ពីរាំងស្ងួតដល់ទឹកជំនន់ ៖ វដ្តទឹកពិភពលោកកំពុងប្រែប្រួលយ៉ាងគួរឱ្យព្រួយបារម្ភ
វដ្តទឹកនៅលើភពផែនដីកំពុងផ្លាស់ប្តូរទៅក្នុងទិសដៅដែលកាន់តែមិនទៀងទាត់ និងពិបាក ព្យាករទុកមុន ពីគ្រោះរាំងស្ងួតធ្ងន់ធ្ងរ រហូតដល់ទឹកជំនន់ និងការរលាយផ្ទាំងទឹកកក ទិន្នន័យ ថ្មីកំពុងបង្ហាញថា ធនធានទឹកសាបរបស់ពិភពលោកកំពុងប្រឈមនឹងសម្ពាធកាន់តែខ្លាំង។
របាយការណ៍ថ្មីរបស់អង្គការឧតុនិយមពិភពលោក(OMM) ដែលចេញផ្សាយកាលពីពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៦ បានព្រមានថា វដ្តទឹកសកលកំពុងក្លាយជាកាន់តែមិនទៀងទាត់ និងមិនអាចទស្សន៍ទាយបាន ខណៈឆ្នាំ២០២៥ ត្រូវបានចាត់ទុកថា ជាឆ្នាំមួយក្នុងចំណោមឆ្នាំដែលមានស្ថានភាពទឹកខុសប្រក្រតីខ្លាំងបំផុតក្នុងរយៈពេលជាង ៣ទសវត្សរ៍កន្លងមក។
ទឹកកាន់តែខ្វះនៅកន្លែងខ្លះ ប៉ុន្តែកាន់តែច្រើននៅកន្លែងផ្សេង
អង្គការឧតុនិយមពិភពលោក(OMM) បានបញ្ជាក់ថា ស្ថានភាពនេះកើតឡើងក្នុងបរិបទនៃការថយចុះរយៈពេលវែងនៃអាងស្តុកទឹកសាប និងការបាត់បង់ផ្ទាំងទឹកកកជាបន្តបន្ទាប់។
វដ្តទឹកសកលកំពុងបង្ហាញការផ្លាស់ប្តូររវាងការខ្វះទឹកខ្លាំងរាំងស្ងួតនៅតំបន់មួយ និងទឹកលើសលប់ទឹកជំនន់នៅតំបន់មួយទៀត ដែលមានកាន់តែញឹកញាប់។ ធាតុមួយចំនួននៃវដ្តទឹក ដូចជា ភ្លៀង លំហូរទឹកទន្លេ និងសំណើមដី កំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដោយប្រែប្រួលនឹងស្ថានភាពអាកាសធាតុក្នុងរយៈពេលត្រឹមតែប៉ុន្មានថ្ងៃ ឬប៉ុន្មានសប្តាហ៍។ ចំណែកធាតុផ្សេងទៀតដូចជា ទឹកក្រោមដី ផ្ទាំងទឹកកក និងស្រទាប់ព្រិលតាមរដូវ មានការផ្លាស់ប្តូរយឺតជាង និងអាចបង្ហាញការប្រែប្រួលក្នុងរយៈពេលជាច្រើនឆ្នាំ ឬរាប់ទសវត្សរ៍។
ការរួមបញ្ចូលគ្នានៃការប្រែប្រួលទាំងនេះ កំពុងធ្វើឱ្យការគ្រប់គ្រងធនធានទឹកកាន់តែពិបាក ជាពិសេសនៅពេលគ្រោះរាំងស្ងួតអូសបន្លាយជាច្រើនឆ្នាំ។
មនុស្សជាតិកំពុងធ្វើឱ្យទឹកសាបបម្រុងរីងខ្សោះ
អគ្គលេខាធិការអង្គការឧតុនិយមពិភពលោក(OMM) លោកស្រីសេឡេស សូឡូ បានព្រមានថា ពិភពលោកកំពុងប្រើប្រាស់ និងបាត់បង់ធនធានទឹកសាបបម្រុងក្នុងល្បឿនដែលគួរឱ្យព្រួយបារម្ភ។ លោកស្រីបានលើកឡើងថា ទឹកសាបដែលស្ថិតនៅលើដីគោក មាននិន្នាការថយចុះចាប់តាំងពីឆ្នាំ២០១៤–២០១៥ ដែលជាសញ្ញាព្រមានមួយបានបន្តអស់រយៈពេលប្រមាណមួយទសវត្សរ៍មកហើយ។
របាយការណ៍បានរកឃើញថា ប្រមាណ ២/៣ នៃអណ្ដូងទឹកដែលត្រូវបានគេតាមដាននៅទូទាំងពិភពលោក បានបង្ហាញស្ថានភាពនៅឆ្នាំ២០២៥ ដែលខុសពីលំនាំធម្មតារបស់វា។
នេះគឺជាសញ្ញាដែលបង្ហាញថា ការប្រែប្រួលនៃវដ្តទឹកមិនមែនកំពុងកើតឡើងត្រឹមលើផ្ទៃដីទេ ប៉ុន្តែកំពុងជ្រាបចូលទៅដល់ប្រព័ន្ធទឹកក្រោមដី ដែលជាប្រភពទឹកសំខាន់សម្រាប់មនុស្សរាប់ពាន់លាននាក់។
សញ្ញាព្រមានសម្រាប់អនាគត
អ្វីដែលរបាយការណ៍របស់អង្គការឧតុនិយមពិភពលោក(OMM) បង្ហាញ មិនមែនជារឿងរបស់ទន្លេ ផ្ទាំងទឹកកក ឬទឹកក្រោមដីដាច់ដោយឡែកពីគ្នានោះទេ។ វាជារូបភាពរួមនៃប្រព័ន្ធទឹកសកលដែលកំពុងផ្លាស់ប្តូរ។ ទឹកមិនបានបាត់ពីផែនដីទាំងស្រុងទេ ប៉ុន្តែវាកំពុងផ្លាស់ទី និងចែកចាយក្នុងរបៀបដែលមិនទៀងទាត់ជាងមុន។ នៅកន្លែងខ្លះ មនុស្សកំពុងប្រឈមនឹងការខ្វះទឹក និងគ្រោះរាំងស្ងួតអូសបន្លាយ រីឯនៅកន្លែងផ្សេងទៀត ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់កាន់តែបង្កការខូចខាត។ ទន្ទឹមនឹងនោះ ប្រភពទឹកដែលធ្លាប់ដើរតួនាទីជាឃ្លាំងស្តុកទឹកធម្មជាតិ ដូចជាផ្ទាំងទឹកកក និងទឹកក្រោមដី ក៏កំពុងរងសម្ពាធកាន់តែខ្លាំង។
សម្រាប់ពិភពលោកដែលពឹងផ្អែកលើទឹកសាបសម្រាប់ការរស់នៅ កសិកម្ម ថាមពល សុខភាព និងសេដ្ឋកិច្ច ការប្រែប្រួលទាំងនេះគឺជាសញ្ញាព្រមានដែលមិនអាចមើលរំលងបាន។
