លោកហ្គូទែរ៉េស អំពាវនាវធ្វើឲ្យអាហ្វ្រិកក្លាយជាមហាអំណាចខាងថាមពលកកើតឡើងវិញ
លោកអន់តូនីញ៉ូ ហ្គូទែរ៉េស អគ្គលេខាអង្គការសហប្រជាជាតិ បាននិយាយថា ទោះបីមានការកើនកម្តៅក្តៅខ្លាំង ទឹកជំនន់ដ៏កាចសាហាវ និងមនុស្សរាប់ម៉ឹននាក់បានស្លាប់ដោយសារតែគ្រោះរាំងស្ងួតដ៏បំផ្លិចបំផ្លាញ។ ទ្វីបអាហ្វ្រិកទទួលខុសត្រូវបំភាយឧស្ម័នកាបូនិចមិនដល់ ៤% ផងនៅលើពិភពលោក។
នៅចំកណ្តាលនៃភាពច្របូកច្របល់ខាងអាកាសធាតុ បើតាមប្រមុខអង្គការសហប្រជាជាតិ វាអាចទៅរួចនឹងបញ្ចៀសស្ថានភាពអាក្រក់បំផុត ប៉ុន្តែទាល់តែមានសំទុះនៃការវិវត្តន៍ទៅមុខដ៏ខ្លាំងក្លានៅក្នុងសកម្មភាពអាកាសធាតុ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្លែងថា គ្រប់ប្រទេសទាំងអស់ មានជាអាទិ៍ ប្រទេសដែលជាអ្នកបំភាយឧស្ម័នផ្ទះកញ្ចក់ខ្លាំងបំផុត ត្រូវតែមានមហិច្ចតាខាងអាកាសធាតុ ឲ្យកាន់តែធំ ឲ្យស្របតាមកតិកាសញ្ញានៃសាមគ្គីភាពខាងអាកាសធាតុ និងកម្មវិធីនៃការបង្កើនល្បឿនធ្វើការរបស់ខ្លួន។
លោកហ្គូទែរ៉េស បានអំពាវនាវសម្រាប់កិច្ចប្រជុំកំពូលប្រទេស G20 នៃប្រទេសដែលមានសេដ្ឋកិច្ចឈានមុខនៅទីក្រុងញូ ដេលី ប្រទេសឥណ្ឌា ឲ្យប្រកាន់នូវទំនួលខុសត្រូវរបស់ខ្លួន និងតាំងចិត្តសម្រាប់ការបំភាយឧស្ម័នផ្ទះកញ្ចក់សូន្យឲ្យអាចសម្រេចទៅរួចកាន់តែឆាប់ នៅត្រឹមឆ្នាំ ២០៤០។
ទីពីរ លោកក៏បានអំពាវនាវឲ្យមានយុត្តិធម៌ខាងអាកាសធាតុ ដើម្បីឈានទៅសម្រេចគោលដៅនៃរឿងថាមពលកកើតឡើងវិញ និងអាចប្រើប្រាស់បានទូទៅ ជាពិសេសនៅទ្វីបអាហ្វ្រិក។ នេះមានន័យថា ធ្វើឲ្យមានប្រតិបត្តិការមូលនិធិសម្រាប់ការបាត់បង់ និងការខូចខាត ដែលសមស្រប មានប្រព័ន្ធសកលនៃការផ្តល់ការព្រមានបឋម និងការកែតម្រូវតម្រង់ទិសនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុពិភពលោក។
ទីបី ទ្វីបអាហ្វ្រិកសម្បូរទៅដោយថាមពលកកើតឡើងវិញដែលមិនទាន់បានធ្វើអាជីវកម្ម ជាមួយនិងសក្តានុពលនឹងក្លាយជាមេដឹកនាំពិភពលោកលើរឿងថាមពលកកើតឡើងវិញ និងកំណើនពណ៌បៃតង។
ទ្វីបអាហ្រ្វិកមានជិត ១ ភាគ ៣ នៃរ៉ែបម្រុងពិភពលោក សម្រាប់ថាមពលកកើតឡើងវិញ យានយន្តអគ្គីសនី និងស្តុកអាគុយ។
លោកហ្គូទែរ៉េស បាននិយាយថា ៖ “ដើម្បីផ្តល់គុណប្រយោជន៍ដ៏ពិតប្រាកដដល់គ្រប់ជនជាតិអាហ្វ្រិកទាំងអស់ ផលិតកម្ម និងពាណិជ្ជកម្មនៃរ៉ែសំខាន់ៗទាំងនេះ ត្រូវមានចីរភាព តម្លាភាព សមធម៌ សម្រាប់គ្រប់បណ្តាញនៃចង្វាក់ផ្គត់ផ្គង់។”
ប្រមុខអង្គការសហប្រជាជាតិបានលើកអំពីតំបន់ដែលគេហៅថា គូនអាហ្វ្រិក ដែលនៅទីនោះ ច្រើនជាង ៨៥% នៃអគ្គីសនី គឺមានប្រភពពីថាមពលកកើតឡើងវិញ។ ប្រទេសម៉ូហ្សំបិក ទទួលបានថាមពលសើ្ទតែទាំងអស់របស់ខ្លួនពីថាមពលធនធានបៃតង និងមានចីរភាព។ ហើយគម្រោងការកង្ហារខ្យល់ និងពន្លឺព្រះអាទិត្យក៏ចូលរួមចំណែកផ្តត់ផ្គង់ថាមពលដល់ប្រទេសអេហ្ស៊ីប អាល់ហ្ស៉េរី ទុយនេស៊ី ម៉ារ៉ុក និងស៊ូដង់ខាងត្បូង រួចហើយ។
ប្រមុខអង្គការសហប្រជាជាតិ បាននិយាយថា ៖ “ថាមពលកកើតឡើងវិញនឹងអាចជាវេទមន្តសម្រាប់អាហ្វ្រិក។ ប៉ុន្តែយើងត្រូវធ្វើវាឲ្យសម្រេច។ យើងត្រូវធ្វើការរួមគ្នាដើម្បីឲ្យអាហ្វ្រិកក្លាយជាមហាអំណាចនៃថាមពលកកើតឡើងវិញ។