មន្រ្តីការបរទេស៖ កម្ពុជាប្តេជ្ញាចិត្តខ្ពស់ លើកកម្ពស់និងការពារសិទ្ធិមនុស្ស

លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាន​លើកឡើង​ពីការតាំងចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្តេជ្ញាចិត្តខ្ពស់ដើម្បីលើកក​ម្ពស់ និងការពារសិទ្ធិមនុស្សនៅកម្ពុជា ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិអន្តរជាតិផ្នែកសិទ្ធិមនុស្ស តា​មរយៈការផ្តល់សច្ចាប័ន និងទទួលយកអនុសញ្ញាអន្តរជាតិ៨ ក្នុងចំណោមអនុសញ្ញាអន្តរជាតិ៩ ពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។

លោកបាន​បញ្ជាក់ដូចនេះ ក្នុង​ឱកាស​លោកបានអនុញ្ញាតជូនលោកស្រី​ រ៉ូអៃដា អ៊ែល ហេក តំ​ណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២៤។ នេះបើយោងតាម​ការប្រកាស​ឱ្យដឹងពី​ក្រសួងការបរទេស នាថ្ងៃទី​១៤ ខែឧសភានេះ។

ក្នុង​ជំនួបនោះដែរ ភាគីទាំងពីរ​ក៏​បានផ្តោតទៅលើវិស័យសំខាន់ៗ នៃកិច្ចសហប្រតិបត្តិការរវាងរាជ​រដ្ឋាភិបាលកម្ពុជា ជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិម​នុស្ស  (OHCHR) រួមមាន សកម្មភាពនានា តួនាទី និងសមិទ្ធផលដែលការិយាល័យ OHCHR សម្រេចបាននៅកម្ពុជា រយៈពេលកន្លងមក។ ​

លោកឧបនាយករដ្ឋមន្ត្រី និងលោកស្រី​ រ៉ូអៃដា អ៊ែល ហេក ក៏​បានសម្តែងនូវសេចក្តីរីករាយចំ​ពោះកិច្ចសហប្រតិបត្តិការជាង៣ទសវត្សរ៍រវាងរាជរដ្ឋាភិបាលកម្ពុជា និងការិយាល័យឧត្តមស្នងកា​រអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជា ដែលនេះបង្ហាញឱ្យឃើញពីជំ​ហររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយយន្តការអង្គការសហប្រជាជាតិ។ ​

លោក សុខ ចិន្តាសោភា បានបញ្ជាក់ថា ៖ «រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំ​ពោះលម្ហពលរដ្ឋ និងនយោបាយ និងសិទ្ធិសេដ្ឋកិច្ចសង្គមរបស់ប្រជាជនកម្ពុជា»។​

លោក​ឧបនាយករដ្ឋមន្ត្រី ក៏​បានលើកឡើងទៀត​ថា ៖ «កម្ពុជារីករាយសហការយ៉ាងជិតស្និទ្ធជា​មួយកា​រិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ឆ្ពោះទៅសម្រេចបា​ននូវគោលដៅដ៏ថ្លៃថ្លាក្នុងវិស័យសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដោយឈរលើគោលការណ៍សមភាព និងអធិបតេយ្យរបស់រដ្ឋ និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា»។

ចំណែក លោកស្រី​ រ៉ូអៃដា អ៊ែល ហេក ក៏​បានថ្លែងអំណរគុណ​ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែ​លមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយគ្នាកន្លងមក។ ការិយាល័យឧត្តមស្នងការអង្គការស​ហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនឹងបន្តផ្តល់ជំនួយបច្ចេកទេសជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា នឹងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុ​ស្សប្រជាជនកម្ពុជា៕​