កម្ពុជានឹងបើកឱ្យដំណើរការសេវាទូរសព្ទចល័តជំនាន់ទី៥ (5G) ជាផ្លូវការចាប់ពីឆ្នាំ២០២៦
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសជាផ្លូវការថា កម្ពុជានឹងចាប់ផ្តើមដំណើរការសេវាទូរសព្ទចល័តជំនាន់ទី៥ ឬ 5G នៅទូទាំងប្រទេស ចាប់ពីឆ្នាំ២០២៦ តទៅ ដែលជាជំហានសំខាន់មួយក្នុងការអភិវឌ្ឍឌីជីថលរបស់ប្រទេស។
ការប្រកាសនេះធ្វើឡើង បន្ទាប់ពីពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយប្រទេសជាមិត្ត និងជាដៃគូអភិវឌ្ឍន៍។ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ ប្រារព្ធឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី។
តាមការបញ្ជាក់របស់ក្រសួង សេវា 5G នឹងនាំមកសមត្ថភាព និងអត្ថប្រយោជន៍សំខាន់ៗជាច្រើនរួមមាន៖ - ល្បឿនទិន្នន័យលឿនបំផុត — លឿនជាងសេវា 4G ដល់ទៅ ១០ ដង អនុញ្ញាតឱ្យទាញឯកសារ ទស្សនាវីដេអូ និងប្រើសេវាឌីជីថលបានរលូនជាងមុន។ - រយៈពេលនៃការឆ្លើយតប (Latency) ទាបខ្លាំង — បណ្តាញឆ្លើយតបជាក់ស្តែងសមស្របសម្រាប់សេវាជាច្រើន ដូចជា ការសង្គ្រោះបន្ទាន់ និងការគ្រប់គ្រងចរាចរណ៍ឆ្លាតវៃ ជាដើម។ - ការប្រើប្រាស់ឧបករណ៍បានច្រើនជាងមុន — សេវា 5G អាចតភ្ជាប់ឧបករណ៍រាប់លានក្នុងមួយគីឡូម៉ែត្រការ៉េ ជាជំហានដ៏សំខាន់សម្រាប់ទីក្រុងឆ្លាតវៃ កសិកម្មឌីជីថល និងរោងចក្រឆ្លាតវៃ ជាដើម។ - ការជំរុញឧស្សាហកម្មនិងស្នូលអេកូឡូស៊ីឌីជីថល — សេវា 5G នឹងជួយបង្កើនប្រសិទ្ធភាពវិស័យផលិត ដឹកជញ្ជូន Fintech e-Commerce និង Startup នវានុវត្តន៍។ - ការលើកកម្ពស់សេវាសាធារណៈ — e-Health, e-Education, e-Government និងសេវាឌីជីថលរដ្ឋទាំងមូល នឹងកាន់តែមានប្រសិទ្ធភាព និងលឿនជាងមុន។ - ការពង្រឹងភាពរឹងមាំសេដ្ឋកិច្ចជាតិ — សេវា 5G នឹងទាក់ទាញវិនិយោគ កសាងឱកាសការងារ និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា នៅក្នុងតំបន់ និងអន្តរជាតិ។ ក្រសួងបានបន្ថែមថា សេវា 5G មិនមែនសាមញ្ញត្រឹមតែ “អ៊ីនធឺណិតល្បឿនលឿន” ប៉ុណ្ណោះទេ ប៉ុន្តែវានឹងក្លាយជាហេដ្ឋារចនាសម្ព័ន្ធគ្រឹះសម្រាប់អនាគតឌីជីថល និងនវានុវត្តន៍និងកាលានុវត្តភាពថ្មីៗសម្រាប់ប្រជាជនកម្ពុជា។ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បានឲ្យដឹងផងដែរថា ក្រសួងបានប្រមូលធាតុចូល និងធ្វើការជិតស្និទ្ធជាមួយប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ ដើម្បីធានាឱ្យការដាក់ឱ្យដំណើរការសេវា 5G មានភាពជោគជ័យនៅកម្ពុជា៕