របៀបរស់នៅទាន់សម័យរបស់មនុស្សកំពុងសម្លាប់ភពផែនដី

ចេញពីកន្លែងថ្លែងសន្ទរកថា នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូយ៉ក លោក អន់តូនីញ៉ូ ហ្គូទែរ៉េស បានរៀបរាប់អំពីឥទ្ធិពលបរិស្ថានដ៏បំផ្លិចបំផ្លាញនៃវិស័យកាត់ដេរ។ លោកអន់តូនីញ៉ូ ហ្គូទែរ៉េស បានព្រមានថា ៖ “ប្រសិនបើយើងមិនប្រញ៉ាប់បញ្ចេញ សកម្មភាព។ ការស្លៀកពាក់ទាន់សម័យអាចនឹងសម្លាប់ភពផែនដី”។ លោកចង្អុលទៅកាន់ ឧស្សាហកម្មកាត់ដេរដែលការអនុវត្តរបស់វាគំរាមកំហែងស្ថានជីវចម្រុះ ធ្វើឲ្យធនធានធម្មជាតិខ្សោះ និងធ្វើឲ្យអាកាសធាតុកាន់តែធ្លាក់អន់ថយ។ ជារៀងរាល់វិនាទីសម្រាមសម្លៀកបំពាក់មានទំហំប៉ុនឡានដឹកសម្រាមត្រូវបានដុតបំផ្លាញ ឬយកទៅចាក់ចោលនៅកន្លែងស្តុកសម្រាម។ ”សម្លៀកបំពាក់ត្រូវបានផលិត និងបោះចោលក្នុងចង្វាក់ដ៏ច្រើនហួស ឬត្រូវបានជម្រុញដោយគំរូសេដ្ឋកិច្ចដែលផ្តល់អាទិភាពដល់ការប្រើតែរបស់ថ្មី ភាពលឿនរហ័សខូច និងងាយបោះចោល។”
សេចក្តីថ្លែងសន្ទរកថានៃប្រមុខអង្គការសហប្រជាជាតិធ្វើឡើងនៅពេលការប្រារព្ធទិវាអន្តរជាតិនៃសម្រាមសូន្យ ដែលនឹងធ្វើឡើងនៅរាល់ថ្ងៃទី ៣០ មីនា ជារៀងរាល់ឆ្នាំ។ ដោយត្រូវបានអនុម័តដោយសមាជនៃអង្គការសហប្រជាជាតិនៅឆ្នាំ២០២២។ ទិវានេះមានគោលដៅលើកកម្ពស់របៀបនៃការផលិត និងការប្រើប្រាស់ឲ្យមានទំនួលខុសត្រូវ ដើម្បីធ្វើយ៉ាងណាបញ្ជៀសរាល់ការខ្ជះខ្ជាយសម្ភារៈ និងខ្ជះខ្ជាយធនធាន។
សម្រាប់ទិវាសម្រាម សូន្យនៅឆ្នាំ២០២៥ គឺត្រូវធ្វើឡើងនៅក្រោមប្រធានបទ ឆ្ពោះទៅកាន់សម្រាមសូន្យនៅក្នុងម៉ូដស្លៀកពាក់ និងការតម្បាញកាត់ដេរ ដើម្បីផ្តល់ពន្លឺសម្រាប់ស្ថានភាពលំបាកខាងបរិស្ថានដែលបង្កើតឡើងដោយគំរូសេដ្ឋកិច្ចនៃវិស័យសម្លៀកបំពាក់ និងដែលតែងអនុគ្រោះឲ្យមានការផលិតលើស និងការប្រើប្រាស់ហួសហេតុ។
គេវាយតម្លៃថា វិស័យកាត់ដេរ ជាអ្នកទទួលខុសត្រូវជារៀងរាល់ឆ្នាំ ពី២% ទៅ ៨% នៃការបំភាយឧស្ម័នផ្ទះកញ្ចក់ពិភពលោក និងការប្រើប្រាស់ ទឹក ២១៥០០០ ពាន់លានលីត្រ ដែលស្មើនឹងអាងទឹកអូឡាំពិក ចំនួន ៨៦ពាន់លានអាង និង ៩% នៃការបំពុលប្រចាំឆ្នាំទៅលើសមុទ្រដោយមីក្រូប្លាស្ទីក។
ប៉ុន្តែបញ្ហាសម្រាមមានលើសហួសយ៉ាងទូលាយមិនត្រឹមតែវិស័យសម្លៀកបំពាក់ទេ។ ជារៀងរាលឆ្នាំ មនុស្សជាតិបង្កើត សម្រាមច្រើនជាង ២ពាន់លានតោន។ លោកអន់តូនីញ៉ូ ហ្គូទែរ៉េស បានបញ្ជាក់ថា ៖ “ប្រសិនបើគេដាក់សម្រាមបន្តកន្ទុយគ្នាក្នុងទូកុងតឺន័រ ពួកវានឹងលាតសន្ធឹងទៅដល់ឋានព្រះចន្ទទៅមក។
ជារឿយៗ គឺប្រជាជនដែលងាយរងគ្រោះបំផុតគឺជាអ្នកទទួលរងផលវិបាកពីកាកសំណល់។ លោកអន់តូនីញ៉ូ ហ្គូទែរ៉េស បានគូសបញ្ជាក់ថា ៖ “មនុស្សច្រើនជាង ១ពាន់លាននាក់ រស់នៅក្នុងតំបន់ទីក្រុងរខេករខាក និងសង្កាត់ទីក្រុងមិនផ្លូវការ ដែលមិនមានការគ្រប់គ្រងសម្រាម ឲ្យបានត្រឹមត្រូវ និងដែលមានជំងឺប្រចាំតំបន់កើតមានជាទូទៅ”។
ប្រឈមមុខនឹងស្ថានភាពនេះ អគ្គលេខាអង្គការសហប្រជាជាតិ បានអំពាវនាវឲ្យមានការផ្លាស់ប្តូរស៊ីជម្រៅអំពីរបៀបផលិតនិងការប្រើប្រាស់។ លោកបានស្វាគមន៍គំនិតផ្តួចផ្តើមដែលកើតមានឡើង មានការបង្កើតទីផ្សារខោអាវជជុះ និងការសន្យារបស់ក្រុមហ៊ុនខ្លះដែលអនុគ្រោះដល់សេដ្ឋកិច្ចដែលមិនមានការខ្ជះខ្ជាយ ដែលរួមមានការផលិតសម្ភារៈតាមរបៀបប្រើប្រាស់បានយូរ និងដោយកម្រិតការប្រើប្រាស់ និងការខ្ជះខ្ជាយធនធាន និងកុំបង្កើតសម្រាមថ្មី។
លោកអន់តូនីញ៉ូ ហ្គូទែរ៉េស ទទូចថា ៖ “ការប្រយុទ្ធប្រឆាំងនឹងការខ្ជះខ្ជាយពាក់ព័ន្ធនឹងយើងទាំងអស់គ្នា និងអំពាវនាវឲ្យពលរដ្ឋ ឧស្សាហករ និងអ្នកសម្រេចចិត្តនយោបាយប្រតិកម្មឲ្យបានទាំងអស់គ្នា។”
Daily Program
