កម្តៅមជ្ឈិមបូព៌ាដុតកម្លោចទៀត! ការជជែករឿងច្រកអ័រមូសនៅប្រទេសអូម៉ង់ពន្យាពេល ខណៈលោក ត្រាំ ថា "មិនខ្វល់" ហើយតម្លៃប្រេងហក់លើស ១០០ ដុល្លារ!»
សភាពការណ៍ភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចពិភពលោកកំពុងស្ថិតក្នុងស្ថានភាពអន្លង់អន្លោចគួរឲ្យបារម្ភ! ផែនការជួបជុំគ្នារវាងអ៊ីរ៉ង់ និងបណ្តាប្រទេសក្នុងតំបន់ឈូងសមុទ្រ ដើម្បីពិភាក្សាអំពីអនាគតនៃច្រកសមុទ្រអ័រមូស ត្រូវបានប្រកាសពន្យារពេលជាផ្លូវការហើយ ខណៈប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំ បានបោះសម្តីយ៉ាងខ្លីថា លោក «មិនខ្វល់ និងមិនយកចិត្តទុកដាក់» ចំពោះកិច្ចការនេះឡើយ។
ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់អូម៉ង់ (ONA) បានប្រាប់ឲ្យដឹងថា កិច្ចប្រជុំតំបន់ដែលគ្រោងធ្វើឡើងនៅថ្ងៃចន្ទ ទី១៤ ខែកញ្ញា ក្នុងទីក្រុងសាឡាឡា (Salalah) ដែលជាទីក្រុងធំទី៣ នៃប្រទេសអូម៉ង់ រវាងភាគីអ៊ីរ៉ង់ និងបណ្តាប្រទេសក្នុងតំបន់ឈូងសមុទ្រ ត្រូវសម្រេចចិត្តពន្យារពេលទៅកាលបរិច្ឆេទថ្មីវិញ។ ការពន្យាពេលនេះ ធ្វើឡើងក្នុងគោលបំណងបង្កើត «លក្ខខណ្ឌសមស្របសម្រាប់ការពិភាក្សាដែលមានន័យស្ថាបនា» នៅចំពេលដែលទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតុន និងទីក្រុងតេអេរ៉ង់ កំពុងតានតឹងខ្លាំង និងបានបិទខ្ទប់ផ្លូវសមុទ្រច្រកអ័រមូសជាយុទ្ធសាស្ត្រនេះជាច្រើនខែមកហើយ។
ទោះជាយ៉ាងណា ប្រតិកម្មពីសំណាក់មេដឹកនាំអាម៉េរិក លោកដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ហាក់បញ្ជាក់យ៉ាងច្បាស់អំពីជំហរអាម៉េរិក ដោយលោកបានប្រាប់អ្នកសារព័ត៌មានខណៈពេលកំពុងលេងកីឡាវាយកូនហ្គោល នៅទីលាន ដែលជាកម្មសិទ្ធរបស់គ្រួសារលោកនៅប្រទេសអៀរឡង់ថា លោកមិនខ្វល់ និងមិនចាប់អារម្មណ៍ចំពោះអ្វីដែលភាគីទាំងនោះចង់ធ្វើនោះទេ ក្នុងនោះក៏មានប្រទេសភាគច្រើនជាសម្ព័ន្ធមិត្តរបស់អាម៉េរិក នៅតំបន់ឈូងសមុទ្រពែរ្ស៍ផងដែរ។
មិនមែនត្រឹមតែនៅតំបន់អ័រមូសប៉ុណ្ណោះទេ នៅឯប្រទេសយ៉េម៉េន សមរភូមិប្រយុទ្ធគ្នារវាងកងកម្លាំងរដ្ឋាភិបាល និងក្រុមបះបោរហ៊ូធី (Houthis) កំពុងរីករាលដាលយ៉ាងសន្ធោសន្ធៅ។ អង្គការអន្តរជាតិសម្រាប់ជនភៀសខ្លួន (OIM) បានរាយការណ៍ថា មនុស្សជាង ២០០០ នាក់ បាននាំគ្នាជិះកាណូតគេចចេញពីអំពើហិង្សា ដោយបានឆ្លងកាត់សមុទ្រទៅដល់ប្រទេសឌ្ជីប៊ូទីកាលពីចុងសប្តាហ៍។
បច្ចុប្បន្ន ក្រុមហ៊ូធីដែលគាំទ្រដោយអ៊ីរ៉ង់ បានពង្រីកការគ្រប់គ្រងលើតំបន់ឆ្នេរ និងកោះនានានៅសមុទ្រក្រហម ក៏ដូចជាក្តាប់ជាប់ច្រកសមុទ្រយុទ្ធសាស្ត្រ «បាប អេលម៉េនដេប» (Bab al-Mandab) ដែលជាផ្លូវនាវាចរណ៍ដ៏សំខាន់តភ្ជាប់ទៅព្រែកជីកស៊ុយអេ ឆ្លងកាត់សមុទ្រក្រហម។ ហេតុការណ៍នេះបានបង្កឲ្យមានមនុស្សស្លាប់រាប់រយនាក់ និងជនភៀសខ្លួនរាប់ម៉ឺននាក់ ខណៈ អូអាយអេម (OIM) កំពុងប្រញាប់ប្រញាល់ផ្តល់ជំនួយបន្ទាន់នៅតំបន់អូប៊ុក (Obock) ប្រទេសឌ្ជីប៊ូទី។
រាប់ចាប់តាំងពីការផ្ទុះឡើងនៃសង្គ្រាមរវាង សហរដ្ឋអាម៉េរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ កាលពីខែកុម្ភៈ ឆ្នាំ២០២៦ មក ទីផ្សារថាមពលសកលបានក្លាយជាតម្លៃងាយរងគ្រោះបំផុត។ ការបិទខ្ទប់ច្រកអ័រមូស ការវាយប្រហារដោយដ្រូនលើបំពង់បង្ហូរប្រេងនៅអារ៉ាប៊ី សាអ៊ូឌីត ដោយដ្រូនហោះមកពីអ៊ីរ៉ាក់ រួមផ្សំជាមួយនឹងការដែលក្រុមហ៊ូធីអាចគ្រប់គ្រងច្រក បាប អេល ម៉េនដេប បានយ៉ាងឆាប់រហ័ស បានធ្វើឲ្យតម្លៃប្រេងឆៅ ប្រេន (Brent) ហក់ឡើងលើស ១០០ ដុល្លារក្នុង១បារ៉ែលរួចទៅហើយនៅសប្តាហ៍នេះ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ធៀរី ប្រូស (Thierry Bros) សាស្ត្រាចារ្យនៅសាលាល្បី ស្យង់ ប៉ូ ប៉ារីស (Sciences Po Paris) ប្រទេសបារាំង បានធ្វើការព្រមានថា សេដ្ឋកិច្ចពិភពលោកនឹងត្រូវប្រឈមមុខនឹងផលវិបាកធ្ងន់ធ្ងរក្នុងរយៈពេលខ្លី ដោយសារតែការឡើងថ្លៃជាថ្មីនៃផលិតផលប្រេងឥន្ធនៈ ប្រសិនបើភាគីពាក់ព័ន្ធមិនអាចរកផ្លូវកាត់បន្ថយអរិភាពបានទេនោះ។
