កម្ពុជាបញ្ជូនសារពីរាជធានីភ្នំពេញទៅកាន់ពិភពលោក៖ សន្តិភាព ការគោរពច្បាប់អន្តរជាតិ និងកិច្ចសន្ទនា គឺជាគ្រឹះនៃវិបុលភាពរួម
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា តាមរយៈភាពជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ប្រកបដោយជោគជ័យ កម្ពុជាបានបញ្ជូនសារដ៏ច្បាស់លាស់ និងមានអត្ថន័យជាសកលពីរាជធានីភ្នំពេញ ទៅកាន់ពិភពលោកថា «សន្តិភាព ការគោរពច្បាប់អន្តរជាតិ និងកិច្ចសន្ទនា គឺជាគ្រឹះនៃវិបុលភាពរួម និងស្ថិរភាពយូរអង្វែង» ។
ថ្លែងបូកសរុបលទ្ធផលក្រោយបិទបញ្ចប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នាល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា ក្នុងនាមជាប្រទេសដែលធ្លាប់ឆ្លងកាត់សង្គ្រាម និងការបែកបាក់ កម្ពុជាបានយល់ច្បាស់ណាស់ថា សន្តិភាពមិនមែនគ្រាន់តែជាពាក្យស្លោកនោះទេ ប៉ុន្តែគឺជាមូលដ្ឋានគ្រឹះនៃជីវិត សេចក្តីថ្លៃថ្នូរ និងការអភិវឌ្ឍ។ ហេតុដូច្នេះហើយ ទើបប្រធានបទនៃកិច្ចប្រជុំកំពូលលើកទី២០ គឺ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង» មានអត្ថន័យយ៉ាងជ្រាលជ្រៅសម្រាប់កម្ពុជា និងសហគមន៍ហ្វ្រង់កូហ្វូនីទាំងមូល។
លោកបានបន្តថា កម្ពុជាមិនត្រឹមតែជាទីតាំងសម្រាប់រៀបចំកិច្ចប្រជុំ និងទទួលបដិសណ្ឋារកិច្ចថ្នាក់ដឹកនាំអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជាគឺជាដៃគូដ៏សកម្មដែលបាននាំយកបទពិសោធន៍នៃសន្តិភាពរបស់ខ្លួនទៅចែករំលែកជាមួយសហគមន៍អន្តរជាតិ ព្រមទាំងបានចូលរួមផ្តល់គំនិត និងជំរុញដំណោះស្រាយលើបញ្ហាសន្តិភាព ការគោរពច្បាប់អន្តរជាតិ និងការការពារបេតិកភណ្ឌវប្បធម៌ នៅលើវេទិកាពិភពលោក។ ជាក់ស្តែង ជំហរ និងកិច្ចខិតខំប្រឹងប្រែងទាំងនេះ ត្រូវបានឆ្លុះបញ្ចាំងយ៉ាងច្បាស់តាមរយៈការអនុម័តឯកសារលទ្ធផលសំខាន់ៗចំនួន ៣ នៃកិច្ចប្រជុំកំពូល រួមមាន សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ សេចក្តីសម្រេចស្តីពីស្ថានភាពវិបត្តិ និងសេចក្តីអំពាវនាវទីក្រុងភ្នំពេញស្តីពីការការពារបេតិកភណ្ឌវប្បធម៌។
ជាចុងក្រោយ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសង្កត់ធ្ងន់ថា តម្លៃពិតប្រាកដនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ គឺស្ថិតនៅលើសមត្ថភាពក្នុងការប្រែក្លាយការប្តេជ្ញាចិត្តទៅជាសកម្មភាព កិច្ចព្រមព្រៀងទៅជាការអនុវត្ត និងឱកាសអន្តរជាតិទៅជាផលប្រយោជន៍ជាក់ស្តែង ដើម្បីកសាងកេរដំណែលសម្រាប់ប្រជាជនកម្ពុជា និងមនុស្សជំនាន់ក្រោយ៕
