អគ្គីភ័យលេបត្របាក់ព្រៃឈើឥណ្ឌូនេស៊ីជិត ៣ លានហិកតា ៖ វិបត្តិបរិស្ថានដ៏ មហន្តរាយបង្កឡើងដោយឥទ្ធិពលអេល នីណូ និងស្នាដៃមនុស្ស
ចាប់តាំងពីដើមឆ្នាំ២០២៦ មក អណ្តាតភ្លើងដ៏សន្ធោសន្ធៅបានបំផ្លិចបំផ្លាញព្រៃឈើ និងប្រព័ន្ធអេកូឡូស៊ីឥណ្ឌូនេស៊ីក្នុងទំហំដ៏ធំធេងមិនធ្លាប់មាន។ របាយការណ៍វិទ្យាសាស្ត្រចុងក្រោយបានបង្ហាញថា គ្រោះមហន្តរាយនេះគឺជាលទ្ធផលនៃការរួមបញ្ចូលគ្នារវាងបាតុភូតធម្មជាតិអេល នីណូ ការប្រែប្រួលអាកាសធាតុ និងការបំផ្លាញធនធានធម្មជាតិអស់រយៈពេលជាច្រើនទសវត្សរ៍។
មកដល់ពេលនេះ ភ្លើងក៏នៅតែកំពុងតែឆេះ។ បើយោងតាមទិន្នន័យពីអង្គការតាមដានរូបភាពផ្កាយរណប ប្រទេសឥណ្ឌូនេស៊ីបានធ្លាក់ចូលទៅក្នុងស្ថានភាពអាសន្នផ្នែកបរិស្ថានដោយសារភ្លើងឆេះព្រៃដ៏សាហាវបានលេបត្របាក់ផ្ទៃដីប្រមាណ ២,៨៨លានហិកតា ចាប់តាំងពីដើមឆ្នាំ២០២៦។ តួលេខដ៏គួរឱ្យរន្ធត់នេះខ្ពស់ជាងតុល្យការផ្លូវការកាលពីដំណាច់ខែកក្កដារបស់អាជ្ញាធរឥណ្ឌូនេស៊ីដែលមានត្រឹមតែ ២០២០០០ ហិកតា ដែលបច្ចុប្បន្នក្រសួងព្រៃឈើឥណ្ឌូនេស៊ីកំពុងធ្វើបច្ចុប្បន្នភាពទិន្នន័យនេះឡើងវិញ។
កម្លាំងរុញច្រានពីបាតុភូត El Niño និងវិបត្តិអាកាសធាតុ
របាយការណ៍សិក្សាមួយដែលចេញផ្សាយកាលពីចុងសប្តាហ៍ដោយក្រុមអ្នកវិទ្យាសាស្ត្រនៃអង្គការស្រាវជ្រាវវិភាគ និងកំណត់មូលហេតុនៃបាតុភូតអាកាសធាតុពិភពលោក (World Weather Attribution - WWA) បានគូសបញ្ជាក់ថា បាតុភូតអេល នីណូ ដ៏ខ្លាំងក្លាបានបង្កឱ្យមានភាពរាំងស្ងួតធ្ងន់ធ្ងរនៅទូទាំងប្រជុំកោះអាស៊ីអាគ្នេយ៍មួយនេះ។ ចន្លោះពីខែកក្កដា ដល់ខែតុលា បរិមាណទឹកភ្លៀងតាមរដូវបានធ្លាក់ចុះរហូតដល់ប្រមាណ ៥០%។
ជាមួយគ្នានេះ ការដុតឥន្ធនៈផូស៊ីលដែលបង្កឱ្យមានការប្រែប្រួលអាកាសធាតុ បានរុញច្រានសីតុណ្ហភាពចន្លោះខែសីហា ដល់ខែតុលា ឱ្យកើនឡើងខ្ពស់ជាងមុនប្រមាណ ១,៦ °C។ អ្នកស្រាវជ្រាវបានព្រមានថា ការកើនឡើងកម្តៅផែនដីដោយសារសកម្មភាពមនុស្ស បានធ្វើឱ្យលក្ខខណ្ឌបរិយាកាសងាយនឹងបង្កជាភ្លើងឆេះកើនឡើងដល់ទៅ ៣ ដង ឯណោះ។
ស្លាកស្នាមនៃការបំផ្លាញធម្មជាតិ ៣០ឆ្នាំ
ក្រៅពីកត្តាអាកាសធាតុ របាយការណ៍ដដែលបានចង្អុលបង្ហាញពីកត្តាមនុស្សដែលជាឫសគល់នៃគ្រោះមហន្តរាយនេះ រួមមានការកាប់បំផ្លាញព្រៃឈើ និងការបង្ហូរទឹកចេញពីតំបន់ព្រៃលិចទឹក (Peatlands) ដែលទាំងនេះធ្វើឡើង ដើម្បីបម្រើឱ្យវិស័យកសិកម្ម ការធ្វើអាជីវកម្មរ៉ែ និងឧស្សាហកម្មព្រៃឈើជាដើម។
លោកប្រាមូឌៀន ហ្វៀដូស អ្នកស្រាវជ្រាវអគ្គីភ័យព្រៃ និងជាសហអ្នកនិពន្ធរបាយការណ៍របស់ក្រុមអ្នកវិទ្យាសាស្ត្រនៃអង្គការស្រាវជ្រាវវិភាគ និងកំណត់មូលហេតុនៃបាតុភូតអាកាសធាតុពិភពលោក WWA បានពន្យល់យ៉ាងច្បាស់ថា ៖ «ទេសភាពនៃប្រទេសឥណ្ឌូនេស៊ីបានផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយនេះ។ ការបូមទឹកចេញយ៉ាងគំហុកពីព្រៃលិចទឹក និងការកាប់បំផ្លាញព្រៃឈើ បានប្រែក្លាយតំបន់ទាំងនោះឱ្យទៅជា "អុសស្ងួត" ដែលងាយនឹងឆាបឆេះបំផុត»។
ផលប៉ះពាល់ឆ្លងដែន និងដំណោះស្រាយបន្ទាន់
ផ្សែងពុលពីអគ្គីភ័យព្រៃមិនត្រឹមតែធ្វើឱ្យប្រជាជនឥណ្ឌូនេស៊ីរាប់សែននាក់ធ្លាក់ខ្លួនឈឺដោយសារជំងឺផ្លូវដង្ហើមប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានសាយភាយគ្របដណ្តប់លើប្រទេសជិតខាង ដោយបង្កឱ្យមានការបំពុលបរិយាកាសក្នុងកម្រិតប្រកាសអាសន្នដល់សុខភាពសាធារណៈ។
ទោះបីជាឥណ្ឌូនេស៊ីតែងតែជួបប្រទះភ្លើងឆេះព្រៃនៅរដូវប្រាំងក៏ដោយ ប៉ុន្តែទំហំនៃការខូចខាតក្នុងឆ្នាំ២០២៦ នេះគឺជាសញ្ញាអាសន្នថ្មីមួយ។ លោកហ្វៀដូស បានសង្កត់ធ្ងន់ថា ដើម្បីទប់ស្កាត់មហន្តរាយស្រដៀងគ្នានេះនាពេលអនាគត ពិភពលោកចាំបាច់ត្រូវកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ជាបន្ទាន់ ទន្ទឹមនឹងការការពារ និងស្តារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ីព្រៃឈើ និងព្រៃលិចទឹកប្រកបដោយចីរភាព។
