបូជនីយចរឆ្ពោះទៅក្តីសង្ឃឹមដ៏អស្ចារ្យ។

វគ្គនេះត្រូវបានសម្របសម្រួលដោយលោកដានីញ៉ែល រ៉យ (Daniel Roy) ប្រធានការិយាល័យទំនាក់ទំនងសង្គមនៃភូមិភាគប៉េណាំង។

ឆ្លើយតបនឹងសំណួរអំពីការត្រៀមលក្ខណៈរបស់ព្រះសហគមន៍​កូរ៉េសម្រាប់ការប្រមូលផ្តុំអន្តរជាតិ និងសារៈសំខាន់របស់វានៅក្នុងទ្វីបអាស៊ី កាឌីណាល់ តាគ្លេ បានគូសបញ្ជាក់ទាំងការ​ថែរក្សា​ព្រះសហគមន៍​​របស់ប្រទេសនេះ និងការរួមចំណែកផ្នែកវប្បធម៌របស់​ប្រទេស​នេះ។

សេចក្តីសប្បុរសរបស់កូរ៉េ

កាឌីណាល់ តាគ្លេ បានអរគុណ​ចំពោះព្រះសហគមន៍នៅកូរ៉េ សម្រាប់បេសកកម្ម​​​របស់ពួកគេ​។ លោកបានកត់សម្គាល់ថា បូជាចារ្យ និងបព្វជិតកូរ៉េដែលបម្រើការទូទាំងទ្វីបអាស៊ី តែងតែចាប់ផ្តើមដោយការជួយដល់ជនអន្តោប្រវេសន៍កូរ៉េ ប៉ុន្តែមិនយូរប៉ុន្មានពួកគេបានពង្រីកការយកចិត្តទុកដាក់របស់ពួកគេទៅដល់សហគមន៍ក្នុងស្រុកតាមរយៈការថែទាំសុខភាព ការអប់រំ និងជំនួយសម្រាប់ជនក្រីក្រ។

ប្រទេសកូរ៉េថែមទាំងបានស្វាគមន៍អភិបាលមកពីប្រទេសក្រីក្រ ដើម្បីទទួលការព្យាបាលវេជ្ជសាស្រ្តទៀតផង។ លោកបាននិយាយថា ទង្វើនៃការបម្រើទាំងនេះបង្ហាញពីការប្តេជ្ញាចិត្តដ៏ជ្រាលជ្រៅរបស់កូរ៉េចំពោះជំនឿនៅក្នុងសកម្មភាព និងការត្រៀមខ្លួនដើម្បីស្វាគមន៍ បូជនីយចរ មកពីទូទាំងទ្វីបអាស៊ីដោយសប្បុរស។

វប្បធម៌ មុខម្ហូប និងដំណឹងល្អ

ការពិភាក្សាបានប្តូរទៅផ្នែក​វប្បធម៌ និងសិល្បៈ ហើយ​កាឌីណាល់ តាគ្លេ បានគូសបញ្ជាក់ពីវិធីថ្មីៗក្នុងការចែករំលែកជំនឿ។ ជាពិសេស​ឥទ្ធិពលជាសកលរបស់កូរ៉េ តាមរយៈ K-pop ខ្សែភាពយន្ត និងអាហារ ដែលបង្ហាញពីរបៀបដែលវប្បធម៌នាំរឿងរ៉ាវឆ្លងកាត់ព្រំដែន។

លោកបានមានប្រសាសន៍ថា «តាមរយៈការ​កាច់នំប៉័ង យើងចែករំលែករឿងរ៉ាវរបស់យើង ជំនឿរបស់យើង បេតិកភណ្ឌរបស់យើង»។

លោកបានរំឭកពីពេលថ្មីៗនេះ នៅទីក្រុងរ៉ូមដែលបានបង្ហាញអំពីរឿងនេះ។ លោក​ត្រូវ​បាន​មន្ត្រីប៉ូលិសអ៊ីតាលីម្នាក់អញ្ជើញទៅភោជនីយដ្ឋានចិន លោកបានជួបម្ចាស់ហាង ហើយស្ត្រីនោះបានស្នើឲ្យលោកពន្យល់ពីពិធីជ្រមុជទឹក ដោយសារអតិថិជនជាច្រើនបានប្រារព្ធពិធីជប់លៀងជ្រមុជទឹកនៅទីនោះ។

លោក​តាគ្លេ បានប្រើឱកាសនោះដើម្បីបង្រៀន ដោយបន្ថែមស្នាមញញឹមថា លោកត្រូវ​បានស្នើឲ្យ​ពន្យល់អំពីអគ្គសញ្ញា​ព្រះកាយព្រះគ្រីស្ត​ដំបូង​ផងដែរ។

លោកបានមានប្រសាសន៍ថា «ក្នុងពិធី​កាច់​នំប៉័ង អ្នកទទួលស្គាល់ភ្ញៀវម្នាក់ដែលហាក់ដូចជាកំពុងដើរតួជាម្ចាស់ផ្ទះ។ ហើយ​ពេល​ជាមួយគ្នានោះ ជាឱកាសដែល​អាច​ប្រកាសអំពី​ព្រះគ្រីស្ត​បានហើយ»។

ជំនួប​ប្រចាំថ្ងៃជាឱកាស

កាឌីណាល់ តាគ្លេ បានសង្កត់ធ្ងន់ថា ទិវាយុវជនពិភពលោកត្រូវបានបង្កើតឡើងមិនត្រឹមតែជា​ព្រឹត្តិការណ៍ផ្លូវការប៉ុណ្ណោះទេ ប៉ុន្តែជា​ពេលវេលាតិចតួច​ ដែលអាចទាក់ទងគ្នា បង្ហាញពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់។

លោកបានមានប្រសាសន៍ថា «ជំនឿអាចត្រូវបានចែករំលែកមិនត្រឹមតែតាមរយៈធម្មទេសនាប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈវត្តមាន ការស្តាប់ និងបដិសណ្ឋារកិច្ច»។

នៅពេលដែលមនុស្សបើកទ្វារផ្ទះរបស់ពួកគេ ឬប្រមូលផ្តុំគ្នានៅជុំវិញតុ ពួកគេបង្កើតលំហសម្រាប់កិច្ចសន្ទនា និងការយល់ដឹង ដែលបង្ហាញ​ថាព្រះសហគមន៍​រស់រវើកនៅក្នុងវប្បធម៌។

លោកបានជំរុញឲ្យយុវជន និងមេដឹកនាំដែលកំពុងត្រៀមលក្ខណៈសម្រាប់ឆ្នាំ ២០២៧ មើលឃើញថា រាល់អាហារ ការផ្លាស់ប្តូរវប្បធម៌ និងការជួបផ្ទាល់ខ្លួន គឺជាឱកាសសម្រាប់ការចូលរួម និងធ្វើជាសាក្សី។

គំរូសម្រាប់ទ្វីបអាស៊ី

កាឌីណាល់ តាគ្លេ បានលើកទឹកចិត្តព្រះសហគមន៍​អាស៊ីឲ្យមើលឃើញវប្បធម៌ និងជីវិតប្រចាំថ្ងៃជាមធ្យោបាយធម្មជាតិសម្រាប់ការចែករំលែកជំនឿ។ នៅក្នុងទ្វីបចម្រុះមួយដែលយុវជនស្វែងរកអត្ថន័យ ទង្វើសាមញ្ញនៃសេចក្តីសប្បុរស បដិសណ្ឋារកិច្ច និងការចង់ដឹងចង់ឃើញ អាចក្លាយជាទម្រង់ដ៏មានឥទ្ធិពលនៃការធ្វើជាសាក្សី។

ខណៈបូជនីយចរឆ្ពោះទៅក្តីសង្ឃឹមដ៏អស្ចារ្យ​បញ្ចប់នៅទីក្រុងប៉េណាំង ការកសាងកិច្ចសន្ទនា ភាពជាធ្លុងតែមួយ និងការបំផុសគំនិត ការផ្តោតសំខាន់ឥឡូវនេះប្តូរទៅការចិញ្ចឹមបីបាច់អ្នកដឹកនាំជំនាន់ក្រោយដែលនឹងចូលរួមក្នុងទិវាយុវជនពិភពលោក ឆ្នាំ ២០២៧ នៅទីក្រុងសេអ៊ូល៕

 

Daily Program

Livesteam thumbnail