អគ្គីភ័យ​លេបត្របាក់ព្រៃឈើឥណ្ឌូនេស៊ីជិត ៣ លានហិកតា ៖ វិបត្តិបរិស្ថានដ៏ មហន្តរាយ​បង្កឡើងដោយឥទ្ធិពលអេល នីណូ និងស្នាដៃមនុស្ស

ចាប់តាំងពីដើមឆ្នាំ២០២៦ មក អណ្តាតភ្លើងដ៏សន្ធោសន្ធៅបានបំផ្លិចបំផ្លាញព្រៃឈើ និង​ប្រព័ន្ធ​​អេកូឡូស៊ីឥណ្ឌូនេស៊ីក្នុងទំហំដ៏ធំធេងមិនធ្លាប់មាន។ ​របាយការណ៍វិទ្យាសាស្ត្រចុង​ក្រោយ​​​បានបង្ហាញថា គ្រោះមហន្តរាយនេះគឺជាលទ្ធផលនៃការរួមបញ្ចូលគ្នារវាងបាតុភូត​ធម្មជាតិអេល នីណូ ការប្រែប្រួលអាកាសធាតុ និងការបំផ្លាញធនធានធម្មជាតិអស់រយៈ​ពេល​ជា​ច្រើនទសវត្សរ៍។

មកដល់ពេលនេះ ភ្លើងក៏នៅតែកំពុងតែឆេះ។ បើយោងតាមទិន្នន័យ​ពីអង្គការ​តាម​​ដាន​រូបភាព​ផ្កាយ​​រណប ប្រទេសឥណ្ឌូនេស៊ីបានធ្លាក់ចូលទៅក្នុង​ស្ថានភាព​​អាសន្នផ្នែកបរិស្ថានដោយសារ​ភ្លើង​ឆេះព្រៃដ៏សាហាវបានលេបត្របាក់ផ្ទៃដី​ប្រមាណ ២,៨៨​លាន​ហិកតា ចាប់តាំង​ពី​​ដើមឆ្នាំ​២០២៦។ តួលេខដ៏គួរឱ្យរន្ធត់នេះខ្ពស់ជាងតុល្យការផ្លូវការកាល​ពី​ដំណាច់​​ខែកក្កដា​របស់​អាជ្ញាធរ​ឥណ្ឌូនេស៊ីដែលមានត្រឹមតែ ២០២០០០ ហិកតា ដែលបច្ចុប្បន្ន​ក្រសួងព្រៃឈើ​ឥណ្ឌូនេស៊ី​កំពុងធ្វើបច្ចុប្បន្នភាពទិន្នន័យនេះឡើងវិញ។

កម្លាំងរុញច្រានពីបាតុភូត El Niño និងវិបត្តិអាកាសធាតុ

របាយការណ៍សិក្សាមួយដែលចេញផ្សាយកាលពីចុងសប្តាហ៍ដោយក្រុមអ្នកវិទ្យាសាស្ត្រនៃអង្គការស្រាវជ្រាវវិភាគ និងកំណត់មូលហេតុនៃបាតុភូតអាកាសធាតុពិភពលោក (World Weather Attribution - WWA) បានគូសបញ្ជាក់ថា បាតុភូតអេល នីណូ ដ៏ខ្លាំងក្លា​បានបង្ក​ឱ្យ​មាន​ភាពរាំងស្ងួតធ្ងន់ធ្ងរនៅទូទាំងប្រជុំកោះអាស៊ីអាគ្នេយ៍មួយនេះ។ ចន្លោះពីខែកក្កដា ដល់ខែ​តុលា បរិមាណ​ទឹកភ្លៀងតាមរដូវបានធ្លាក់ចុះរហូតដល់ប្រមាណ ៥០%។

ជាមួយគ្នានេះ ការដុតឥន្ធនៈផូស៊ីលដែលបង្កឱ្យមានការប្រែប្រួលអាកាសធាតុ បានរុញច្រាន​សីតុណ្ហភាព​ចន្លោះខែសីហា ដល់ខែតុលា ឱ្យកើនឡើងខ្ពស់ជាងមុនប្រមាណ ១,៦ °C។ អ្នក​ស្រាវជ្រាវ​បានព្រមានថា ការកើនឡើងកម្តៅផែនដីដោយសារសកម្មភាពមនុស្ស បានធ្វើឱ្យ​លក្ខខណ្ឌ​បរិយាកាសងាយនឹងបង្កជាភ្លើងឆេះកើនឡើងដល់ទៅ ៣ ដង ឯណោះ។

ស្លាកស្នាមនៃការបំផ្លាញធម្មជាតិ ៣០ឆ្នាំ

ក្រៅពីកត្តាអាកាសធាតុ របាយការណ៍ដដែលបាន​ចង្អុល​បង្ហាញពីកត្តាមនុស្ស​ដែលជា​ឫស​គល់​​នៃគ្រោះមហន្តរាយនេះ រួមមានការកាប់បំផ្លាញ​ព្រៃ​ឈើ និងការបង្ហូរទឹកចេញ​ពីតំបន់​ព្រៃលិច​ទឹក (Peatlands) ដែលទាំងនេះធ្វើឡើង ដើម្បីបម្រើឱ្យវិស័យកសិកម្ម ការ​ធ្វើ​អាជីវកម្មរ៉ែ និងឧស្សាហកម្ម​ព្រៃឈើជាដើម។

លោកប្រាមូឌៀន ហ្វៀដូស អ្នកស្រាវជ្រាវអគ្គីភ័យព្រៃ និងជាសហអ្នក​និពន្ធ​​របាយការណ៍​របស់​ក្រុមអ្នកវិទ្យាសាស្ត្រនៃអង្គការស្រាវជ្រាវវិភាគ និងកំណត់មូលហេតុនៃបាតុភូត​អាកាស​ធាតុ​​ពិភពលោក WWA បានពន្យល់យ៉ាងច្បាស់ថា ៖ «ទេសភាពនៃប្រទេស​ឥណ្ឌូនេស៊ី​​​បាន​ផ្លាស់ប្តូរ​យ៉ាងខ្លាំងក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយនេះ។ ការបូមទឹកចេញ​យ៉ាង​​​គំហុកពី​ព្រៃ​លិច​ទឹក និងការកាប់បំផ្លាញព្រៃឈើ បានប្រែក្លាយតំបន់ទាំងនោះឱ្យទៅជា "អុសស្ងួត" ដែល​ងាយ​នឹងឆាបឆេះបំផុត»។

ផលប៉ះពាល់ឆ្លងដែន និងដំណោះស្រាយបន្ទាន់

ផ្សែងពុលពីអគ្គីភ័យព្រៃមិនត្រឹមតែធ្វើឱ្យប្រជាជនឥណ្ឌូនេស៊ីរាប់សែននាក់ធ្លាក់ខ្លួនឈឺដោយសារជំងឺផ្លូវដង្ហើមប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានសាយភាយគ្របដណ្តប់លើប្រទេសជិតខាង ដោយ​បង្កឱ្យមានការបំពុលបរិយាកាសក្នុងកម្រិតប្រកាសអាសន្នដល់សុខភាពសាធារណៈ។

ទោះបីជាឥណ្ឌូនេស៊ីតែងតែជួបប្រទះភ្លើងឆេះព្រៃនៅរដូវប្រាំងក៏ដោយ ប៉ុន្តែទំហំនៃការ​ខូចខាត​ក្នុងឆ្នាំ២០២៦ នេះគឺជាសញ្ញាអាសន្នថ្មីមួយ។ លោកហ្វៀដូស បានសង្កត់ធ្ងន់ថា ដើម្បី​ទប់ស្កាត់មហន្តរាយស្រដៀងគ្នានេះនាពេលអនាគត ពិភពលោកចាំបាច់ត្រូវកាត់​បន្ថយ​ការ​បំភាយ​ឧស្ម័នផ្ទះកញ្ចក់ជាបន្ទាន់ ទន្ទឹមនឹងការការពារ និងស្តារឡើងវិញនូវប្រព័ន្ធ​អេកូឡូស៊ី​ព្រៃឈើ និងព្រៃលិចទឹកប្រកបដោយចីរភាព។

 

Daily Program

Livesteam thumbnail
khmer popup image