កាឌីណាល់អាស៊ីគូសបញ្ជាក់ពីក្តីសង្ឃឹម បញ្ហាប្រឈម និងឱកាសនៅមុនទិវាយុវជនពិភពលោក២០២៧

ថ្នាក់ដឹកនាំព្រះសហគមន៍អាស៊ីបានបង្ហាញពីភាពរំភើប ក្តីសង្ឃឹម និងក្តីបារម្ភចំពោះទិវាយុវជនពិភពលោក (WYD) ឆ្នាំ២០២៧ខាងមុខ ដែលនឹងត្រូវរៀបចំឡើងនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ដែលប្រមូលផ្តុំជាលើកដំបូង ជាសកលលោកនេះ ត្រូវបានប្រារព្ធឡើងនៅអាស៊ីបូព៌ា។ ការពិចារណាទាំងនេះត្រូវបានចែករំលែកក្នុងអំឡុងពេលសន្និសីទសារព័ត៌មាននៃ​បូជនីយចរឆ្ពោះទៅក្តីសង្ឃឹមដ៏អស្ចារ្យ នៅទីក្រុងប៉េណាំង ដែលសម្របសម្រួលដោយលោកដានីញ៉ែល រ៉យ (Daniel Roy) ប្រធានការិយាល័យទំនាក់ទំនងសង្គមនៃភូមិភាគប៉េណាំង។

កាឌីណាល់បួនរូបគឺ កាឌីណាល់ ហ្វីលីព នេរី (Philip Neri) កាឌីណាល់​តាស៊ីស្យូ អ៊ីសាវ គីគុឈិ (Tarcisio Isao Kikuchi) កាឌីណាល់ បាប្លូ វើហ្គលីយ៉ូ អាំបូ ដេវីឌ (Pablo Virgilio “Ambo” David) និង កាឌីណាល់សេបាស្ទៀ ហ្វ្រាន់ស៊ីស (Sebastian Francis) បានផ្តល់ទស្សនៈខុសៗគ្នាអំពីរបៀបដែល WYD ឆ្នាំ ២០២៧ អាចបង្កើតទិដ្ឋភាពខាងវិញ្ញាណ និងវប្បធម៌របស់យុវគ្រីស្តបរិស័ទ​ទូទាំងទ្វីបអាស៊ី។

«យុវជនគឺជាបច្ចុប្បន្នព្រះសហគមន៍» – កាឌីណាល់ ហ្វីលីព នេរី

កាឌីណាល់ ហ្វីលីព នេរី ប្រធានសភាលោកអភិបាលអាស៊ី (FABC) បានគូសបញ្ជាក់ពីសារៈសំខាន់នៃ WYD ឆ្នាំ ២០២៧ សម្រាប់ព្រះសហគមន៍នៅអាស៊ី ខណៈដែលយុវគ្រីស្តបរិស័ទ​កំពុងត្រៀមលក្ខណៈនៅទូទាំងតំបន់។

 និមិត្តរូបដ៏សំខាន់នៃការត្រៀមលក្ខណៈនេះ គឺឈើឆ្កាង WYD ដែលឥឡូវនេះកំពុងធ្វើដំណើរពីប្រទេសមួយទៅប្រទេសមួយ ដើម្បីជំរុញការអធិស្ឋាន និងភាពរំភើប។

លោកបានមានប្រសាសន៍ថា «ឈើឆ្កាងនេះកំពុងវិលជុំវិញ ដើម្បីត្រៀមលក្ខណៈយុវជន។ យុវជនមិនត្រឹមតែជាក្តីសង្ឃឹមរបស់ព្រះសហគមន៍ប៉ុណ្ណោះទេ ពួកគេគឺជាបច្ចុប្បន្ន»។

ខណៈពេលដែលកត់សម្គាល់ថា ផែនការក្នុងស្រុកមានភាពខុសប្លែកគ្នា ហើយព័ត៌មានលម្អិតខ្លះនៅតែកំពុងលេចចេញ លោកបាននិយាយថា កម្លាំងជំរុញបានកើតឡើងហើយ​ ហើយសង្ឃឹមថាកម្មវិធី​ថែទាំ​ព្រះសហគមន៍​ និងខាងវិញ្ញាណដែលមានរចនាសម្ព័ន្ធ នឹងអភិវឌ្ឍនៅពេលឆ្នាំ ២០២៧។

«ការប្រមូលផ្តុំសកលលោកដែលចាក់ឫសក្នុងវប្បធម៌អាស៊ី» – កាឌីណាល់​តាស៊ីស្យូ អ៊ីសាវ គីគុឈិ

កាឌីណាល់​តាស៊ីស្យូ អ៊ីសាវ គីគុឈិ មកពីប្រទេសជប៉ុន មើលឃើញថា ការធ្វើជាម្ចាស់ផ្ទះ WYD នៅក្នុងប្រទេសកូរ៉េ ដែលភាគច្រើនមិនមែនជាគ្រីស្តសាសនិក គឺជាឱកាសដ៏កម្រសម្រាប់ការចូលរួមផ្នែកវប្បធម៌។

បន្ទាប់ពីចូលរួមក្នុងពិធីព្រះមហាករុណាទិគុណ​សម្រាប់​យុវជននៅទីក្រុងរ៉ូម លោកបានកោតសរសើរចំពោះភាពច្នៃប្រឌិតរបស់យុវជនអាស៊ីនៅក្នុងតន្ត្រី ការរាំ និងការសម្តែង ដែលបង្ហាញភាព​ទាក់ទាញមិនត្រឹមតែគ្រីស្តបរិស័ទ​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអ្នកជឿដែលមិនមែនជាគ្រីស្តសាសនិកទៀតផង។

លោកមានទំនុកចិត្តថា វប្បធម៌ដ៏រស់រវើករបស់ប្រទេសកូរ៉េនឹងស្វាគមន៍យុវជនមកពីជុំវិញពិភពលោក។ សម្រាប់ប្រទេសដែល គ្រីស្តសាសនិកជាជនជាតិភាគតិច លោកបាននិយាយថា WYD នៅកូរ៉េ គឺជាឱកាសមួយដើម្បីបង្ហាញវត្តមាន សេចក្តីអំណរ និងអត្តសញ្ញាណរបស់ពួកគេ។

ការនិទានរឿងរបស់កូរ៉េ – កាឌីណាល់ បាប្លូ វើហ្គលីយ៉ូ អាំបូ ដេវីឌ

កាឌីណាល់ បាប្លូ វើហ្គលីយ៉ូ អាំបូ ដេវីឌ បានសង្កត់ធ្ងន់លើឥទ្ធិពលនៃការនិទានរឿងជាសកលរបស់ប្រទេសកូរ៉េ ដោយកត់សម្គាល់ថា ខ្សែភាពយន្ត និងរឿងល្ខោនតែងតែបង្ហាញពីតម្លៃនៃដំណឹងល្អដូចជា សេចក្តីស្រឡាញ់ ការលះបង់ សេចក្តីមេត្តាករុណា និងសាមគ្គីភាព ដោយមិនចាំបាច់ផ្សព្វផ្សាយដោយផ្ទាល់។

ក្នុងនាមជាព្រះគម្ពីរវិទូ​ លោកបានភ្ជាប់ភាពច្នៃប្រឌិតនេះទៅនឹងប្រពៃណីនិទានរឿងរបស់គម្ពីរផ្ទាល់ ដោយនិយាយថា យុវជនបច្ចុប្បន្នភ្ជាប់ទំនាក់ទំនងតាមរយៈរឿងរ៉ាវ និងរូបភាព។ ដោយលើកយកគម្រោងនានាដូចជា The Chosen មកបញ្ជាក់ លោកបាននិយាយថា ការនិទានរឿងប្រកបដោយការស្រមើលស្រមៃ ជួយមនុស្សឲ្យមានអារម្មណ៍ជាមួយគ្នាទៅវិញទៅមក ដែលនាំទៅរកជំនឿកាន់តែស៊ីជម្រៅ។

សម្រាប់លោក WYD ឆ្នាំ ២០២៧ គឺជាឱកាសមួយសម្រាប់ទ្វីបអាស៊ីក្នុងការចែករំលែករឿងរ៉ាវផ្ទាល់ខ្លួនរបស់ខ្លួនអំពីព្រះយេស៊ូ — ដែលមានលក្ខណៈមនុស្ស មានមេត្តាករុណា និងនៅជិតប្រជាជន — ជាមួយពិភពលោក។

សាក្សីនៃក្តីសង្ឃឹមនៅកណ្តាលប្រជាសាស្ត្រថយចុះ – កាឌីណាល់សេបាស្ទៀ ហ្វ្រាន់ស៊ីស

កាឌីណាល់សេបាស្ទៀ ហ្វ្រាន់ស៊ីស បានបង្ហាញ​កង្វល់ប្រជាសាស្ត្រ ជាពិសេស​ប្រទេសអាស៊ីបូព៌ាជាច្រើនដែលចូលរួមក្នុង WYD — ដូចជា កូរ៉េខាងត្បូង ជប៉ុន សិង្ហបុរី ហុងកុង និងចិន — កំពុងប្រឈមមុខនឹងអត្រាកំណើតដែលធ្លាក់ចុះយ៉ាងខ្លាំង។

លោកបានមានប្រសាសន៍ថា «ការមានយុវជនរាប់លាននាក់ប្រមូលផ្តុំគ្នានៅប្រទេសកូរ៉េ នឹងក្លាយជាសាក្សីដ៏មានឥទ្ធិពល» ដោយបន្ថែមថា «យើងត្រូវការកុមារ បើមិនដូច្នោះទេ គឺគ្មានអនាគតទេ»។

លោកបានកត់សម្គាល់ថា យុវជន៣០០នាក់មកពីព្រះសហគមន៍ ដែលបានចាត់តាំងមកពី​​ទីក្រុងរ៉ូម កំពុងត្រៀមខ្លួនរួចជាស្រេចដើម្បី​ធ្វើដំណើរ ហើយនឹងមកទស្សនាទីក្រុងប៉េណាំង បន្ទាប់ពីនោះ នឹង​រិះគិត​អំ​ពីទំនាក់ទំនងយុវជនអាស៊ី​នៅបូព៌ានិងអាស៊ី​ខាងលិចដែលកំពុងកើនឡើង។

លោកបាននិយាយថា WYD ឆ្នាំ ២០២៧ នឹងក្លាយជាសញ្ញាដ៏រស់រវើកដែលថា ព្រះសហគមន៍ គឺនៅក្មេង ហើយជាការរំលឹកសម្រាប់ទ្វីបអាស៊ីឲ្យបន្តគាំទ្រយុវជនរបស់ខ្លួន។

ជំនួបសម្រាប់អាស៊ី និងពិភពលោក

នៅពេលបូជនីយចរឆ្ពោះទៅក្តីសង្ឃឹមដ៏អស្ចារ្យ កំពុងធ្វើនៅទីក្រុងប៉េណាំង កាឌីណាល់អាស៊ីចែករំលែកការយល់ដឹងទូទៅមួយគឺថា ទិវាយុវជនពិភពលោក ឆ្នាំ ២០២៧ មិនមែនគ្រាន់តែជាព្រឹត្តិការណ៍ប៉ុណ្ណោះទេ ប៉ុន្តែជា ការជួបជុំ ជាការអបអរសាទរវប្បធម៌ ជាពេលនិទានរឿង និងជាសញ្ញានៃក្តីសង្ឃឹម។

នៅទ្វីបអាស៊ី ដែលមាន​វប្បធម៌ និងសាសនាមានភាពចម្រុះយ៉ាងខ្លាំង សេអ៊ូល ២០២៧ អាចក្លាយជាពេលវេលាដ៏សំខាន់ដែលបង្កើតអនាគតរបស់ព្រះសហគមន៍នៅទូទាំងទ្វីប និងលើសពីនេះ៕

 

Daily Program

Livesteam thumbnail