កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃ មកកាន់ដែនដីកម្ពុជា ក្នុងខេត្តព្រះវិហារ
រាជរដ្ឋាភិបាលកម្ពុជា បានសម្តែងការតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃ មកកាន់តំបន់អានសេះ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ដោយបានពណ៌នាថា ដំណើរទស្សនកិច្ចនេះជាអំពើគ្មានការអនុញ្ញាតនៅលើដែនដីអធិបតេយ្យរបស់កម្ពុជា។
នៅក្នុងសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយកាលពីថ្ងៃពុធ ដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រាជរដ្ឋាភិបាលកម្ពុជាបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ គឺជាការប៉ុនប៉ងដោយចេតនាក្នុងការអះអាងទាមទារដោយខុសច្បាប់លើដែនដីកម្ពុជា ដែលត្រូវបានកងកម្លាំងប្រដាប់អាវុធថៃកាន់កាប់ដោយខុសច្បាប់តាំងពីឆ្នាំមុន។
រាជរដ្ឋាភិបាលកម្ពុជាបានសង្កត់ធ្ងន់ថា គ្មានសិទ្ធិស្របច្បាប់ណាមួយអាចកើតចេញពីអំពើខុសច្បាប់បានឡើយ ហើយការកាន់កាប់ដោយខុសច្បាប់លើដែនដីអធិបតេយ្យរបស់កម្ពុជា មិនអាចក្លាយជាការស្របច្បាប់តាមរយៈដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃនោះទេ។
សេចក្តីប្រកាសព័ត៌មានបានពណ៌នាបន្ថែមថា ដំណើរទស្សនកិច្ចនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើដែនដីអធិបតេយ្យរបស់កម្ពុជា ដែលត្រូវបានកំណត់ និងខណ្ឌសីមាដោយផែនទីបារាំង-សៀម មាត្រដ្ឋាន ១/២០០.០០០ ផលិតដោយគណៈកម្មការខណ្ឌសីមាព្រំដែនរវាងឥណ្ឌូចិន និងសៀម ក៏ដូចជាចំណុចទី១ នៃសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មការព្រំដែនទូទៅ (GBC) លើកទី៣ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
សេចក្តីប្រកាសព័ត៌មានបានកត់សម្គាល់ថា សេចក្តីថ្លែងការណ៍រួម បានហាមឃាត់យ៉ាងច្បាស់លាស់នូវសកម្មភាពញុះញង់ទាំងឡាយណា ដែលអាចធ្វើឱ្យតានតឹងកាន់តែខ្លាំងឡើងនៅតាមបណ្តោយព្រំដែន។
រាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ទាំងផែនទីដែលគូសដោយឯកតោភាគី ឬដំណើរទស្សនកិច្ចដែលផ្អែកលើផែនទីបែបនេះ មិនអាចផ្លាស់ប្តូរព្រំដែនដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិបានឡើយ។ កម្ពុជាក៏បានបដិសេធជាថ្មីថា ខ្លួនមិនទទួលស្គាល់ខ្សែព្រំដែន ឬការទាមទារដែនដីណាមួយដែលអះអាងដោយឯកតោភាគីដោយប្រទេសថៃនោះទេ ដោយសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃ នឹងមិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហររបស់កម្ពុជាពាក់ព័ន្ធនឹងព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ។
រាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវឱ្យប្រទេសថៃបញ្ឈប់សកម្មភាពបែបនេះនៅក្នុងតំបន់អានសេះ និងតំបន់ផ្សេងទៀតដែលត្រូវកងកម្លាំងប្រដាប់អាវុធថៃកាន់កាប់ដោយខុសច្បាប់តាំងពីឆ្នាំមុន។
កម្ពុជាបានលើកឡើងថា វិធានការបែបនេះនឹងជួយកាត់បន្ថយភាពតានតឹងនៃស្ថានការណ៍ បង្កើតទំនុកចិត្តគ្នាទៅវិញទៅមក សម្រួលដល់ការដោះស្រាយជម្លោះដោយសន្តិវិធី និងស្តារសន្តិភាព ស្ថិរភាព និងទំនាក់ទំនងអ្នកជិតខាងល្អឡើងវិញ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការដោះស្រាយជម្លោះព្រំដែនទាំងអស់ជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់ ដោយវិធីសន្តិវិធីតែមួយគត់ ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់។
ក្នុងពេលជាមួយគ្នានេះ កម្ពុជាបានរំលឹកឡើងវិញនូវជំហរគោលការណ៍របស់ខ្លួនថា ព្រំដែនអន្តរជាតិមិនត្រូវផ្លាស់ប្តូរដោយប្រើប្រាស់កម្លាំងឡើយ៕
