កម្ពុជាទទួលបានកម្ចីសម្បទាន និងជំនួយឥតសំណងសរុប ១១៥ លានដុល្លារអាមេរិក ពីធនាគារពិភពលោក សម្រាប់គម្រោងអន្តរកាលថាមពលប្រកបដោយចីរភាព
កម្ពុជាបានទទួលកម្ចីសម្បទានចំនួន ១១០ លានដុល្លារអាមេរិក និងជំនួយឥតសំណងចំនួន ៥ លានដុល្លារអាមេរិក ពីធនាគារពិភពលោក តាមរយៈរាជរដ្ឋាភិបាលកម្ពុជា សម្រាប់គម្រោងអន្តរកាលថាមពលប្រកបដោយចីរភាព។
ព័ត៌មាននេះត្រូវបានចែករំលែកនៅក្នុងសិក្ខាសាលាស្តីពី «ការចូលរួមទីផ្សារដំណាក់កាលដំបូង និងស្ថានភាពនៃការចូលរួមសម្រាប់គម្រោងប្រព័ន្ធអគ្គិសនីផ្ទុកថាមពលអាគុយ (BESS) ខ្សែបណ្តាញបញ្ជូន និងអនុស្ថានីយអគ្គិសនី» ក្រោមគម្រោងអន្តរកាលថាមពលប្រកបដោយចីរភាពកម្ពុជា (CSET) ដែលឧបត្ថម្ភថវិកាដោយហិរញ្ញប្បទានសម្បទានរបស់ធនាគារពិភពលោក រៀបចំឡើងនាថ្ងៃទី២២ ខែកក្កដា ក្រោមអធិបតីភាពរបស់ លោក បណ្ឌិត ប្រាំង ជុលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា។
គម្រោងនេះអនុវត្តដោយក្រសួងរ៉ែ និងថាមពល និងអគ្គិសនីកម្ពុជា (EDC)។ វិសាលភាពការងារក្រោមការទទួលខុសត្រូវរបស់អគ្គិសនីកម្ពុជា រួមមាន ការសាងសង់ខ្សែបណ្តាញបញ្ជូន និងអនុស្ថានីយអគ្គិសនី ប្រព័ន្ធផ្ទុកថាមពលអាគុយ (BESS) ព្រមទាំងការពង្រីក និងពង្រឹងបណ្តាញចែកចាយអគ្គិសនី រួមទាំងការរៀបចំបណ្តាញហេដ្ឋារចនាសម្ព័ន្ធសាកថាមពលយានយន្តអគ្គិសនី (EV) ការរៀបចំបណ្តាញចែកចាយ និងប្រព័ន្ធវាស់វែងថាមពលឆ្លាតវៃ (AMI)។
ផ្អែកលើនីតិវិធីលទ្ធកម្មរបស់ធនាគារពិភពលោក សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ហាញពីគម្រោង ផែនការអនុវត្ត លក្ខណៈបច្ចេកទេស និងនីតិវិធីលទ្ធកម្ម ព្រមទាំងកៀងគរមតិយោបល់ និងធាតុចូលពីក្រុមហ៊ុនសាងសង់ អ្នកផ្គត់ផ្គង់បរិក្ខារ និងភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់ការប្រកួតប្រជែងដោយស្មើភាព តម្លាភាព និងការអនុវត្តប្រកបដោយស្តង់ដារអន្តរជាតិ។ ការពង្រីកបណ្តាញបញ្ជូន អនុស្ថានីយ និងបណ្តាញចែកចាយ នឹងជួយបង្កើនសមត្ថភាពផ្គត់ផ្គង់អគ្គិសនី កែលម្អគុណភាព និងធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពលនៅក្នុងតំបន់ដែលមានតម្រូវការខ្ពស់។
វាក៏នឹងបង្កើនសមត្ថភាពផ្គត់ផ្គង់អគ្គិសនីនៅតំបន់ជនបទ ជាពិសេសសម្រាប់គ្រួសារដែលមានប្រាក់ចំណូលទាបដែលនៅសេសសល់ ស្ថិតក្នុងគម្រោងដំណាក់កាលចុងក្រោយ។ លើសពីនេះ ហេដ្ឋារចនាសម្ព័ន្ធសាកថាមពលយានយន្តអគ្គិសនី (EV) នឹងជួយកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈហ្វូស៊ីលក្នុងវិស័យដឹកជញ្ជូន ខណៈដែលប្រព័ន្ធវាស់វែងថាមពលឆ្លាតវៃ (AMI) នឹងធានាថាបណ្តាញអគ្គិសនីមានភាពឆ្លាតវៃ និងជួយកាត់បន្ថយចំណាយ។