កម្ពុជាបដិសេធការអះអាងដែលថា ដំណើរការ UNCLOS បានធ្វើឱ្យស្ទះដល់កិច្ចពិភាក្សាព្រំដែនគោកជាមួយថៃ
ប្រទេសកម្ពុជាបានបដិសេធការអះអាងរបស់ប្រទេសថៃ ដែលថាការសម្រេចចិត្តរបស់កម្ពុជាក្នុងការស្វែងរកការសម្រុះសម្រួលជាកំហិត (compulsory conciliation) ក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) បានធ្វើឱ្យរាំងស្ទះដល់ការចរចាលើព្រំដែនគោកកម្ពុជា-ថៃ ដោយបានបញ្ជាក់យ៉ាងច្បាស់ថា បញ្ហាព្រំដែនសមុទ្រ និងព្រំដែនគោក ត្រូវគ្រប់គ្រងដោយក្របខ័ណ្ឌច្បាប់ និងយន្តការទ្វេភាគីផ្សេងគ្នា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឆ្លើយតបទៅនឹងប្រសាសន៍នាពេលថ្មីៗនេះរបស់លោក សិហស័ក្តិ ភួងកេតកែវ (Sihasak Phuangketkeow) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ ដែលបានអះអាងថា ការពឹងផ្អែកលើ UNCLOS របស់កម្ពុជា បាន «បិទទ្វារ» ចរចាព្រំដែនគោក។
អ្នកនាំពាក្យរូបនេះបានពិពណ៌នាការអះអាងនោះថា «មិនពិតទាល់តែសោះ» ដោយបានពន្យល់ថា នីតិវិធី UNCLOS របស់កម្ពុជា ពាក់ព័ន្ធតែលើព្រំដែនសមុទ្រប៉ុណ្ណោះ ហើយគ្មានការប៉ះពាល់ដល់ការខណ្ឌសីមាព្រំដែនគោកនោះទេ។
សេចក្តីថ្លែងការណ៍បានគូសបញ្ជាក់ថា៖ «UNCLOS ខ្លួនឯង គឺជាមធ្យោបាយដោយសន្តិវិធី និងជាការព្រមព្រៀងគ្នា សម្រាប់ការដោះស្រាយវិវាទសមុទ្រ» ដោយបានបន្ថែមថា ការប្រើប្រាស់អនុសញ្ញានេះ គប្បីផ្តល់ទំនុកចិត្ត ជាជាងការព្រួយបារម្ភ ដល់ប្រទេសជិតខាងដែលប្តេជ្ញាចិត្តលើគោលការណ៍ច្បាប់អន្តរជាតិ។
ក្រសួងបានសង្កត់ធ្ងន់ថា ដំណើរការ UNCLOS មិនអាចយកមកធ្វើជាមូលដ្ឋានស្ដាប់បាន ដើម្បីផ្អាកការខណ្ឌសីមាព្រំដែនគោក តាមរយៈគណៈកម្មការព្រំដែនរួម (JBC) ដែលត្រូវបានព្រមព្រៀងគ្នាក្រោមអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០០ និងបានបញ្ជាក់ឡើងវិញនៅក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នោះឡើយ។
សេចក្តីថ្លែងការណ៍ក៏បានកត់សម្គាល់ផងដែរថា កាលពីមុន ប្រទេសថៃខ្លួនឯងធ្លាប់បានបង្ហាញបំណងក្នុងការពឹងផ្អែកលើ UNCLOS ដើម្បីដោះស្រាយបញ្ហាសមុទ្រ ខណៈពេលដែលថៃខ្លួនឯងទៅវិញទេ ដែលបានដកខ្លួនជាឯកតោភាគីចេញពីក្របខ័ណ្ឌទ្វេភាគីដែលបានព្រមព្រៀងគ្នាសម្រាប់ការចរចាសមុទ្រ ទោះបីជាមានការស្នើសុំពីកម្ពុជាកុំឱ្យធ្វើបែបនោះក៏ដោយ។
កម្ពុជាបានអំពាវនាវឱ្យប្រទេសថៃ បញ្ឈប់ការបង្កើតលេសដើម្បីពន្យារពេលដំណើរការខណ្ឌសីមាព្រំដែនគោក ហើយត្រឡប់មកអនុវត្តដោយស្មោះស្ម័គ្រនូវការប្តេជ្ញាចិត្តដែលបានព្រមព្រៀងគ្នារួចហើយ ក្រោម MOU ឆ្នាំ២០០០ និងកិច្ចព្រមព្រៀងបទឈប់បាញ់ឆ្នាំ២០២៥។
ក្រសួងបានថ្លែងថា៖ «គ្មានហេតុផលណាមួយឡើយ មិនថាតាមផ្លូវច្បាប់ ឬផ្លូវប្រតិបត្តិ ដែលត្រូវពន្យារពេលបន្ថែមទៀតលើបេសកកម្មខណ្ឌសីមាព្រំដែនគោកដោយ JBC ស្របពេលជាមួយនឹងដំណើរការសមុទ្រក្រោម UNCLOS នោះ»។
អ្នកនាំពាក្យរូបនេះក៏បានបន្ថែមថា ជំហររបស់កម្ពុជាទទួលបានការគាំទ្រពីអន្តរជាតិ ដោយបានលើកឡើងពីសេចក្តីសម្រេចចិត្តដែលអនុម័តដោយមហាសន្និបាតសភានៃប្រជាជាតិប្រើប្រាស់ភាសាបារាំង (APF) កាលពីថ្ងៃទី១១ ខែកក្កដា ដែលបានបញ្ជាក់ឡើងវិញនូវការគាំទ្រចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា អំពាវនាវឱ្យមានការបន្ថយភាពតានតឹង និងគាំទ្រដល់ការបន្តការងារខណ្ឌសីមារបស់ JBC។
សេចក្តីថ្លែងការណ៍បានហៅបន្ថែមឱ្យប្រទេសថៃ គោរពសាលក្រមឆ្នាំ១៩៦២ និងឆ្នាំ២០១៣ របស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ពាក់ព័ន្ធនឹងប្រាសាទព្រះវិហារ ក៏ដូចជាការកំណត់ព្រំដែនគោកស្របតាមសន្ធិសញ្ញាឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ដូចដែលបានបញ្ជាក់ឡើងវិញនៅក្នុង MOU ឆ្នាំ២០០០។
ក្រសួងបានសន្និដ្ឋានថា ការពន្យារពេលដំណើរការខណ្ឌសីមាដោយគ្មានកំណត់ ក្នុងគោលបំណងធ្វើឱ្យការកាន់កាប់ដោយខុសច្បាប់លើទឹកដីកម្ពុជាក្លាយជាអចិន្ត្រៃយ៍ និងជាការកាត់យកទឹកដីនោះ នឹងក្លាយជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើធម្មនុញ្ញសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។