យុទ្ធនាការ កម្ពុជាស្អាត ខ្មែរធ្វើបាន នឹងចាប់ផ្តើមថ្ងៃទី១៥ ឧសភា ឆ្នាំ២០២៤

បន្ទាប់ពីការសាកល្បង«យុទ្ធនាការកម្ពុជាស្អាត» នៅឃុំព្រះធាតុ ឃុំមៀន និងឃុំដទៃទៀត ក្នុងស្រុកអូររាំងឪខេត្តត្បូងឃ្មុំ បានជោគជ័យ ក្រសួងបរិស្ថាននឹងប្រកាសចាប់ផ្តើមយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ជាផ្លូវការ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។

លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបា​ន» ជាយុទ្ធនាការបន្ត ថ្មីមួយទៀត ហើយដើរទន្ទឹមគ្នាជាមួយយុទ្ធនាការ « ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លា​ស្ទិកទេ» ដែលត្រូវបានដាក់ ចេញកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានការចូលរួមពីសំណាក់សិស្សានុសិស្ស និងប្រជាជនជាង ៨លាន អង្គ/នាក់ នៅទូទាំងប្រទេសកម្ពុជា។

លោកបាន​មានប្រសាសន៍ថា ៖ «ការបើកយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» នេះ បានបង្ហា​ញយ៉ាងច្បាស់ពី កម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើ​នជាងការបោះចោលទៅក្នុងទីសាធារណៈហើយ»​។ 

សូមបញ្ជាក់ថា យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» គឺជាយុទ្ធនាការសុំឱ្យសិស្សានុសិស្ស​ ប្រ​ជា​ពលរដ្ឋមួយភូមិ ឬមួយឃុំ ឬមួយស្រុក ឬមួយខេត្ត ចេញមកទាំងអស់គ្នារើសសំរាមជុំវិញបរិវេណផ្ទះ សាលារៀន វត្តអារាម និងតាមទីសាធារណៈ ចំនួន១៥នាទី រៀងរាល់ថ្ងៃសៅរ៍ ដោយប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ ការទុកដាក់សំរាម ក៏ជាផ្នែកមួយនៃការស្តែងឡើង នូវអាកប្បកិយា និងឥរិយាបទ មានន័យថា ពីការប្រតិបត្តិរបស់មនុស្ស និងអំពើរបស់មនុស្ស ដែលបាននិងកំពុងប្រព្រឹត្តនៅក្នុងសង្គម។

លោក អ៊ាង សុផល្លែត បាន​គាំទ្រឱ្យដល់ចលនាសម្អាតបរិស្ថាន តាមរយៈយុទ្ធនាការ «កម្ពុជាស្អា​ត ខ្មែរធ្វើបាន» ឱ្យបានផុសផុលនៅតាមមូលដ្ឋានបន្ថែមទៀត ជារៀងរាល់សប្តាហ៍ ក្នុងការជំ​រុញការលើកកម្ពស់អនាម័យបរិស្ថាន សោភ័ណភាពរបស់មូលដ្ឋាន និងដើម្បីកម្ពុជាស្អាត ស្រស់បំព្រង គ្មានការបំពុល និងឈានទៅការលប់បំបាត់សំរាម សំណល់ប្លាស្ទិក បន្តិចម្តងៗឱ្យអស់ពីកម្ពុជា ក្នុងពេលអនាគត។

សូមបញ្ជាក់ថា អនុលោមតាម «យុទ្ធសាស្រ្តបញ្ចកោណ» ដំណាក់កាលទី១ និងផ្អែកលើមូលដ្ឋានច្បាប់ គោលនយោបាយ និងយុទ្ធសាស្រ្តជាតិដែលមានជាធរមាន ព្រមទាំងក្របខណ្ឌអនុសញ្ញាអន្តរជាតិពាក់ព័ន្ធ ក្រសួងបរិស្ថានបានរៀបចំ «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២​៣- ២០២៨» ដែលផ្តោតលើមុំយុទ្ធសាស្រ្តចំនួន៣ គឺភាពស្អាត ភាពបៃតង និងចីរភាព ក្នុងគោលបំណងតម្រង់ទិស និងចង្អុលបង្ហាញការងារជាអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង៕