ប្រធានបទ៖ សក្ខីភាពរបស់គ្រីស្តបរិស័ទគឺជាការប្រកាសដំណឹងល្អពីព្រះជាម្ចាស់!
បកស្រាយដោយ៖ លោកអភិបាលសិលា សួន ហង្សលី (អភិបាលឧបត្ថម្ភកៈភូមិភាគភ្នំពេញ)
អភិ. សួន ហង្សលី៖ ពេលណាយើងនិយាយអំពីព្រះយេស៊ូគ្រីស្ត ដែលយាងមកសង្គ្រោះយើង ជាព្រះអង្គម្ចាស់ ជាព្រះបុត្រារបស់ព្រះជាម្ចាស់ នាំឲ្យយើងបើកចិត្តគំនិតទទួលព្រះអង្គ យើងម្នាក់បានក្លាយទៅជាគ្រីស្តបរិស័ទ យើងត្រូវតែចេះចោទសំណួរសួរខ្លួនឯងថា តើយើងត្រូវប្រកាសដំណឹងល្អអំពីព្រះយេស៊ូជាព្រះគ្រីស្តយ៉ាងដូចម្តេចទៅបងប្អូនឯទៀតៗ?។ សក្ខីភាពរបស់យើងជាគ្រីស្តបរិស័ទពិតជាសំខាន់ខ្លាំងណាស់ សម្រាប់អ្នកដែលកំពុងចាប់អារម្មណ៍និងជីវិតអំពីព្រះយេស៊ូ គ្រប់កិច្ចការរបស់គ្រីស្តបរិស័ទ គឺបានបង្ហាញតាមកិច្ចការប្រចាំថ្ងៃដែលបង្ហាញចេញអំពីជំនឿ។ ការចូលរួមអភិបូជា កម្មវិធីអធិដ្ឋាន ឬក៏សកម្មភាពផ្សេងទៀតទាក់ទងនិងជំនឿ មិនថានៅក្នុងព្រះវិហារ ឬក៏ធ្វើជាលក្ខណៈឯកជននៅផ្ទះតែម្នាក់ឯង ឬរួមជាមួយគ្រួសារដោយរិះគិតអំពីព្រះបន្ទូល គឺបង្ហាញឲ្យឃើញថាយើងពិតជាបានខិតខំរស់នៅក្នុងជំនឿពិតប្រាកដមែន។
បងប្អូនអ្វីដែលយើងអាចប្រកាសដំណឹងល្អទៅកាន់បងប្អូនគឺ របៀបរស់នៅដោយសេចក្តីស្រឡាញ់! មានន័យថានៅក្នុងក្រុមគ្រួសារមួយ យើងត្រូវព្យាយាមជួយគ្នាទៅវិញទៅមក ព្យាយាមលើកលែងទោសឲ្យគ្នា ប្រសិនបើឈ្នោះគ្នា ព្យាយាមសម្តែងសេចក្តីស្រឡាញ់ កសាងគ្រួសារមួយដែលមានសុភមង្គល ដែលនេះសុទ្ធតែបង្ហាញពីព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ត្រង់ចំណុចនេះបញ្ចាក់ថា បើយើងរស់នៅដោយសុភមង្គល វាជាការប្រកាសដំណឹងល្អមួយទៅដល់បងប្អូនរបស់យើង។ ការរៀនអំពីជំនឿ ដែលព្រះសហគមន៍បានបង្រៀន តាមរយៈឯកសារ ការអប់រំជារឿងសម្តែង ឬក៏តាមរយៈកិច្ចការមួយចំនួនទៀត។ ការរៀនស្តាប់ អាន រិះគិតបន្ថែមពីព្រះគម្ពីរជួយយើងឲ្យកាន់តែស៊ីជម្រៅក្នុងការឆ្លើយតបរាល់ការងឿងឆ្ងល់របស់បងប្អូនដែលមានគំនិតចង់ស្គាល់ព្រះយេស៊ូ ដែលជាប្រភពជំនឿដំបូងគេរបស់គ្រីស្តបរិស័ទទូទៅ។ ការចេះឆ្លើយអំពីជំនឿរបស់យើងឲ្យបងប្អូនបានយល់ ក៏ជាការប្រកាសដំណឹងល្អមួយផងដែរ។ មួយវិញទៀត ការបង្ហាញសេចក្តីមេត្តាករុណាជាមួយបងប្អូននៅជុំវិញខ្លួនយើង គឺជាសក្ខីភាពដ៏ល្អអំពីវត្តមានរបស់ព្រះជាម្ចាស់សម្រាប់មនុស្សទូទៅ៕ អាមែន
ដោយ ឆាក លាំង