បាតុភូតអេល នីណូ បានធ្វើឲ្យពិភពលោកចូលក្នុងដែនដែលគេមិនស្គាល់

បាតុភូតអេល នីណូ តែងត្រឡប់មករៀងរាល់ ២ឆ្នាំ ទៅ ៧ឆ្នាំ ម្តង ប៉ុន្តែលើកនេះ បាតុភូត​អាកាសធាតុ​នេះ កំពុងធ្វើឲ្យពិភពលោករងផលប៉ះពាល់ ដែលមហាសមុទ្រ​របស់ផែនដី​មិន​ដែល​ឡើង​ក្តៅ​ដល់​កម្រិតនេះទេពីមុនមក។  នៅខណៈដែល​ការព្យាករឧតុនិយមថ្មី ធ្វើឲ្យភ័យ​ខ្លាច​អំពី​សេណារីយ៉ូដ៏អាក្រក់បំផុត ប្រមុខនៃអង្គការសហ​ប្រជាជាតិ ព្រមានថា ពីពេលនេះទៅ ថា ពិភពលោកនឹងចូលទៅក្នុងដែនដែលគេមិនច្បាស់អ្វីទាំងអស់។

ដោយផ្អែកលើការព្យាករចុងក្រោយរបស់អង្គការឧតុនិយមពិភពលោក (OMM) ដែល​ត្រូវ​បាន​ផ្សព្វផ្សាយកាលពីថ្ងៃទី៣១ កក្កដា លោកអន់តូនីញ៉ូ ហ្គូទែរ៉េស បានបន្លឺឡើងនូវការព្រមាន។ ភាគនៃ​អេល នីណូ ដែលកំពុងកើតមាន នឹងត្រូវពង្រឹងឡើងថែមទៀតនៅរវាងខែសីហា និង តុលា​នេះ ដែលវាមានលទ្ធភាព​នៃការកើនឡើងសីតុណ្ហភាព​លើសពីធម្មតានៅលើដីស្ទើរតែ​ទាំង​​អស់ ដែលផុតពីទឹក ហើយដែលរបបភ្លៀងនៅទូទាំងពិភពលោក ក៏ប្រែប្រួល​ត្រឡប់​ត្រឡិនដែរ។

ចេញពីទីស្នាក់ការនៃអង្គការសហប្រជាជាតិនៅទីក្រុងញូយ៉ក លោកអគ្គលេខាអង្គការ បាន​ថ្លែង​ថា ៖ “ការពិនិត្យឃើញនេះគឺមិនអាចបដិសេធបានឡើយ។ វិបត្តិអាកាសធាតុកំពុង​កើន​ឡើង​យ៉ាងឆាប់រហ័ស។”

 អេល នីណូ ដែលពាក់ព័ន្ធនឹងការកើនកម្តៅជាខួប​នៃទឹកមហាសមុទ្រប៉ាស៊ីហ្វ៊ីកអេក្វាទ័រ គឺជា បាតុភូតធម្មជាតិដែលអ្នកឧតុនិយមស្គាល់ច្បាស់។ វាតែងត្រឡប់មកកើតជាថ្មីនៅរៀងរាល់ ២ ទៅ ៧ ឆ្នាំ និងជះឥទ្ធិពលលើសីតុណ្ហភាព ព្រមទាំងរបបទឹកភ្លៀងនៅកម្រិតផែនដី។

អ្វីដែលធ្វើឲ្យបាតុភូតបច្ចុប្បន្ននេះ ក្លាយជាការព្រួយបារម្ភពិសេស មិនមែនដោយសារការកើត ឡើងរបស់វាទេ ប៉ុន្តែដោយសារបរិបទសព្វថ្ងៃ ដែលវាកំពុងរីកធំឡើងនៅក្នុងអាកាសធាតុ ដែល​បានឡើងក្តៅយ៉ាងខ្លាំងក្លារួចហើយ ដោយសារសកម្មភាពរបស់មនុស្ស។

យោងតាមការព្យាករនៃអង្កការឧតុនិយមពិភពលោក (OMM) ភាពមិនធម្មតានៃសីតុណ្ហភាព នៅលើផ្ទៃលើនៃសមុទ្រ​នៅក្នុងតំបន់សំខាន់ៗ​នៃមហាសមុទ្រប៉ាស៊ីហ្វ៊ីកដែលគេកំពុងតាមដាន នឹងអាចឡើងលើស ២,៩°C ពីសីតុណ្ហភាពមធ្យម​នៅប៉ុន្មានខែខាងមុខ។

ទីភ្នាក់ងារនៃអង្គការសហប្រជាជាតិ ក៏ព្រួយបារម្ភអំពីការដុះដាលដែល គេរំពឹងទុក​អំពីការ​ប្រែប្រួល​ច្រ​បូកច្របល់នៅក្នុងមហាសមុទ្រឥណ្ឌា ដែលជាការប្រែប្រួលអាកាសធាតុមួយ​ទៀត​ដែលអាចនឹងបង្កើនបន្ថែម​នូវគ្រោះរាំងស្ងួត និងភ្លៀងធ្លាក់ខ្លាំង​ហួសហេតុនៅក្នុង​តំបន់​ជាច្រើន​នៅលើពិភពលោក។

ការព្យាករថ្មីៗ បានគូសវាសផែនទីពិភពលោកឡើងវិញដោយមានការផ្លាស់ប្តូរដ៏ជ្រាលជ្រៅ។​រដូវភ្លៀងមូសុងនៅឥណ្ឌា ដែលជាការពឹងអាស្រ័យផ្ទាល់នៃសន្តិសុខចំណីអាហារសម្រាប់​ប្រជាជនជាង ១ពាន់លាននាក់ ភ្លៀងបានធ្លាក់ថយចុះយ៉ាងច្រើន ហើយការ​ព្យាករ​ក៏​បាន​ប្រកាស​​អំពីភាពធ្ងន់ធ្ងរឡើងថែម​ទៀតនៃស្ថានភាព។

លក្ខខណ្ឌដែលកាន់តែស្ងួត ក៏ត្រូវបានគេរំពឹងទុកនៅឧបទ្វីបឥណ្ឌា នៅភាគខាងជើង​នៃទ្វីប​អឺរ៉ុប នៅអូស្រ្តាលីខាងត្បូង និងខាងកើត នៅក្នុងមួយផ្នែកនៃអាម៉េរិកកណ្តាល តំបន់ការ៉ាអ៊ីប និង​ភាគខាងពាយព្យនៃអាម៉េរិកខាងត្បូង។ ផ្ទុយមកវិញ ភ្លៀងនឹងធ្លាក់ច្រើនខ្លាំងនៅតំបន់​អាហ្រ្វ៊ិក​ខាងកើត ខាងត្បូងទ្វីបអឺរ៉ុប តំបន់ខ្លះ​នៅ​អាស៊ី​កណ្តាល តំបន់ខាងអាគ្នេយ៍នៃ​ទ្វីប​អាម៉េរិក​ខាងត្បូង ព្រមទាំងមួយផ្នែកនៃភាគ​ខាងលិច​នៃ​អាម៉េរិកខាងជើង។

សម្រាប់លោកអន់តូនីញ៉ូ​ ហ្គូទែរ៉េស ការព្យាករទាំងនេះបញ្ជាក់អំពីការកើនល្បឿន​នៃវិបត្តិ​អាកាស​ធាតុ។ បាតុភូតអេល នីណូ មិនគ្រាន់តែនៅមាត់ទ្វារយើងយ៉ាងសាមញ្ញទេ។ វាបាន​ចូល​​ក្នុងផ្ទះ និងធ្វើឲ្យផ្ទះយើងឡើងកម្តៅរួចហើយ។

 

Daily Program

Livesteam thumbnail
khmer popup image