ពិភពលោកនឹងឆ្លាក់ចូលទៅក្នុងសីតុណ្ហភាពក្តៅខ្លាំងជាច្រើនឆ្នាំដល់កម្រិត​ឯកតកម្ម

យោងតាមព្រឹត្តិបត្រនៃអង្គការឧតុនិយមពិភពលោក (OMM) ដែលរៀបរៀងដោយសេវាកម្ម ឧតុនិយម​ចក្រភពអង់គ្លេសអំពីការព្យាករប្រចាំឆ្នាំ និងក្នុងរយៈវែងរហូតដល់ ១០ឆ្នាំ នៃ សីតុណ្ហភាពនៅកម្រិតពិភពលោក បានឲ្យដឹងថា ភាពមធ្យមនៃសីតុណ្ហភាពនៅកម្រិត ពិភពលោកគួរតែស្ថិតនៅខ្ពស់ណាស់នៅអំឡុង ៥ឆ្នាំ ទៅមុខ គឺខិតទៅជិតកម្រិតខ្ពស់បំផុតជា ប្រវត្តិសាស្រ្ត។

យោងតាមរបាយការណ៍នេះ បានឲ្យដឹងថា វាអាចមានលទ្ធភាពដល់ទៅ ៨៦% ដែលថា ឆ្នាំនីមួយៗ នៅរវាងឆ្នាំ២០២៦ និង២០៣០ សីតុណ្ហភាពអាចឡើងដល់កម្រិតឯកតកម្ម នៃ​កម្តៅ​ដែលកម្តៅបំផុត ដែលមិនធ្លាប់បានកត់ត្រា។

ហើយវាក៏មានលទ្ធភាពខ្លាំងណាស់ ដល់ទៅ ៩១% ដែលថា សីតុណ្ហភាពមធ្យមពិភពលោក​នៅលើផ្ទៃផែនដីឡើងហួសជាបណ្តោះអាសន្នច្រើនជាង ១,៥°C ពីសីតុណ្ហភាពមធ្យម យ៉ាង​ហោច​ណាស់ មានមួយឆ្នាំនៅចន្លោះឆ្នាំ២០២៦-ដល់២០៣០ លើកម្រិតសីតុណ្ហភាពកាលពី​រយៈ​​ពេល​ពីឆ្នាំ ១៨៥០ -ដល់ឆ្នាំ១៩០០។

ការផ្សព្វផ្សាយអំពីការព្យាករកើតមានឡើងនៅខណៈដែលដំណាក់កាលនៃបាតុភូតអេល នីណូ ត្រូវបានព្យាករថា នឹងកើតមានឡើងនៅចុងឆ្នាំ២០២៦។ លោកលីអុង ហ៊ែម៉ានសុន ដែលជាអ្នកនិពន្ធសំខាន់នៃព្រឹត្តិបត្រអង្គការឧតុនិយមពិភពលោក  និងដែលបានសង្ខេបការ​ព្យាករ​​ដែលផ្តល់ដោយស្ថាប័នខុសៗគ្នា ចំនួន ១៣ បានឲ្យដឹងថា អ្វីដែលជាការកើនឡើង​ភាគរយ​ខ្ពស់គឺថា ឆ្នាំបន្ទាប់ខាងមុខ ឆ្នាំ២០២៧ គឺជាឆ្នាំដែលអាចបំបែក​ឯកតកម្មនៃកម្តៅ​សីតុណ្ហភាព។

យោងតាមអង្គការឧតុនិយមពិភពលោក បានឲ្យដឹងថា ការព្យាករនៃសីតុណ្ហភាពមធ្យម​លើ ៥ឆ្នាំ នៅក្នុងភាគកណ្តាលនៃសមុទ្រប៉ាស៊ីហ្វ៊ីកត្រូពិក បង្ហាញនិន្នការលក្ខខណ្ឌនៃការ​កកើត​បាតុភូត​អេល នីណូ ជាពិសេស នៅរវាងឆ្នាំ២០២៧ និង ២០២៨។

បាតុភូតអេល នីណូ បង្ហាញនូវលក្ខណៈវិនិច្ឆ័យតាមរយៈការកើនឡើងនូវសីតុណ្ហភាព​នៅ​ផ្ទៃ​ខាងលើនៅភាគកណ្តាល និងភាគខាងកើតនៃមហាសមុទ្រប៉ាស៊ីហ្វ៊ីកអេក្វាទ័រ។ វាកើត​ឡើង​តាមធម្មតា​នៅរៀងរាល់ពី ២ ទៅដល់ ៧ឆ្នាំ ម្តង និងមានរយៈពេលប្រមាណ ៩ខែ ទៅ ១២​ខែ។ ភាគចុងក្រោយនៃអេល នីណូ កើតឡើងនូវរវាងឆ្នាំ២០២៣ និង ២០២៤ ដែលបានធ្វើ​ឲ្យ​ឆ្នាំ​ទាំងពីរនោះក្លាយជាឆ្នាំដែលក្តៅបំផុត​ដែលមិនដែលធ្លាប់បានកត់ត្រា។

ម្យ៉ាងទៀត​សីតុណ្ហភាពមធ្យមប្រចាំឆ្នាំនៅលើផ្ទៃខាងលើនៃផែនដី នៅរវាងឆ្នាំ២០២៦-ដល់​ឆ្នាំ​២០៣០ ក្នុងសំណុំទាំងមូលនឹងកើនលើសជាមធ្យម ១,៣ °C ទៅ ១,៩ °C លើសីតុណ្ហភាព​មធ្យម​នៃយុគសម័យមុនឧស្សាហកម្ម។ ហើយកម្រិតលើសនេះ​ក៏បាន​ឆ្លង​ហួសរួចហើយ​ជា​បណ្តោះ​អាសន្ននៅឆ្នាំ២០២៤។

យោងតាមព្រឹត្តបត្រ OMM វាមានលទ្ធភាពតិចតួចណាស់ មិនដល់ ១% ទេ ដែលថា សីតុណ្ហភាពមធ្យមនៅលើផ្ទៃនៃផែនដីកើនឡើងលើស ២°C ពីសីតុណ្ហភាពមធ្យម​នៅរយៈ​ពេល​ពីឆ្នាំ១៨៥0-ឆ្នាំ១៩០០ នៅអំឡុង ៥ឆ្នាំ ខាងមុខ។

អង្គការឧតុនិយមពិភពលោក រំឭកថា ពិដានសីតុណ្ហភាពកើន ១,៥°C និង ២,០ °C បង្ហាញ​នៅ​ក្នុង​កិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីអំពីអាកាសធាតុ គឺយោងទៅលើការកើនក​ម្តៅ​រយៈ​ពេលយូរ និង​ស្ថិតនៅអូសបន្លាយ ដែលជាទូទៅគឺគេវាយ​តម្លៃរយៈពេល ២០ឆ្នាំ។ ព្រឹត្តិការណ៍ដែលថា សីតុណ្ហភាពមធ្យមប្រចាំឆ្នាំនៅកម្រិតពិភពលោកឆ្លងហួសពិដាននេះ​នៅ​ក្នុង​រយៈពេល​ឆ្នាំ​មួយ​ចំនួន មិនមែនមានន័យថា គោលដៅនៃសីតុណ្ហភាពរយៈពេល​វែង​នៃ​កិច្ច​ព្រមព្រៀងទីក្រុង​ប៉ារីស​​ ស្ថិតនៅក្រៅពីការសម្រេចបាននោះទេ។ យោងតាមអង្គការឧតុនិយមពិភពលោក​ការ​ឆ្លង​​ហួស​​បណ្តោះអាសន្ន​ ក៏នឹងអាចកើតមានឡើង​កាន់តែញឹកញាប់ឡើងៗ។

 

Daily Program

Livesteam thumbnail