អត្ថាធិប្បាយគម្ពីរថ្ងៃទី២៣ខែសីហា ឆ្នាំ២០២៥ លោកបូជាចារ្យ អ៊ុន សុន

នៅពេលវេលានេះ ខ្ញុំសូមអញ្ជើញបងប្អូនចូលរួមអធិស្ឋានដើម្បីសុំព្រះវិញ្ញាណជួយបំភ្លឺ ជួយណែនាំយើង ដើម្បីឱ្យ សន្តិភាព មានកើតឡើងចំពោះប្រទេសយើងទាំងពីរ ទាំងប្រទេសថៃ ប្រទេសខ្មែរដែលកំពុងតែមានសង្គ្រាមជាមួយគ្នានេះ។ ជាពិសេសសូមព្រះវិញ្ញាណជួយបំភ្លឺ ជួយណែនាំដល់ថ្នាក់ដឹកនាំទាំងប្រទេសយើង ទាំងប្រទេសថៃ ដើម្បីសូមលោកទាំងពីររកដំណោះស្រាយដោយសន្តិវិធី និងនាំសន្តិភាពដល់ប្រទេសទាំងពីរ។

បងប្អូនជាទីស្រឡាញ់ ព្រះបន្ទូលដំណឹងល្អថ្ងៃនេះ នាំឱ្យជួយឱ្យយើងរីកគិតអំពីកិច្ចការដែលពួកផារ៉ាស៊ី និងពួកធម្មាចារ្យបានបង្រៀន។ ព្រះយេស៊ូប្រាប់ថា៖ «អ្វីដែលគេបានបង្រៀន សូមទទួលយក ប៉ុន្តែកុំយកតម្រាប់តាមគេ»។ ចំណុចនេះជួយឱ្យយើងរិះគិត ដូចសុភាសិតខ្មែរនិយាយថា៖ «ពុតគ្រូកុំត្រាប់ ច្បាប់គ្រូសុំយក»។ នេះជាសេចក្តីមួយដែលនាំឱ្យយើងយកមកពិចារណានូវទង្វើរបស់យើង។ ប្រសិនបើអ្វីដែលយើងនិយាយ ហើយយើងមិនបានធ្វើ ក៏ប្រៀបដូចជាអត់បានធ្វើអញ្ចឹង ដូចជាសូន្យអញ្ចឹង។

អញ្ចឹងពេលខ្ញុំចែកនូវទេសនា គឺខ្ញុំខិតខំចែកនូវអ្វីដែលខ្ញុំមាន អ្វីដែលខ្ញុំបានធ្វើតាមជំនឿដែលយើងបានទទួល។ នេះជាចំណុចសំខាន់ក្នុងការរស់នៅ ក្នុងការប្រតិបត្តិជំនឿរបស់យើង។ អញ្ចឹងយើងឃើញថាអ្វីៗដែលយើងមាន ការដែលយើងមាន ដើម្បីជួយឱ្យយើងអនុវត្តតាមសេចក្តីដែលយើងបានរស់នៅ និងធ្វើសេចក្តីទាំងអស់នោះបាន។

ហើយថ្ងៃនេះដែរ ជួយឱ្យយើងដឹងថា ព្រះយេស៊ូជ្រាបថា នរណាស្រឡាញ់និងរក្សាជីវិតនៅក្នុងលោកនេះនឹងបាត់បង់ រីឯអ្នកដែលបាត់បង់ជីវិតក្នុងលោកនេះ បច្ចុប្បន្ននេះ នឹងបានជីវិតថ្មីអស់កល្បជានិច្ច។ សូមបងប្អូនអធិស្ឋានទូលដល់ព្រះជាម្ចាស់ ដើម្បីជួយឱ្យយើងម្នាក់ៗចេះលះបង់ជីវិតរបស់ខ្លួន ដើម្បីស្រឡាញ់និងបម្រើបងប្អូនអ្នកទៀតឱ្យទៀត។

បងប្អូនជាទីស្រឡាញ់ មនុស្សយើងសុទ្ធតែជាអ្នកបាប។ មានតែព្រះជាម្ចាស់មួយព្រះអង្គទេដែលជាព្រះដ៏វិសុទ្ធ ជាព្រះជាម្ចាស់ ១០០ ភាគរយ។ ដូច្នេះ ឱ្យយើងដឹងថា ពេលយើងជាបុត្រធីតារបស់ព្រះអង្គ យើងជាបងប្អូននឹងគ្នា យើងត្រូវខិតខំរស់នៅ ដើម្បីគោរពស្រឡាញ់ព្រះជាម្ចាស់។ ព្រះជាម្ចាស់ដ៏វិសុទ្ធ ព្រះជាម្ចាស់មានសេចក្តីស្រឡាញ់និងធម៌មេត្តាករុណាដល់មនុស្សលោក ព្រះអង្គបង្កើតមនុស្សយើងមកដើម្បីឱ្យយើងមានលក្ខណៈផ្សេងៗពីគ្នា ឱ្យយើងមានសេរីភាពផ្សេងៗពីគ្នា។ ដូច្នេះ ទាំងលក្ខណៈផ្សេងពីគ្នា ទាំងគុណសម្បត្តិ មានសេរីភាព ដើម្បីជួយឱ្យយើងដឹងថាយើងចេះរស់នៅជាបុត្រធីតារបស់ព្រះបិតា។

ហើយថ្ងៃនេះ ចូលយើងប្រតិបត្តិ ចំពោះបងប្អូនយ៉ាងណា ឱ្យយើងចេះប្រតិបត្តិចំពោះគ្នាទៅវិញទៅមក ដូចជាយើងបានប្រតិបត្តិចំពោះព្រះជាម្ចាស់ដែរ។ ព្រះយេស៊ូបានមកក្នុងលោកនេះ ដើម្បីព្រះអង្គសម្ដែងមេត្តាករុណារបស់ព្រះបិតា ហើយលើកលែងទោសឱ្យយើង។ ដូច្នេះ ចូលយើងស្រឡាញ់គ្នា និងចេះមានចិត្តអាណិតមេត្តាគ្នា និងលើកលែងទោសឱ្យគ្នា៕​

 

 

Daily Program

Livesteam thumbnail