បក្សីសមុទ្រកម្រ ចង្កៀលខ្យល់តូច ត្រូវបានប្រទះឃើញនៅតំបន់សមុទ្រកម្ពុជា
បក្សីសមុទ្រចង្កៀលខ្យល់តូច (Lesser Frigatebird មានឈ្មោះវិទ្យាសាស្ត្រ Fregata ariel) ដែលជាប្រភេទបក្សីសមុទ្រដ៏កម្រមួយប្រភេទ ត្រូវបានគេប្រទះឃើញនៅលើដែនសមុទ្រ និងកោះមួយចំនួនក្នុងខេត្តព្រះសីហនុ នេះបើយោងតាមក្រសួងបរិស្ថានកម្ពុជា។
លោក សំ អ៊ីន រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់តាមរយៈបណ្តាញសង្គម កាលពីថ្ងៃអង្គារថា ប្រភេទបក្សីបំលាស់ទីនេះ គឺកម្រមានវត្តមានណាស់នៅក្នុងដែនទឹកកម្ពុជា ហើយជាទូទៅគេសង្កេតឃើញពួកវាហើរតែនៅលើផ្ទៃសមុទ្រចំហ និងតាមបណ្តាកោះដាច់ស្រយាលប៉ុណ្ណោះ។
បច្ចុប្បន្ន ប្រភេទបក្សីនេះត្រូវបានចាត់ថ្នាក់ក្នុងចំណាត់ថ្នាក់ «មានការព្រួយបារម្ភតិចតួច» (Least Concern) នៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN) ហើយពួកវាមានកម្ពស់ចន្លោះពី ៧១ ដល់ ៨១ សង់ទីម៉ែត្រ។
បើយោងតាមមន្ត្រីបរិស្ថាន បក្សីចង្កៀលខ្យល់តូចបង្ហាញពីលក្ខណៈខុសប្លែកគ្នាយ៉ាងច្បាស់រវាងញី-ឈ្មោល និងលក្ខណៈសម្គាល់ផ្សេងគ្នានៅពេលវានៅតូច៖
សត្វឈ្មោលពេញវ័យ៖ មានរូបរាងពណ៌ខ្មៅស្ទើរតែទាំងស្រុង និងមានចំណុចពណ៌សលេចធ្លោមួយផ្ទាំងពីរង្វង់ក្លៀកលាតសន្ធឹងទៅក្រោមស្លាប។
សត្វញីពេញវ័យ៖ មានក្បាល និងកញ្ចឹងកពណ៌ខ្មៅ ដើមទ្រូងពណ៌ស និងមានឆ្នូតពណ៌សលាតសន្ធឹងចូលទៅក្រោមរង្វង់ក្លៀកស្លាប។
សត្វនៅវ័យជំទង់៖ បង្ហាញពណ៌ក្បាលខុសៗគ្នា ចាប់ពីពណ៌ត្នោតក្រហម (ក្បឿង) រហូតដល់ពណ៌ប្រផេះស្រាល មានឆ្នូតពណ៌ខ្មៅកាត់ទទឹងទ្រូង និងមានផ្ទាំងពណ៌សរាងត្រីកោណនៅត្រង់ពោះ ព្រមទាំងមានឆ្នូតពណ៌សនៅក្រោមរង្វង់ក្លៀក។
បក្សីសមុទ្រដែលជាប្រភេទសត្វស៊ីសាច់ជាអាហារនេះ ភាគច្រើនរស់នៅតាមតំបន់ឆ្នេរ តំបន់ទំនាបលិចទឹក និងដីសើមមាត់សមុទ្រ ដោយពួកវាប្រើប្រាស់ប្រព័ន្ធអេកូឡូស៊ីសមុទ្ររបស់កម្ពុជា ជាច្រករបៀងដ៏សំខាន់សម្រាប់ឈប់សម្រាកក្នុងអំឡុងពេលបំលាស់ទីតាមរដូវកាល។