កម្ពុជា ដាក់ឱ្យប្រើប្រាស់ក្រដាសប្រាក់ថ្មី ប្រភេទ ២០០ ០០០ រៀល

រាជរដ្ឋភិបាលកម្ពុជា ​បានចេញអនុក្រឹត្យអនុញ្ញាតឱ្យចេញផ្សាយ ធ្វើចរាចរ និងប្រើប្រាស់ក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជានូវធនប័ត្រអនុស្សាវរីយ៍ ប្រភេទ ២០០ ០០០ រៀល (២សែនរៀល)​ ទន្ទឹមនឹងបណ្តាប្រភេទប្រាក់ដែលត្រូវបានចេញផ្សាយរួចហើយ។​

នេះបើយោងតាមអនុក្រឹត្យដែលចុះហត្ថលេខាដោយ​សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នាថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២៤នេះ​។​

អនុក្រឹត្យបានបន្តថា រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធាន គ្រប់ស្ថាប័នដែលពាក់ព័ន្ធ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា និងអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។​

លោកស្រី ជា សិរី ទេសាភិបាលនៃ​ធនាគារជាតិនៃកម្ពុជា បានថ្លែងថា ការ​ដាក់ចេញនូវធនបត្រប្រភេទ២សែនរៀលនាពេលនេះ ​មិនមានការប៉ះពាល់អ្វីទៅដល់​ចំនួន​រូបីយវត្ថុ​ដែលមាននៅក្នុង​​ចរាចរណ៍នៃសេដ្ឋកិច្ច​របស់កម្ពុជាទេ។

លោកស្រីបានបញ្ជាក់ថា ៖ «មានការព្រួយបារម្ភ​នៅពេលដែលធនាគារជាតិ​ដាក់ចេញនូវប្រភេទធនបត្រថ្មីថា ធនាគារជាតិនៃកម្ពុជា ឬក៏រាជរដ្ឋាភិបាល​កម្ពុជាខ្វះលុយ​ ទើបបានជាត្រូវ​​បោះពុម្ព​​លុយ​ដាក់ឱ្យប្រើប្រាស់បន្ថែម។ ខ្ញុំសូមជំរាបថាការដាក់ចេញនូវ​មូលធនបត្រប្រភេទថ្មីនេះដើម្បីគ្រាន់តែជំនួសក្រដាសប្រាក់ចាស់​ ទក់ រហែកដែលយើងបាន​ដកចេញពីចរាចរណ៍​»។

លោកស្រីបន្ថែមថា ដូច្នេះ ដើម្បីអបអរសាទរខួប២០ឆ្នាំនៃការគ្រងរាជសម្បត្តិ​ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ​នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា, រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា បានសម្រេច​ដាក់ចេញនូវក្រដាស​ប្រាក់ប្រភេទ២សែនរៀល​ចំនួន២០លានសន្លឹក​។

«ចឹង ខ្ញុំសង្ឃឹមថានឹងមិនមាន​ការយល់ច្រឡំ ឬការបកស្រាយខុសពីការដាក់ចេញនូវ​មូលធនបត្រប្រភេទថ្មីនេះទេ។ ដូចនេះហើយ ខ្ញុំសូមឱ្យ​សាធារណជនស្រលាញ់ និង​គាំទ្រ​ប្រាក់រៀល ក៏ដូច​ជាប្រើប្រាស់ប្រាក់រៀល ​និង​រក្សាគុណតម្លៃ​ក្រដាសប្រាក់រៀល​ឱ្យបាន​កាន់តែខ្លាំង​ថែមទៀត»។​ លោកស្រី ជា សិរី បានបញ្ជាក់បន្ថែម។

លក្ខណៈសម្គាល់នធនប័ត្រអនុស្សាវរីយ៍ ប្រភេទ ២០០០០០ រៀល ​នេះ មានដូចខាងក្រោម៖

ក- លក្ខណៈទូទៅ ៖

- ទំហំធនប័ត្រ : បណ្ដោយ ១៧០ មម ទទឹង ៧៦ មម - ពណ៌ចម្បងគឺពណ៍ត្នោត ពណ៍ទឹកក្រូច និងពណ៌ផ្កាឈូក

ខ- ផ្ទៃខាងមុខ ៖

- ផ្ទៃកណ្តាល ត្រូវបានរំលេចឡើងនូវព្រះឆាយាល័ក្ខណ៍ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយព្រះវររាជមាតា ដែលផ្ទៃខាងក្រោយត្រូវបានតែងលំអដោយក្បាច់ចម្លាក់ជាប្រពៃណី ព្រមជាមួយអក្សរ «ពីរសែនរៀល» នៅខាងក្រោម។ ខាងឆ្វេងមានលេខ «២០០០០០» នៅពីលើ ព្រមទាំងហត្ថលេខារបស់ អគ្គទេសាភិបាលកិត្តិយស អគ្គទេសាភិបាល និងអគ្គបេឡា ខិតមកក្រោមមានរូបចម្លាក់នាគមួយគូនៅប្រាសាទបន្ទាយសំរ៉ែក្នុងខេត្តសៀមរាប។

- ផ្នែកខាងស្តាំ ខាងលើមានអក្សរ «ធនាគារជាតិនៃកម្ពុជា» ខិតមកក្រោមមានលេខមាលា បោះពុម្ពដោយទឹកខៅ្មពណ៌ក្រហម និងនៅពីក្រោមនោះមានលេខ «២០០០០០» និង «200000» និងមានអក្សរ «អ្នកក្លែងក្រដាសប្រាក់នឹងត្រូវផ្តន្ទាទោសតាមច្បាប់» នៅគែមខាងក្រោម ។ នៅគែមខាងស្តាំនៃក្រដាសប្រាក់ មានរូបភាពអង្គដៅចំណាំបោះពុម្ពតាមបន្ទាត់បញ្ឈរដែលឆ្លុះ ឃើញមានលេខ « 200000»។

- ផ្នែកខាងឆ្វេង ខាងលើមានរូបព្រះសង្ហារនៃព្រះរាជាណាចក្រកម្ពុជានិងមានលេខ «200000»ព្រាលៗបោះពុម្ពតាមបន្ទាត់បញ្ឈរ ព្រមជាមួយបន្ទះហូឡូក្រាមទំហំ ១០ មម កាត់ ទទឹងផ្ទៃក្រដាសប្រាក់ពីលើដល់ក្រោមនៅជ្រុងខាងក្រោមមានគំនូសបន្ទាត់សម្រាប់ផ្ទៀងផ្ទាត់ និងនិមិត្តសញ្ញាពិសេសសម្គាល់ប្រភេទប្រាក់សម្រាប់ជនពិការភ្នែក។​

គ- ផ្ទៃខាងខ្នង ៖

ផ្នែកកណ្តាល ត្រូវបានរំលេចឡើងនូវ ព្រះឆាយាល័ក្ខណ៍ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់គ្រឿង ព្រះមហាក្សត្រ និងមានអក្សរ «ពីរសែនរៀល» នៅពីក្រោម និងអក្សរ «Congratulations on the 20th Anniversary of the Coronation of His Majesty Preah Bat Samdech Preah Boromneath NORODOM SIHAMONI (29 October 2004-29 October 2024)» នៅគែមក្រដាសប្រាក់។

ផ្នែកខាងស្តាំ ត្រូវបានរំលេចឡើងនូវរូបភាពប្រាសាទបាយ័នក្នុងខេត្តសៀមរាប និង មានលេខ « ២០០០០០ » នៅផ្នែកខាងក្រោម ព្រមជាមួយខ្សែសុវត្ថិភាព ទំហំ ៣ មម នៅ ផ្នែកខាងឆ្វេង។ នៅជ្រុងលើខាងស្តាំមានលេខ «200000» ដែលត្រូវបានបោះពុម្ពតាមបន្ទាត់ បញ្ឈរ។

- ផ្នែកខាងឆ្វេង ខាងលើមានអក្សរ «ធនាគារជាតិនៃកម្ពុជា» និងអក្សរ «NATIONAL BANK OF CAMBODIA» ខិតមកក្រោមមានចារឹកអក្សរ «អបអរសាទរខួប ២០ឆ្នាំ នៃការគ្រង រាជសម្បត្តិ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី (២៩ តុលា ២០០៤ - ២៩ តុលា ២០២៤ ) ព្រមទាំងលេខ «2024» នៅពីក្រោមនោះ។ នៅគែមខាងឆ្វេងនៃក្រដាស ប្រាក់មានរូបភាពអង្គដៅចំណាំ បោះពុម្ពតាមបន្ទាត់បញ្ឈរ ដែលឆ្លុះឃើញលេខ «200000»។ ចាប់ពីថ្ងៃចេញប្រកាសនេះតទៅ ធនប័ត្រអនុស្សាវរីយ៍ប្រភេទ ២០០០០០ រៀល ត្រូវបានដាក់ឲ្យចរាចរទន្ទឹមគ្នាជាមួយនឹងធនប័ត្រជា​តិ​ប្រភេទផ្សេងៗទៀត ដែលត្រូវបានចេញផ្សាយកន្លងមក៕

Daily Program

Livesteam thumbnail