ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (លូកា ១៤,១.៧-១៤)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ គង់ វៀល

បងប្អូនជា VIP! VIP ប្រែថាជាអ្នកមានឋានៈ អ្នកធំៗ ប៉ុន្តែនៅទីនេះព្រះអង្គមានព្រះបន្ទូលថា បងប្អូនជា VIP។ VIP របស់ព្រះជាម្ចាស់ដែលនឹងមានកន្លែងពិសេសនៅឋានបរមសុខ។ ក្នុងអត្ថបទព្រះគម្ពីរ ថ្ងៃអាទិត្យនេះ ជាថ្ងៃអាទិត្យទី ២២ ក្នុងរដូវធម្មតាជាគ្រីស្តបរិស័ទ យើងបានស្តាប់ព្រះបន្ទូល ហើយយើងបានងឿងឆ្ងល់ ហេតុអីបានជាព្រះអង្គរាប់យើងជា VIP? ព្រះអង្គគាប់ព្រះហឫទ័យឲ្យយើងមានកៅអីពិសេសចំពោះព្រះអង្គនៅឋានបរមសុខ។ ព្រះអង្គឲ្យយើងរួបរួមគ្នានៅពេលដែលព្រះអង្គធ្វើពិធីជប់លៀង កូនចៀមមាន ន័យថាជប់លៀងចុងក្រោយ ជប់លៀងអស់កល្បជានិច្ចនៅឋានបរមសុខ។
នៅពេលនោះព្រះអង្គរាប់យើងជាភ្ញៀវកិត្តិយសរបស់ទ្រង់ អស្ចារ្យឬអត់? ច្រើនដងច្រើនសារ យើងទៅជប់លៀងចូលរួមការគេ អត់ដឹងអង្គុយនៅណា អង្គុយនៅនេះ អង្គុយនៅនោះ អត់ហ៊ានព្រោះអត់សូវស្គាល់គេ អង្គុយក្រោយគេ។ ប៉ុន្តែក្នុងអត្ថបទព្រះគម្ពីរប្រាប់យើងថា នៅពេលជួបជុំជប់លៀងជាមួយយើង មិនចាំបាច់អង្គុយនៅក្រោយទេ នៅវិហារមិនចាំបាច់អង្គុយនៅក្រោយទេ គឺរាប់បងប្អូនជា មិត្តភក្តិជិតស្និទ្ធ។ សូមបងប្អូនមកជិតខ្ញុំ ហើយអង្គុយរួមតុជាមួយខ្ញុំ។
ព្រះអង្គជាព្រះជាម្ចាស់ គាប់ព្រះហឫទ័យយាងមកក្នុងចំណោមយើងខ្ញុំ ហើយរាប់យើងជាភ្ញៀវកិត្តិយស របស់ព្រះអង្គ នៅពេលដែលខ្ញុំថ្វាយអភិបូជាជារៀងរាល់ថ្ងៃអាទិត្យ ខ្ញុំសប្បាយណាស់។ ខ្ញុំឃើញក្មេងៗមកពីភូមិ ក្មេងៗក្រីក្រ ពេលខ្លះអាវរបស់គេអត់សូវស្អាតទេ ប៉ុន្តែពួកគាត់ពាក់អាវស ដើម្បីបម្រើព្រះជាម្ចាស់ ហើយពួកគាត់មានកិត្តិយសជាអ្នកបម្រើរបស់ព្រះជាម្ចាស់រួមតុជាមួយព្រះអង្គ។ ពួកគាត់នៅជិតអាសនៈនោះ ដូចVIPរបស់ព្រះជាម្ចាស់។ ពិតជាអស្ចារ្យមែនទែន។ចូរបងប្អូនដឹងពី តម្លៃរបស់ខ្លួន ចូរបងប្អូនដឹងថា បងប្អូនមានកិត្តិយសជាភ្ញៀវអស្ចារ្យ ភ្ញៀវធម្មតា ប៉ុន្តែភ្ញៀវដែលមានដូចជា បទពិសោធន៍ពិសេស គឺក្លាយទៅជាអ្នករួមតុ រំលែកជាមួយព្រះជាម្ចាស់។ នៅពេលដែលយើងចែកនំប៉័ង “ព្រះកាយ” យើងទទួលព្រះ កាយរបស់ព្រះគ្រីស្តផ្ទាល់ ដើម្បីក្លាយទៅជាភ្ញៀវកិត្តិយសរបស់ព្រះអង្គ។
នេះជារបៀបដែលព្រះអង្គជួយរៀបចំដួងចិត្តរបស់យើង សម្រាប់ជីវិតអស់កល្បជានិច្ចនៅឋានសួគ៌។ ជីវិតនេះអស្ចារ្យមែនទែន ខុសឆ្ងាយពីអ្វីដែលយើងកំពុងរស់នៅនៅផែនដីនេះ។ ប៉ុន្តែនៅលើផែនដីនេះនៅពេលដែលយើងចូលរួមថ្វាយបង្គំដល់ព្រះជាម្ចាស់ យើងយល់កាន់តែច្បាស់ពីជីវិតអស់កល្បជានិច្ចដែលព្រះអង្គទ្រង់រៀបចំឲ្យយើង ជាពិសេសនៅពេលដែលយើងទទួលព្រះអង្គដោយសេចក្តីស្រឡាញ់ ក្នុងព្រះកាយ ក្នុងព្រះលោហិតរបស់ព្រះគ្រីស្ត។ អស្ចារ្យឬអត់? អស្ចារ្យមែនទែន។ ដូច្នេះសូមបងប្អូនត្រៀមខ្លួនពាក់អាវស្អាតៗទៅវិហារចូលរួមពីបូជាដើម្បីថ្វាយបង្គំដល់ព្រះជាម្ចាស់ហើយក្លាយទៅជាភ្ញៀវកិត្តិយស VIP របស់ព្រះជាម្ចាស់។ សូមព្រះជាម្ចាស់ប្រទានពរ៕
Daily Program
