ថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០២៥ អត្ថបទគម្ពីរ លូកា (៦,១២ - ១៨)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រឿង ឆ័ត្រសិរី

ថ្ងៃនេះព្រះបន្ទូល លូកាជំពូកទី(៦,១២-១៨) បានជំរុញទឹកចិត្តឲ្យបងប្អូនជា​សាវ័ករបស់ព្រះអង្គដើ​រ​តាម​ព្រះអង្គអំពីការជ្រើសរើសសិស្សថ្មី​ ដែលហៅថាក្រុមគ្រីស្តទូតដែលមាន១២នាក់។​ សាវ័ករបស់ព្រះយេ​ស៊ូ​មាន​ច្រើន ក៏ដូចជាអ្នកដើរតាមព្រះអង្គមានច្រើន ប៉ុន្តែព្រះយេស៊ូបានជ្រើសរើសតែ១២នាក់ទេ​ជា​ទូត​របស់​ព្រះអង្គ យើងហៅថា “ក្រុមគ្រីស្តទូត” ឬមានពាក្យមួយដែលយើងអាចហៅបានដែលគឺ “អគ្គសាវ័ក”។ មានន័យថាអ្នកដែលត្រូវព្រះអម្ចាស់យេស៊ូគ្រីស្តជ្រើសរើស  និងមានតួនាទីជួបជាមួយព្រះអង្គ។

ក្រោយពេលព្រះយេស៊ូឡើងទៅស្ថានបរមសុខហើយគ្រីស្តទូតទាំង១២នេះ ​ចេញ​ទៅ​ប្រកាសដំណឹង​ល្អ​គ្រប់​​ទីកន្លែង! លើកលែងតែម្នាក់ ដែលបងប្អូនដឹងហើយថាគាត់មិនបំពេញតួនាទីនេះ គឺយូដាសអ៊ីស្កា​រី​យ៉ុត​​។ សម្រាប់ការងារនេះការជ្រើសរើសអ្នកបន្តវេនគឺជាកិច្ចការដ៏សំខាន់ត្បិតអ្នកនោះ ត្រូវបន្តព្រះ​សក​ម្មរបស់​ព្រះអង្គក្នុងលោកនេះ។ ចំនុចទីមួយព្រះបន្ទូលថ្ងៃនេះ គឺព្រះអង្គអធិដ្ឋាន ការ​ជ្រើសរើស​សិស្ស​មិន​មែន​ជាការងារធម្មតាទេ ព្រះអង្គអធិដ្ឋានទៅព្រះបិតា ដើម្បីជួយបំភ្លឺព្រះអង្គឲ្យជ្រើសរើសសាវ័ក១២នាក់ ដែលជាអគ្គសាវ័កឬហៅថាក្រុមគ្រីស្តទូតហ្នឹងឲ្យបានល្អប្រសើរ​ ឲ្យគាត់យល់ជ្រាប​នូវ​ព្រះសកម្ម​ដែល​ព្រះអង្គ​បានធ្វើ ការណែនាំ ការបង្រៀនដើម្បីយកទៅចែកចាយ។

បាទ! បងប្អូនដឹងហើយ កិច្ចការណាសំខាន់ យើងត្រូវតែមានការអធិស្ឋានយ៉ាងល្អ។ តើបងប្អូនមានអធិដ្ឋា​ន​មុនបងប្អូនធ្វើកិច្ចការសំខាន់ៗប្រចាំថ្ងៃឬទេ? ដូច្នេះសូមឲ្យបងប្អូនរក្សាការអធិដ្ឋាន ជាទំនាក់ទំនងជា​មួយ​ព្រះជាម្ចាស់គ្រប់សកម្មភាពក្នុងជីវិតរបស់យើង។ ពេលបងប្អូនទៅដល់ផ្ទះ អរគុណព្រះជាម្ចាស់ ប៉ុន្តែ​យើង​អធិដ្ឋាន​សូមព្រះអង្គសម្រាប់ ការបំពេញ មុនបំពេញការងាររបស់យើង នេះគឺជាចំណុច​ទីមួយ​ជា​ចំណុចល្អសម្រាប់ព្រះបន្ទូលថ្ងៃនេះ។

ចំណុចទីពីរ យើងត្រូវតែរៀនអំពីជីវិតព្រះសហគមន៍ ក្រុមគ្រីស្តទូត១២នាក់ គឺក្រុម​ដែល​ជា​ព្រះ​សហ​គមន៍​ទូតមួយ។ ពួកគេមកពីកំណើតមូលដ្ឋានខុសៗគ្នា ការអប់រំខុសៗគ្នា ជីវិតមូលដ្ឋានរបស់គាត់ខុសៗគ្នា ខ្លះមានគំនិត ខ្លះចេះសរសេរ ខ្លះអត់ចេះសរសេរ ធ្វើតែការងារនេសាទ ខ្លះមានរបៀបជាតិនិយម​ខ្លះទៀត ទៅបម្រើពួករ៉ូមុំាងជាអ្នកទារពន្ធ។ យើងឃើញរបៀបដែលពួកគេរស់នៅពីដើមមក ​គឺពិបាករស់នៅ​ជាមួ​យ​គ្នា​ណាស់! ក៏ប៉ុន្តែដោយសារព្រះយេស៊ូបង្ហាញធម្មមេត្តាករុណា សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ បង្ហាត់ពន្យល់គេ ធ្វើយ៉ាងណាឲ្យចេះរួមរស់ជាមួយគ្នា ទោះបីគំនិតមិនស្របគ្នា មិនត្រូវគ្នាទាំងអស់ ដោយ​សារ​មូលដ្ឋានគ្រឹះនៃជីវិតខុសៗគ្នាក៏ដោយ ក៏អ្នកទាំងនោះឆ្លើយ​តបនៃការដើរតាម​ព្រះអង្គដោយស្មោះ​ត្រង់​។ លះបង់អ្វីដែលជាគំនិតចាស់របស់ខ្លួនយកជីវិតថ្មី គឺដើរតាមព្រះយេស៊ូ បង្រៀនអ្វីដែលព្រះអង្គបានធ្វើ អនុវត្តអ្វីដែលព្រះអង្គបានបង្រៀន។

ដូច្នេះសាវ័កទាំង១២នាក់ជាគំរូឲ្យយើងរស់នៅជាមួយសង្គមជាពិសេសក្នុងព្រះសហគមន៍ ក្នុងគ្រួសារ ទោះ​​បីយើងមានភាពខុសគ្នាគំនិតមិនត្រូវគ្នា របៀបរស់នៅខុសគ្នាក៏ដោយ សូមឲ្យព្រះយេស៊ូ​ជា​ចំ​ណុច​កណ្ដាល ជាមជ្ឈមណ្ឌលមួយដើម្បីប្រមូល រួបរូមយើងឲ្យធ្វើដំណើររួមជាមួយគ្នាបាន ជាពិសេស​យើង​បាន​ឆ្លង​កាត់នៃឆ្នាំសន្និបាត ឬហៅថាការរួមដំណើរជាមួយគ្នា (sodality)។

នេះជាគំនិតមួយដែលព្រះសហគមន៍យើងកំពុងអនុវត្ត! សូមបងប្អូនបន្តតាមគំរូរបស់​ក្រុមគ្រីស្ត​ទូ​តថ្ងៃ​នេះ​។ យើងឆ្លើយតបដើរតាមព្រះអង្គជាមួយគ្នា ទោះបីយើងមកពីស្ថានភាពខុសៗគ្នាក៏ដោយ។ បាទ សូម​ឲ្យ​ព្រះ​បន្ទូលថ្ងៃនេះជួយបងប្អូនរស់នៅយ៉ាងត្រឹមត្រូវ ល្អសម្រមជាគ្រីស្តបរិស័ទយ៉ាងត្រឹមត្រូវដែរ។ សូម​ព្រះជា​ម្ចាស់ប្រទានពរដល់បងប្អូន៕

 

Daily Program

Livesteam thumbnail