កិច្ចប្រជុំអន្តរជាតិអំពីអាកាសធាតុលើកទី៣១ នៅតួកគី បរាជ័យគ្មានកិច្ចព្រមព្រៀង
ក្រោយការចរចាដ៏តានតឹងអស់រយៈពេលជាង ២សប្តាហ៍ សន្និសីទអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី៣១ (COP31) បានបិទបញ្ចប់កាលពីថ្ងៃអាទិត្យ ដោយបន្សល់ទុកនូវភាពបរាជ័យ និងគ្មានកិច្ចព្រមព្រៀងចុងក្រោយណាមួយឡើយ។ ការខ្វែងគំនិតគ្នាយ៉ាងស្រួចស្រាវជុំវិញការបោះបង់ថាមពលផូស៊ីល បានធ្វើឲ្យប្រមុខអង្គការសហប្រជាជាតិ លោកអន់តូនីញ៉ូ ហ្គូទែរ៉េស សម្តែងការខកចិត្តយ៉ាងជ្រាលជ្រៅ និងព្រមានធ្ងន់ៗថា ផែនដីកំពុងរំកិលទៅរកគ្រោះមហន្តរាយ។
វិទ្យាសាស្ត្រមិនរង់ចាំតុចរចា នៅក្នុងសេចក្តីថ្លែងការណ៍ជាសាធារណៈក្រោយការបរាជ័យនៃកិច្ចប្រជុំកំពូលនៅទីក្រុងអន់តាលយ៉ា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកអន់តូនីញ៉ូ ហ្គូទែរ៉េស បានរិះគន់ចំៗទៅលើរដ្ឋាភិបាលពិភពលោកនានា ដែលខកខានមិនបានបំពេញទំនួលខុសត្រូវជាប្រវត្តិសាស្ត្រចំពោះជោគវាសនារបស់ភពផែនដី។ លោកបានសង្កត់ធ្ងន់ថា ភាពទាល់ច្រកនៅលើតុចរចា មិនបានបន្ថយកម្តៅនៃវិបត្តិបរិស្ថានសព្វថ្ងៃសូម្បីតែបន្តិច។
លោកហ្គូទែរ៉េស បានថ្លែងដោយសំឡេងម៉ឺងម៉ាត់ថា៖ «នៅលើតុចរចា ប្រហែលជាគ្មានការឯកភាពគ្នា ប៉ុន្តែវិទ្យាសាស្ត្រមិនបានទុកចន្លោះឲ្យមានការមន្ទិលសង្ស័យណាមួយឡើយ»។ លោកបានក្រើនរំឭកថា សីតុណ្ហភាពសកលនៅតែបន្តបំបែកកំណត់ត្រាថ្មី ការបំភាយឧស្ម័នផ្ទះកញ្ចក់ស្ថិតក្នុងកម្រិតប្រកាសអាសន្ន ហើយផែនដីកំពុងធ្វើដំណើរឆ្ពោះទៅរកការឆ្លងផុតបន្ទាត់ក្រហម ១,៥ អង្សាសេ ដែលជាកម្រិតកំណត់នៅកិច្ចព្រមព្រៀងអាកាសធាតុ ទីក្រុងប៉ារីសឆ្នាំ២០១៥។
«គេមិនអាចពន្លត់ភ្លើង ដោយបន្តជះប្រេងលើភ្លើងឡើយ»
ប្រមុខអង្គការសហប្រជាជាតិរូបនេះ បានចង្អុលបង្ហាញដោយឥតសំចៃមាត់ថា ថាមពលផូស៊ីល (ធ្យូងថ្ម ប្រេង និងឧស្ម័ន) គឺជាឫសគល់ចម្បងនៃការឡើងកម្តៅផែនដី។ លោកបានប្រដូចការបន្តពន្យារពេលផ្លាស់ប្តូរថាមពល ទៅនឹងការបំផ្លាញខ្លួនឯង តាមរយៈឃ្លាដ៏មានអត្ថន័យថា ៖ «គេមិនអាចពន្លត់ភ្លើង ដោយបន្តជះប្រេងលើភ្លើងឡើយ»។
ជាមួយគ្នានេះ លោក ហ្គូទែរ៉េស ក៏បានលាតត្រដាងពីឥទ្ធិពលងងឹតនៅពីក្រោយការជាប់គាំងនេះ ដោយចោទប្រកាន់ក្រុមអ្នកមានអំណាច និងក្រុមពាក់ព័ន្ធឧស្សាហកម្មឥន្ធនៈផូស៊ីលថា កំពុងប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនដើម្បីរារាំងសកម្មភាពការពារអាកាសធាតុ ក្នុងគោលបំណងតែមួយគត់ គឺបន្តប្រមូលផលចំណេញមហាសាលលើគំនរទុក្ខវេទនារបស់ភពផែនដី។ លោកបានរំឭកថា រដ្ឋាភិបាលនានាធ្លាប់បានសន្យារួចហើយកាលពីសន្និសីទអន្តរជាតិស្តីអំពីអាកាសធាតុលើកទី២៨ COP28 នៅទីក្រុងឌូបៃ ថានឹងបោះបង់ចោលថាមពលផូស៊ីលជាបន្តបន្ទាប់ ដូច្នេះអាទិភាពពេលនេះមិនមែនជាការចរចាសាជាថ្មីទេ តែជាការអនុវត្តជាក់ស្តែង។
យុត្តិធម៌អាកាសធាតុ និងសកម្មភាពក្រៅបន្ទប់ចរចា
ក្រៅពីការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ជាបន្ទាន់ក្នុងទសវត្សរ៍នេះ លោក ហ្គូទែរ៉េស បានទាមទារឲ្យមាន «យុត្តិធម៌អាកាសធាតុ» ដោយសង្កត់ធ្ងន់ថា ប្រជាជននៅតាមបណ្តាប្រទេសក្រីក្រ និងប្រទេសងាយរងគ្រោះ ដែលជាអ្នកបង្កការបំពុលតិចតួចបំផុត មិនត្រូវក្លាយជាអ្នករ៉ាប់រងវិបាកដ៏ធ្ងន់ធ្ងរបំផុតនោះទេ។ លោកបានអំពាវនាវឲ្យប្រទេសអ្នកមាន បង្កើនកញ្ចប់ហិរញ្ញប្បទានសម្រាប់ការសម្របខ្លួន និងការស្តារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ី ជាពិសេសការការពារព្រៃឈើ និងការកាត់បន្ថយឧស្ម័នមេតាន។
សារដាស់តឿនទៅកាន់ពលរដ្ឋពិភពលោក ដោយមើលឃើញពីភាពទន់ខ្សោយនៃឆន្ទៈនយោបាយរបស់មេដឹកនាំពិភពលោក ប្រមុខអង្គការសហប្រជាជាតិ បានងាកទៅអំពាវនាវដោយផ្ទាល់ដល់សង្គមស៊ីវិល យុវជន ជនជាតិដើមភាគតិច អ្នកវិទ្យាសាស្ត្រ និងសកម្មជនបរិស្ថានទាំងអស់ ឲ្យបន្តក្រោកឈរឡើង និងដាក់សម្ពាធកាន់តែខ្លាំងទៅលើរដ្ឋាភិបាលរបស់ពួកគេ។
លោកបានបិទបញ្ចប់ដោយសារដាស់តឿនដ៏មានឥទ្ធិពលថា ៖ «វិបត្តិអាកាសធាតុ នឹងមិនរង់ចាំឲ្យរដ្ឋាភិបាលនានាឈានទៅរកការឯកភាពគ្នានោះទេ ហើយយើងក៏មិនអាចរង់ចាំបានដែរ។ សូមបន្តផ្សព្វផ្សាយការពិត សូមបន្តទាមទារឲ្យមានវិធានការ និងសូមបន្តដាក់សម្ពាធឲ្យកាន់តែខ្លាំងឡើងថែមទៀត»។
