ជួរភ្នំហិមាល័យស្រែកថ្ងូរ! វិបត្តិបាក់ទឹកកក និងរអិលបាក់ដីនៅព្រំដែនណេប៉ាល់-ទីបេ សម្លាប់មនុស្សយ៉ាងតិច ៦០០នាក់ និងបាត់ខ្លួនជិត ១០០០នាក់
កំហឹងធម្មជាតិ និងការប្រែប្រួលអាកាសធាតុបានវាយប្រហារយ៉ាងរន្ធត់ នៅតំបន់ជួរភ្នំ ហិមាល័យ។ ការបាក់ផ្ទាំងទឹកកក និងការរអិលបាក់ដីយ៉ាងធ្ងន់ធ្ងរនៅព្រំដែន រវាងប្រទេស ណេប៉ាល់ និងតំបន់ទីបេ ប្រទេសចិន បានបង្កជាជំនន់ផ្លេកបន្ទោរ (Flash Flood) បោស សម្អាតភូមិករ និងហេដ្ឋារចនាសម្ព័ន្ធ បណ្តាលឱ្យមនុស្សយ៉ាងតិច ៦០០នាក់បានស្លាប់ និងប្រហែល ១០០០នាក់ផ្សេងទៀតកំពុងបាត់ខ្លួន ដែលក្នុងនោះមានទេសចរបរទេសរាប់រយនាក់ផងដែរ។
វីដេអូដែលត្រូវបានផ្ទៀងផ្ទាត់ដោយទីភ្នាក់ងារព័ត៌មាន AFP បានបង្ហាញពីរូបភាពដ៏រន្ធត់។ អគារពហុជាន់ដែលពេញដោយមនុស្សព្យាយាមរត់គេចខ្លួន បានរលំដួលរលាយចូលទៅក្នុងទឹកជំនន់ភក់ដ៏ខ្លាំងក្លាក្នុងថិរវេលាតែប៉ុន្មានវិនាទីប៉ុណ្ណោះ។ រូបភាពផ្កាយរណប និងទិដ្ឋភាពជាក់ស្តែងបង្ហាញថា ទឹកស្ទឹងដែលធ្លាប់តែស្ងប់ស្ងាត់បានប្រែជា «រលកយក្សស៊ូណាមិភក់» បុកកម្ទេចចំណតរថយន្ត ឡានក្រុង និងអគារជុំវិញឱ្យរលាយបាត់មួយរំពេច។
យោងតាមទិន្នន័យផ្កាយរណប ផ្លាណិតឡេប (Planet Labs) និងការបញ្ជាក់ពីអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា មហន្តរាយនេះកើតឡើងចេញពី ទី១ ការបាក់ផ្ទាំងទឹកកក និងថ្ម (Glacial Collapse) ៖ ផ្ទាំងទឹកកក និងថ្មដ៏ធំនៅតំបន់ខ្ពស់នៃព្រំដែនបានបាក់ស្រុតចុះមកយ៉ាងកំហុគ។ ទី២ ការរញ្ជួយដី និងស្ទះចរន្តទឹក ៖ ការរអិលបាក់ដីបណ្តាលមកពីកម្លាំងរញ្ជួយដីបានទៅបិទខ្ទប់ស្ទឹង និងធ្វើឱ្យទឹកកើនឡើងយ៉ាងឆាប់រហ័ស មុនពេលបាក់ទំនប់ធម្មជាតិនេះ រួចបុកធ្លាក់មកតំបន់ខាងក្រោមយ៉ាងគំហុក។
គ្រោះមហន្តរាយនេះបានបុកចំ ភូមិស៊ីយ៉ាប្រ៊ូបេស៊ី (Syabrubesi) ដែលជាច្រកចូលឧទ្យានជាតិ ឡាងតាង (Langtang) និងជាទីកន្លែងបូជាសក្ការៈកៃឡាស ម៉ង់សារ៉ូវ៉ា (Kailash Mansarovar) ដែលជាតំបន់អេកូទេសចរណ៍ និងជំនឿសាសនាដ៏មានសំខាន់។
ក្រសួងទេសចរណ៍ណេប៉ាល់បានឱ្យដឹងថា មនុស្សប្រហែល ៦០០នាក់ដែលបាត់ខ្លួនគឺជាអ្នកទេសចរ ក្នុងនោះ ៥០០នាក់ជាជនបរទេសមកពីអាម៉េរិក ឥណ្ឌា អង់គ្លេស ម៉ាឡេស៊ី និងអូស្ត្រាលី។
ក្រៅពីការបាត់បង់ជីវិតមនុស្ស ប្រព័ន្ធអេកូឡូស៊ី និងហេដ្ឋារចនាសម្ព័ន្ធថាមពលបៃតង់ក៏រងការខូចខាតធ្ងន់ធ្ងរផងដែរ រួមមានទំនប់វារីអគ្គិសនី រោងចក្រថាមពលពន្លឺព្រះអាទិត្យ និងបណ្តាញអគ្គិសនីត្រូវបានផ្តាច់ទាំងស្រុង។ នៅខាងដែនដីទីបេ ច្រកព្រំដែនជីរ៉ុង Jirong ក៏រងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដូចគ្នា។
នាយករដ្ឋមន្ត្រីណេប៉ាល់ លោកបាឡេនដ្រា ស្ហ៉ា (Balendra Shah) បានអំពាវនាវឱ្យប្រជាជាតិទាំងមូលនៅជួរភ្នំហិមាល័យរួបរួមគ្នា ហើយរដ្ឋាភិបាលនឹងប្រើប្រាស់គ្រប់ធនធាន និងមធ្យោបាយដើម្បីជួយសង្គ្រោះ។
ចំណែកប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានបញ្ជាឱ្យប្រើប្រាស់ធនធានសរុបដើម្បីស្វែងរកអ្នកបាត់ខ្លួន ជម្លៀសប្រជាជន និងព្យាបាលអ្នករបួសឱ្យបានលឿនបំផុត។
បច្ចុប្បន្ន កងទ័ពណេប៉ាល់បានប្រើប្រាស់ហោះហើរជួយសង្គ្រោះតាមអាកាស និងជម្លៀសប្រជាជនបាន ១១៤នាក់នៅស្រុករ៉ាស៊ូវ៉ា (Rasuwa)។ ទោះជាយ៉ាងណា អ្នកជំនាញផ្នែកបរិស្ថាន និងអាជ្ញាធរនៅតែព្រមានឱ្យប្រជាជនរស់នៅតាមដងទន្លេរកកន្លែងសុវត្ថិភាព ព្រោះការបិទស្ទះប្រភពទឹកនៅផ្នែកខាងលើ អាចបង្កឱ្យមាន «រលកទឹកជំនន់ថ្មី» ដេញមកបន្ថែមទៀតគ្រប់ពេលវេលា។
