ការកាប់ព្រៃឈើថយល្បឿន ប៉ុន្តែព្រៃឈើនៅតែស្ថិតនៅក្រោមសម្ពាធ

អង្គការសហប្រជាជាតិសម្រាប់ចំណីអាហារ និងកសិកម្ម (FAO) នៅក្នុងរបាយការណ៍ថ្មីមួយ ដែលផ្សព្វផ្សាយកាលពីសប្តាហ៍មុន បានបង្ហាញថា នៅអំឡុងមួយទសវត្សចុងក្រោយនេះ ការ​កាប់បំផ្លាញព្រៃឈើបានថយចុះនៅក្នុងព្រៃឈើ ៤ពាន់លានហិចតានៅក្នុងពិភពលោក។

ក្រៅពីល្បឿននៃការកាប់បំផ្លាញថយចុះ របាយការណ៍ក៏បានបង្ហាញពីការបោះជំហានឈាន​ទៅ​​មុខ​ធំៗ ដទៃទៀតដូចជា​ការកើនឡើងនូវតំបន់ព្រៃឈើអភិរក្សជាដើម ប៉ុន្តែក៏បាន​រំឭក​​ថា ប្រព័ន្ធ​​បរិស្ថាននៅតែប្រឈមមុននឹងស្ថានភាពលំបាកនានា ហើយនិងត្រូវធ្វើឲ្យរឹតតែ​ធ្ងន់ធ្ងរ​​ដោយសារ​វិបត្តិ​អាកាសធាតុសព្វថ្ងៃ។

សារសំខាន់​នៃព្រៃឈើគ្របដណ្តប់លើសុវត្ថិភាពចំណីអាហារ នៅក្នុងមធ្យោបាយទ្រទ្រង់ជីវិត​នៅមូលដ្ឋាន រហូតដល់ការផ្គត់ផ្គង់នូវសម្ភារៈជីវសាស្រ្ត និងថាមពលកកើតឡើងឡើងវិញ។

ពួកវាជាជម្រកមួយភាគធំនៃស្ថានជីវចម្រុះពិភពលោក ចូលរួមចំណែកធ្វើតំរែតម្រូវវដ្តិនៃទឹក និងកាបូននៅកម្រិតពិភពលោក និងកាត់បន្ថយហានិភ័យ និងឥទ្ធិពលពីគ្រោះរាំងស្ងួត ការ​កើន​ឡើងនូវវាលលំហ សំណឹកដី ការបាក់ដី និងទឹកជំនន់។ល។

នៅក្នុងកថាមុខនៃរបាយការណ៍ លោកគូ ដុងយូ អគ្គនាយកនៃអង្គការសហប្រជាជាតិ​សម្រាប់​ចំណី​អាហារ និងកសិកម្ម FAO បានបញ្ជាក់ថា ការវាយតម្លៃនៃធនធានព្រៃឈើ​គឺជាការវាយ​តម្លៃ​ពិភពលោកដែលមានភាពពេញលេញបំផុត និងតម្លាភាពបំផុតនៃធនធានព្រៃឈើ ពី​សភាព​របស់ពួកវា និងពីការចាត់ចែង និងការប្រើប្រាស់​របស់ពួកវា។ លោកបានបន្ថែមថា ៖ “ទិន្នន័យ​ដែលការវាយតម្លៃបាននាំមក អាចប្រើប្រាស់បានច្រើនយ៉ាង គឺចេញពីការផ្តល់​ព័ត៌មាន​​ដល់​សហគមន៍​អន្តរជាតិលើសភាពនៃព្រៃឈើ និងការវិវត្តិរបស់វា ដើម្បី​គាំទ្រដល់ការ​ធ្វើ​​សេចក្តី​សម្រេចចិត្តខាងនយោបាយ និងការវិនិយោគទាក់ទងនឹងព្រៃឈើ។”

ការបោះជំហានទៅមុខដ៏ធំបំផុតគឺការថយចុះល្បឿននៃការកាប់បំផ្លាញព្រៃឈើ។ ការកាប់​បំផ្លាញ​មានតែ ១០លានហិចតាក្នុងមួយឆ្នាំ នៅរវាងឆ្នាំ២០១៥ និង២០២៥ ទល់នឹង ១៨​លាន​ហិចតា នៅរវាងឆ្នាំ១៩៩០ និងឆ្នាំ២០០០។ ការគ្រប់គ្រងព្រៃឈើក៏កាន់តែមាន​ការ​ធានា​ត្រឹមត្រូជាមួយនឹងប្រមាណជា ២០% នៃព្រៃ​ដែល​ស្ថិតនៅមានសព្វថ្ងៃ ស្ថិតនៅក្នុងតំបន់ផ្ទៃ​ដី​អភិរ​ក្ស​​ជាមួយនឹងច្បាប់ដែលត្រូវបង្កើតឡើង ហើយ​ច្រើនជាងពាក់កណ្តាលនៃព្រៃឈើ​ពិភពលោក​​​កំពុង​ដាក់ចុះទៅក្នុងផែនការគ្រប់គ្រង។

បរិមាណព្រៃឈើដែលមិនទាន់កាប់ក៏កើនឡើងផងដែរ និងត្រូវបានវាស់វែង។ ព្រៃឈើដើរតួ​ជាអាងធម្មជាតិសម្រាប់ស្តុកឧស្ម័នកាបូនិកពីបរិយាកាស។ សព្វថ្ងៃនេះ សាច់ឈើត្រូវបានវាយ​តម្លៃថា មាន ៦០០ ពាន់លានម៉ែត្រគូប ជាមួយនិងការស្តុកកាបូននៃព្រៃឈានដល់ ៧០០ពាន់​លានតោន នៅឆ្នាំ២០២៥។

ទោះបីមានការរីកចម្រើនទាំងអស់នេះ របាយការណ៍វាយតម្លៃអំពីការគំរាមកំហែងដែលមាន​ទៅ​លើព្រៃឈើ។

អត្រានៃការរីកទំហំរបស់ដីព្រៃឈើបានថយចុះយ៉ាងសម្បើម ដោយធ្លាក់ចុះពីប្រមាណ ១០​លាន​ហិចតា​ក្នុងមួយឆ្នាំនៅដើមសហសតវត្ស មកនៅ ៧លានហិចតា​នៅរវាង ឆ្នាំ២០១៥ និង​២០២៥ ក៏ដូចជាព្រៃឈើដាំ ដែលវាតែងតែរីកចម្រើន​ប៉ុន្តែជាមួយនឹងចង្វាក់ដែលកាន់​យឺតយ៉ាវ​ឡើងៗ។

រឿងនេះក៏ត្រូវមកបន្ថែមដោយអគ្គីភ័យ ដែលដោយសារតែគ្រោះរាំងស្ងួតខ្លាំងក្លាជាបន្តបន្ទាប់​នៅ​ជុំវិញពិភពលោក វាបានប៉ះពាល់ដល់ផ្ទៃដីជាធម្យម ៣០០លានហិចតាជារៀងរាលឆ្នាំ ដែល​ជិតពាក់កណ្តាលគឺជាព្រៃឈើ។

ជាចុងក្រោយ របាយការណ៍ធ្វើសេចក្តីសន្និដ្ឋានថា ប្រព័ន្ធបរិស្ថានព្រៃឈើជារឿយៗ ប្រឈម​មុខ​នឹងការកាប់បំផ្លាញ បើទោះបីជាវាមានការថយចុះ ប៉ុន្តែការកាប់បំផ្លាញក៏នៅតែ​ខ្ពស់​ពេក​ដែរ។

 

 

Daily Program

Livesteam thumbnail