ការធ្លាក់ភ្លៀងមិនធ្លាប់មាន ទឹកជំនន់ឡើងភ្លាមៗ និងការជម្លៀសប្រជាជន​នៅ ប្រទេសអេស្ប៉ាញ និងព័រទុយហ្គាល់

ខ្យល់ព្យុះ លីអូណាដូ បានបង្កជាការធ្លាក់ភ្លៀងក្នុងបរិមាណមិនធ្លាប់មាននៅប្រទេស​អេស្បាញ និងព័រទុយហ្គាល់ ដែលបង្កជាទឹកជំនន់ដ៏ខ្លាំងក្លា ការជម្លៀសប្រជាជន និងវិបត្តិ​ជាច្រើន​ទៅមុខទៀត។ អាជ្ញាធរបានប្រឈមមុខនឹងស្ថានភាពទឹកជំនន់ដ៏កម្រ មិនធ្លាប់មាន​នៅ​ក្នុងបរិបទ​នៃព្រឹត្តិការណ៍ឧតុនិយមដ៏ញឹកញាប់ហួសហេតុ​នៅប្រទេសអឺរ៉ុបភាគខាងត្បូង។

ភ្លៀងធ្លាក់ខ្លាំងជាពិសេស ដោយសារខ្យល់ព្យុះ លីអូណាដូបានបោកបក់លើឧបទ្វីប​អេស្ប៉ាញ កាលពីសប្តាហ៍មុន ដែលបណ្តាលឲ្យមានទឹកជំនន់ធំ និងការជម្លៀសប្រជាជន​​រាប់ពាន់​នាក់​នៅ​ប្រទេសអេស្ប៉ាញ និងព័រទុយហ្គាល់។

វិបត្តិដ៏បំផ្លិចបំផ្លាញនេះ មិនបានរារាំង​ការរៀបចំការបោះឆ្នោត​កាលពីថ្ងៃ​អាទិត្យដែរ។ ទោះបី​ជា​​បេក្ខជនមកពីបក្សស្តាំនិយមជ្រុល លោកអង់ដ្រេ វ៉េនទូរ៉ា បានសុំឲ្យមានការពន្យារពេល​បោះឆ្នោត ដែលលោកត្រូវប្រកួតប្រជែងជាមួយលោកអង់តូនីញ៉ូ ហ្ស៉ូសេ សេហ្គូរ៉ូ បេក្ខជន​សង្គម​និយមកណ្តាល ដែល​ត្រូវបានគេរំពឹងថា នឹងឈ្នះយ៉ាងទូលំទូលាយក្តី ក៏ក្រុមគណៈ​កម្មការ​​រៀបចំការបោះឆ្នោតបានបដិសេធយ៉ាងឆាប់រហ័ស និងរំឭកថា ច្បាប់​ព័រទុយហ្គាល់មិន​អនុញ្ញាតឲ្យមាន “ការពន្យារពេលទូទៅនៃការបោះឆ្នោតនៅកម្រិតជាតិ” ទេ។

នាយករដ្ឋមន្ត្រីព័រទុយហ្គាល់ លោកល្វីស ម៉ុងតេណេហ្គ្រូ បានទទួលស្គាល់ថា ៖​«នេះគឺ​ជាវិបត្តិ​ដ៏​​បំផ្លិចបំផ្លាញ”។ ប៉ុន្តែលោកបានវាយតម្លៃថា ការរំខានទាំងនេះអាចពុះពារ និង​បាន​អំពាវនាវ​ឲ្យ​មាន ដួងព្រលឹងនៃការលះបង់ ពីអ្នកបោះឆ្នោត ដើម្បី​លើកទឹកចិត្តឲ្យពួកគេទៅបោះឆ្នោត​នៅថ្ងៃ​អា​ទិត្យ ទោះបីជាស្ថានភាពមានសភាពបែបក៏ដោយ។

ទោះបីជាយ៉ាងណា ច្បាប់ក៏គ្រោងសម្រាប់លទ្ធភាព​នៃការពន្យាពេលការបោះឆ្នោត ប៉ុន្តែ​គឺ​អាស្រ័យ​លើការសម្រេចចិត្តរបស់អាជ្ញាធរឃុំសង្កាត់ ដូចដែលត្រូវបានប្រកាស​ពន្យាកាល​ពី​សប្តាហ៍​មុន​នៅឃុំ អាល់កាសេ ដូ សាល់ នៅភាគខាងត្បូងនៃប្រទេសព័រទុយហ្គាល់​ដែលត្រូវ​បាន​ប៉ះពាល់ខ្លាំងក្លា។ លោកស្រីក្លារីស កំប៉ុស បានថ្លែងថា ៖ « យើងមិនអាចរៀបចំការ​បោះ​ឆ្នោត​នៅថ្ងៃអាទិត្យនេះបានទេ »។ លោកស្រីបានបញ្ជាក់ថា ភូមិជាច្រើនក្នុងឃុំមួយនេះ ដែល​មាន​​អ្នកបោះឆ្នោតប្រមាណ ១០០០០ នាក់ ត្រូវបានកាត់ផ្តាច់ពីតំបន់ផ្សេង និងផ្នែក​មួយនៃ​កណ្ដាល​ទីក្រុង ក៏ត្រូវបានទឹកនៃទន្លេសាដូ ពន្លិចជ្រៅផងដែរ។

នៅកណ្តាលនៃប្រទេស ក្រុមការពារស៊ីវិលនៃតំបន់ សានតារ៉េម បានលើកឡើងអំពី​ហានិភ័យ​នៃទឹកជំនន់ពីទន្លេតាហ្ស៍ ឡើងដល់កម្រិតក្រហម ដែលជាកម្រិតប្រកាសអាសន្ន​អតិបរិមា។ ហើយ​អាជ្ញាធរតំបន់បានបញ្ជាឲ្យមាន​តម្រូវការជម្លៀស​នៅលើតំបន់ច្រាំងទន្លេ។ លោក​ម៉ារីយ៉ូ ស៊ីលវេស្រ៍ មេបញ្ជាការជាតិនៃក្រុមការពារស៊ីវិល បានបញ្ជាក់ថា ៖ “យើងមិន​ដែល​​បានជួប​ស្ថានភាពបែបនេះទេនៅអាងទន្លេតាហ្ស៍ ចាប់តាំងពីឆ្នាំ១៩៩៧។”

យោងតាមទីភ្នាក់ឧតុនិយមជាតិ បានឲ្យដឹងថា ប្រទេសព័រទុយហ្គាល់ដែល​ត្រូវបានបំផ្លាញ​កាល​ពីសប្តាហ៍មុនដោយខ្យល់ព្យុះ គ្រីស្ទីន និងធ្វើឲ្យមានមនុស្ស ៥នាក់ ស្លាប់ កំពុងឆ្លង​កាត់​ខែ​មករាទី២ ដែលមានភ្លៀងធ្លាក់ច្រើនបំផុត​ចាប់តាំងពីឆ្នាំ២០០០។ តុល្យការខូចខាតដោយ​ខ្យល់​ព្យុះ លីអូណាដូ ពេលនេះ មានម្នាក់នៅព័រទុយហ្គាល់ គឺជាស្រ្តី ដែលត្រូវចរន្តទឹកហូរ​នាំ​យក​ទៅ។

យោងតាមទីភ្នាក់ងារឧតុនិយមអេស្ប៉ាញ បានឲ្យដឹងថា ឧបទ្វីបអេស្ប៉ាញស្ថិតនៅ​ក្នុងខ្សែ​ត្រៀម​​ទី១ ប្រឈមមុខនឹងការធ្លាក់អន់ថយខាងអាកាសធាតុ​នៅអឺរ៉ុប និងបានរងគ្រោះតាំងពី​ច្រើន​ឆ្នាំមកហើយ ដោយសាររលកកម្តៅដែលកាន់តែវែងទៅៗ និងការធ្លាក់ភ្លៀងខ្លាំងហួស​ដែល​មានកាន់តែញឹកញាប់ និងខ្លាំងក្លាខ្លាំងឡើងៗ។ ព្យុះ លីអូណាដូ គឺជាព្យុះទី៦ ចាប់តាំងពី​ដើម​ឆ្នាំ២០២៦ ដែលមិនដល់ជាងមួយខែផង។

 

Daily Program

Livesteam thumbnail