ឪពុកម្តាយជាគ្រីស្តបរិស័ទត្រូវធ្វើបែបណាដើម្បីឲ្យកូនៗមានជំនឿលើព្រះយេស៊ូ?

បកស្រាយ​ដោយ៖ លោកបូជាចារ្យ អេមេល្សដាល ហ្រ្វង់ស័រ ពីមណ្ឌល​សកម្មភាព​ភ្នំពេញ​ខាង​ត្បូង ភូមិភាគភ្នំពេញ។

បូ. អេមេល្សដាល ហ្រ្វង់ស័រ៖ តាមពិតរឿងនេះស្មុគស្មាញ ព្រោះយើងជាឪពុកម្តាយជាគ្រីស្តបរិស័ទយើងមានជំនឿមាំមួន ហើយពេលខ្លះយើងឃើញថាកូនៗមិនបានចាប់អារម្មណ៍ពីគ្រីស្តសាសនា ឃ្លាតឆ្ងាយពីព្រះជាម្ចាស់បន្តិចម្តងៗ ជាពិសេសនៅពេលពួកគេមានវ័យជំទង់។

តើអាណាព្យាបាលជាគ្រីស្តបរិស័ទ គួររិះគិតធើ្វបែបណា ដើម្បីឲ្យកូនរបស់ខ្លួនមានជំនឿលើព្រះជាម្ចាស់? យើងអាចនិយាយបានថាមិនស្រួលនោះទេ! តែយើងអាចនិយាយបានថា យើងត្រូវតែជួយកូនឲ្យស្គាល់ព្រះជាម្ចាស់តាំងពីដំបូង គឺនៅក្នុងផ្ទះ អប់រំកូន ធ្វើសញ្ញាឈើឆ្កាង បង្រៀនកូនឲ្យចេះអធិដ្ឋាន បង្រៀនកូនឲ្យចេះចែកទ្រព្យសម្បត្តិដល់អ្នកដទៃ បង្រៀនកូនឲ្យចេះលើកលែងទោស ហើយនាំកូនទៅព្រះវិហារ រៀនអប់រំជំនឿ​ ភ្ជាប់ទំនាក់ទំនងល្អជាមួយគ្រីស្តបរិស័ទ និងចូលរួមថ្វាយអភិបូជា។​

បន្តិចម្តងៗ បើសិនជាកូនចាប់អារម្មណ៍ ឪពុកម្តាយគួរជួយលើកទឹកចិត្ត​ និងជំរុញឲ្យកូនមានសកម្មភាពខ្លះៗនៅក្នុងព្រះវិហារ។ មិនត្រឹមតែរៀនអប់រំជំនឿ គឺឲ្យគាត់មានសកម្មភាពជាអ្នកបម្រើអាសនៈ ក្រុមសង្គហៈ ដើម្បីធ្វើកម្មភាពចុះជួយអ្នកក្រីក្រនៅតាមតំបន់ ឬនៅក្នុងព្រះសហគមន៍។ តែពេលកូនមានវ័យជំទង់ប្រហែលពិបាកជាង ព្រោះវ័យនេះគេចង់មានសេរីភាព ចង់មានឯករាជ គេមិនចង់ពឹងផ្អែកលើឪពុកម្តាយ។ ប៉ុន្តែយើងត្រូវតែរក្សាទំនាក់ទំនងជាមួយកូនៗ ទោះជាគាត់មិនចង់ទៅថ្វាយអភិបូជាជារៀងរាល់ថ្ងៃអាទិត្យ​ តែយើងត្រូវមានរបៀបពន្យល់គាត់ ឬក៏ចុះកិច្ចសន្យាជាមួយគាត់ មួយខែត្រូវចូលព្រះវិហា២ឬ៣ដងជាដើម។ សំខាន់បំផុតគឺយើងត្រូវតែរក្សាទុកទំនាក់ទំនងល្អជាមួយគាត់ និងជាមួយយុវជនទូទៅជានិច្ច។ រឿងសំខាន់មួយវិញទៀត ឪពុកម្តាយត្រូវធ្វើជាគំរូសម្រាប់កូន បើសិនជាឪពុកម្តាយមិនដែលចូលព្រះវិហារ មិនដែលចែកទ្រព្យសម្បត្តិដល់អ្នកដទៃ និងលើកលែងទោសឲ្យអ្នកដទៃប្រហែលជាកូនៗធ្វើតាមឪពុកម្តាយដែរ។ ដូច្នេះដើម្បីជួយកូនឲ្យមានជំនឿយើងក៏ត្រូវមានជំនឿរឹងមាំ យើងត្រូវតែអធិដ្ឋានឲ្យបានច្រើន ឲ្យកូនមានទំនាក់ទំនង ឬក៏មានមិត្តភក្តិជាគ្រីស្តបរិស័ទ។ ជាពិសេសយើងត្រូវឧស្សាហ៍អញ្ជើញលោកពុក បងស្រី ញ៉ាំបាយនៅផ្ទះជាមួយក្រុមគ្រួសារ​ ឲ្យកូនមានទម្លាប់ស្គាល់លោកពុក បងប្រុសបងស្រី ស្គាល់គ្រីស្តបរិស័ទ និងភ្ជាប់ជាមួយបរិយាកាសបែបគ្រីស្តបរិស័ទ។

តាមពិតទៅយើងមិនមែនជាម្ចាស់របស់កូននោះទេ គឺមានតែព្រះជាម្ចាស់មួយអង្គប៉ុណ្ណោះ។ សន្តីម៉ូនីកា ជាសន្តីដ៏ល្បីឈ្មោះមួយរូប គាត់មានកូនឈ្មោះអូគូស្ទីន ដែលជាក្មេងរពឹស និងមិនស្តាប់បង្គាប់ម្តាយ ហើយតែងតែប្រព្រឹត្តផ្តេសផ្តាស។ ប៉ុន្តែសន្តី ម៉ូនីកាជាម្តាយ បានតាំងចិត្តអធិដ្ឋានទូលអង្វរព្រះជាម្ចាស់ទាំងថ្ងៃទាំងយប់ ពេលខ្លះរហូតស្រក់ទឹកភ្នែកទៀតផង។ តែគាត់មិនដែលអស់សង្ឃឹមនោះទេ ថ្ងៃមួយការព្យាយាមរបស់សន្តី ម៉ូនីកា ក៏កើតចេញជារូបរាង ដោយអូគូស្ទីន ដែលជាកូនបានកែប្រែចិត្តគំនិតរហូតបានក្លាយជាអភិបាល និងសន្តបុគ្គលម្នាក់ល្បីឈ្មោះ។

ដូច្នេះហើយសូមកុំអស់សង្ឃឹមពេលយើងឃើញកូនរបស់យើងឃ្លាតឆ្ងាយពីព្រះជាម្ចាស់ ពីជំនឿ ឬពីព្រះសហគមន៍ គឺយើងត្រូវតែអធិដ្ឋាន និងសុំជំនួយពីមិត្តភក្តិជាគ្រីស្តបរិស័ទឲ្យជួយណែនាំអប់រំកូនរបស់យើងបន្ថែមទៀត ដើម្បីឲ្យពួកគាត់រកផ្លូវទៅកាន់​ជំនឿលើព្រះជាម្ចាស់ និងកុំឲ្យពួកគាត់វង្វេង។ ជាក់ស្តែងឃើញមានឪពុកម្តាយជាច្រើន មានការលំបាកក្នុងការណែនាំកូន។ ប៉ុន្តែសូមកុំអស់សង្ឃឹម យើងត្រូវមានចិត្តអត់ធ្មត់ ព្យាយាមទំនាក់ទំនង បង្ហាញគាត់ពីផ្លូវទៅកាន់អនាគត និងពីអត្ថប្រយោជន៍របស់ជំនឿដែលខ្លួនត្រូវជឿ។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ គឺព្យាយាមឲ្យកូនៗចូលនៅក្នុងសកម្មភាពរបស់ព្រះសហគមន៍ ហើយយើងជាឪពុកម្តាយក៏ឧស្សាហ៍បង្ហាញឲ្យកូនឃើញពីការចូលរួម និងទំនាក់ទំនងរបស់ខ្លួនជាមួយព្រះសហគមន៍ដែរ។ ព្រោះថា ទំនាក់ទំនងទាំងនេះហើយដែលជួយឲ្យព្រះសហគមន៍មានជីវិតរស់រវើក និងបង្ហាញឲ្យកូនចាប់អារម្មណ៍ និងមានជំនឿលើព្រះជាម្ចាស់៕

រៀបចំ​ដោយ ឆាក លាំង

Daily Program

Livesteam thumbnail