កម្ពុជា និងអារ៉ាប់រួម បន្តជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ ការតភ្ជាប់ជើងហោះហើរត្រង់ និងការសិក្សាពីការលើកលែងទិដ្ឋាការទៅវិញទៅមក
កម្ពុជា និងសហព័ន្ធអារ៉ាប់រួម (UAE) បានព្រមព្រៀងគ្នា បន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ដោយពិនិត្យឡើងវិញនូវវឌ្ឍនភាពប្រកបដោយនិរន្តរភាពនៃគំនិតផ្តួចផ្តើមទ្វេភាគី ដែលបានចាប់ផ្តើមកាលពីខែឧសភា ឆ្នាំ២០២៥ ព្រមទាំងពង្រឹងការតភ្ជាប់ជើងហោះហើរត្រង់ និងវាយតម្លៃលើសំណើលើកលែងទិដ្ឋាការទេសចរណ៍ទៅវិញទៅមក ដើម្បីបង្កើនចំនួនភ្ញៀវទេសចរឱ្យកាន់តែច្រើនឡើង។
ការព្រមព្រៀងនេះត្រូវបានលើកយកមកពិភាក្សានៅក្នុងជំនួបពិភាក្សាការងាររវាង លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងលោក Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសហព័ន្ធអារ៉ាប់រួមប្រចាំកម្ពុជា នៅទីស្តីការក្រសួងទេសចរណ៍ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃចន្ទកន្លងទៅនេះ។
នៅក្នុងជំនួបនោះ ភាគីទាំងពីរបានផ្លាស់ប្តូរមតិគ្នាយ៉ាងស៊ីជម្រៅលើសន្តានវិធីនានា ដើម្បីជំរុញលំហូរភ្ញៀវទេសចររវាងប្រទេសទាំងពីរ តាមរយៈការលើកកម្ពស់ការតភ្ជាប់ផ្លូវអាកាស និងការសិក្សាលម្អិតលើសំណើរបស់ភាគីអារ៉ាប់រួម ទាក់ទងនឹងការលើកលែងទិដ្ឋាការទេសចរណ៍ទៅវិញទៅមក។
ក្នុងឱកាសនោះដែរ ឯកអគ្គរដ្ឋទូតអារ៉ាប់រួម បានសម្តែងនូវការកោតសរសើរ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្ត្រី ដែលបានទទួលស្វាគមន៍ប្រតិភូ និងផ្តល់ឱកាសក្នុងការពិនិត្យមើលវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគី។ ភាគីទាំងពីរក៏បានយកចិត្តទុកដាក់ជាពិសេសទៅលើកំណើននៃភ្ញៀវទេសចរអន្តរជាតិ និងអ្នកដំណើរដែលហោះហើរជាមួយក្រុមហ៊ុនអាកាសចរណ៍ Etihad Airways រវាងទីក្រុងអាប៊ុយដាប៊ី និងរាជធានីភ្នំពេញ។
លោក ហួត ហាក់ បានសម្តែងនូវការដឹងគុណចំពោះរដ្ឋាភិបាល និងប្រជាជននៃសហព័ន្ធអារ៉ាប់រួម ដែលតែងតែផ្តល់ការគាំទ្រក្នុងការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ឯកឧត្តមបានគូសបញ្ជាក់ជាពិសេសអំពីខ្សែជើងហោះហើរត្រង់ ដែលប្រតិបត្តិការដោយក្រុមហ៊ុន Etihad Airways រវាងទីក្រុងអាប៊ុយដាប៊ី និងរាជធានីភ្នំពេញ តាំងពីចុងឆ្នាំ២០២៥ មក ដែលបានជួយពង្រឹងការតភ្ជាប់របស់កម្ពុជាទៅកាន់ច្រកទ្វារសកលលោក និងផ្តល់ភាពងាយស្រួលដល់អ្នកដំណើរអន្តរជាតិក្នុងការធ្វើដំណើរមកកាន់ព្រះរាជាណាចក្រកម្ពុជាដោយផ្ទាល់។
បន្ថែមពីនេះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើវិធានការបន្ថែម ដើម្បីទាក់ទាញភ្ញៀវទេសចរពីសហព័ន្ធអារ៉ាប់រួម ក៏ដូចជាពីតំបន់មជ្ឈិមបូព៌ាឱ្យបានកាន់តែច្រើន។ ការពិភាក្សាបានផ្តោតធ្ងន់ទៅលើការសិក្សាពីលទ្ធភាពនៃការលើកលែងទិដ្ឋាការទេសចរណ៍ ដែលជាមធ្យោបាយជាក់ស្តែងក្នុងការសម្រួលដល់ការធ្វើដំណើរ និងលើកទឹកចិត្តឱ្យមានការផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍កាន់តែទូលំទូលាយ។
សូមបញ្ជាក់ថា ឆ្នាំ២០២៦ នេះ គឺជាខួបលើកទី៣២ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធអារ៉ាប់រួម ដែលជាគ្រឹះយ៉ាងរឹងមាំក្នុងការបើកទូលាយកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ អាកាសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ។ ក្នុងឆ្នាំ២០២៥ កម្ពុជាបានទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥,៦ លាននាក់ ក្នុងនោះមានភ្ញៀវទេសចរជិត ៣ ៥០០ នាក់ អញ្ជើញមកពីតំបន់មជ្ឈិមបូព៌ា។
ដោយឡែក ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ២០២៦ នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជិត ១,៦ លាននាក់ ដែលក្នុងនោះមានជាង ១ ២០០ នាក់ មកពីតំបន់មជ្ឈិមបូព៌ា។ តួលេខទាំងនេះបានសហការសញ្ជាក់ឱ្យឃើញពីសក្តានុពលដ៏សំខាន់នៃទីផ្សារទេសចរណ៍មជ្ឈិមបូព៌ា ទោះបីជាមានការរំខានដោយសារជម្លោះក្នុងតំបន់នាពេលថ្មីៗនេះក៏ដោយ៕