កម្ពុជាបើកការប្រកួតប្រជែងសរសេរកម្មវិធីរ៉ូបូត Kibo លើកទី៧ សម្រាប់សិស្ស-និស្សិត

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បានប្រកាសបើកការប្រកួតប្រជែងសរសេរកម្មវិធីរ៉ូបូត Kibo (Kibo Robot Programming Challenge - Kibo-RPC) លើកទី៧ ដោយអញ្ជើញសិស្សវិទ្យាល័យ និងនិស្សិតសាកលវិទ្យាល័យកម្ពុជា ឱ្យចូលរួមក្នុងការប្រកួតប្រជែងសរសេរកូដ ក្នុងគោលបំណងលើកកម្ពស់ការអប់រំ STEM និងវិទ្យាសាស្ត្រអវកាស។

ការប្រកួតប្រជែងនេះត្រូវបានបង្កើតឡើងដើម្បីពង្រឹងចំណេះដឹង និងជំនាញរបស់អ្នកចូលរួមក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យាឌីជីថល វិស្វកម្ម រូបវិទ្យា និងគណិតវិទ្យា ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យរុករកអវកាស។

អ្នកចូលរួមនឹងមានឱកាសអភិវឌ្ឍន៍ និងសាកល្បងដំណោះស្រាយសរសេរកូដ ដោយប្រើកម្មវិធីក្លែងធ្វើ (simulator) ដើម្បីបញ្ជារ៉ូបូតនៅលើស្ថានីយអវកាសអន្តរជាតិ (ISS)។ កម្មវិធីនេះមានគោលបំណងពង្រឹងការដោះស្រាយបញ្ហា ការគិតបែបវិភាគ ការធ្វើការងារជាក្រុម និងជំនាញសរសេរកម្មវិធី ព្រមទាំងណែនាំសិស្សឱ្យស្គាល់ពីបច្ចេកវិទ្យាពាក់ព័ន្ធនឹងអវកាស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ការប្រកួតប្រជែងនេះចែកចេញជាពីរផ្នែក៖ កម្រិតដំបូង (Beginner Level) សម្រាប់សិស្សវិទ្យាល័យដែលមានអាយុក្រោម ១៦ឆ្នាំ និងកម្រិតមធ្យម (Intermediate Level) សម្រាប់សិស្សវិទ្យាល័យ ឬនិស្សិតសាកលវិទ្យាល័យដែលមានចំណេះដឹងផ្នែកសរសេរកម្មវិធី ដោយមិនកំណត់អាយុឡើយ។

បេក្ខជនត្រូវតែជាជនជាតិខ្មែរ និងចុះឈ្មោះជាក្រុមដែលមានសមាជិកពី ៣ ទៅ ៦នាក់។ សិស្ស-និស្សិតនារី ត្រូវបានលើកទឹកចិត្តឱ្យចូលរួម។ ក្រុមនីមួយៗត្រូវបានរំពឹងថានឹងមានចំណេះដឹងមូលដ្ឋានអំពីភាសា Python ឬ C++ ចូលរួមវគ្គបណ្តុះបណ្តាល ឬការតម្រង់ទិស និងគោរពតាមវិធាននៃការប្រកួត។

អ្នកចូលរួមនឹងទទួលបានការបណ្តុះបណ្តាលបច្ចេកទេស និងការជ្រោមជ្រែងពីអ្នកជំនាញ ទទួលបានបទពិសោធន៍ផ្ទាល់ក្នុងការសរសេរកម្មវិធីរ៉ូបូត និងវិទ្យាសាស្ត្រអវកាស និងបង្កើតបណ្តាញទំនាក់ទំនងជាមួយសិស្ស-និស្សិត និងអ្នកជំនាញមកពីបណ្តាប្រទេសផ្សេងៗ។

ក្រុមដែលឈ្នះនឹងទទួលបានវិញ្ញាបនបត្រ និងប្រាក់រង្វាន់។ សម្រាប់កម្រិតដំបូង ក្រុមជ័យលាភីលេខ១ លេខ២ និងលេខ៣ នឹងទទួលបានថវិកា ៦លានរៀល (៤,០០០រៀល ស្មើនឹង ១ដុល្លារអាមេរិក), ៣លានរៀល និង ១.៤លានរៀល រៀងគ្នា។

សម្រាប់កម្រិតមធ្យម ក្រុមម្ចាស់ជើងឯកនឹងទទួលបានថវិកា ៨លានរៀល និងទទួលបានឱកាសតំណាងឱ្យកម្ពុជានៅវគ្គផ្តាច់ព្រ័ត្រប្រចាំតំបន់នៅប្រទេសជប៉ុន។ ក្រុមជ័យលាភីលេខ២ និងលេខ៣ នឹងទទួលបានថវិកា ៤លានរៀល និង ២លានរៀល រៀងគ្នា។ ប្រាក់រង្វាន់លើកទឹកចិត្តបន្ថែមចំនួន ១២លានរៀល នឹងត្រូវផ្តល់ជូន ប្រសិនបើតំណាងកម្ពុជាទទួលបានចំណាត់ថ្នាក់ក្នុងចំណោមក្រុមថំពូលទាំង៥ (Top Five) នៅក្នុងការប្រកួតប្រជែងថ្នាក់តំបន់។

សិស្ស-និស្សិតដែលមានបំណងស្វែងយល់បន្ថែមអំពីកម្មវិធីនេះ អាចចុះឈ្មោះចូលរួមសិក្ខាសាលាព័ត៌មាន ដែលនឹងប្រព្រឹត្តទៅនៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ដោយការចុះឈ្មោះបើករហូតដល់ថ្ងៃទី៧ ខែសីហា។

ពាក្យសុំចូលរួមប្រកួតប្រជែងត្រូវបើកទទួលចាប់ពីពេលនេះតទៅ រហូតដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦។ ក្រុមនីមួយៗត្រូវដាក់ជូនកូដដែលបានចងក្រងក្នុងស្រុកតាមរយៈកម្មវិធី simulator ត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៧។ ការប្រកួតប្រជែងថ្នាក់ជាតិត្រូវបានគ្រោងធ្វើឡើងនៅខែកុម្ភៈ ឆ្នាំ២០២៧ ខណៈដែលវគ្គផ្តាច់ព្រ័ត្រថ្នាក់តំបន់នឹងប្រព្រឹត្តទៅនៅប្រទេសជប៉ុន នាខែមិថុនា ឆ្នាំ២០២៧។

 

Daily Program

Livesteam thumbnail