ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (ម៉ាថាយ ២៥,១៤-៣០)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ អ៊ុន សុន

ជម្រាបសួរ បងប្អូនជាទីស្រឡាញ់! ខ្ញុំអញ្ជើញបងប្អូនអធិដ្ឋាន ទីណាមានមេត្តានិងសេចក្តីស្រឡាញ់ ព្រះជាម្ចាស់គង់ជាមួយយើង! ឥឡូវស្ថានភាពនៃសង្រ្គាមធ្វើឲ្យបាក់បែក ធ្វើឲ្យមានទុក្ខវេទនាទាំងអស់នេះ យើងសូមទូលអង្វរព្រះជាម្ចាស់ សូមឲ្យរាជរដ្ឋាភិបាលទាំង២ប្រទេសប្រទេសយើង និងប្រទេសថៃ ចេះរិះគិតជាមួយគ្នា រកដំណោះស្រាយដោយសន្តិវិធី ជាប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ និងប្រជាជន។
នៅថ្ងៃនេះ ព្រះយេស៊ូបានលើកឡើងអំពីប្រស្នាអំពីម្នាក់ៗដែលបានទទួល៥តម្លឹង ២តម្លឹង និងម្នាក់១ តម្លឹង។ បាទ! ប្រស្នានេះនាំឲ្យយើងបានទទួលការបង្កើតពីព្រះជាម្ចាស់ មានរូបសម្បត្តិ លក្ខណៈផ្សេងៗពីគ្នា។ នឹងទីពីរ៖ ព្រះជាម្ចាស់ផ្តល់សេរីភាពឲ្យយើង នៅក្នុងការរិះគិត ការសម្រេចចិត្ត នៅក្នុងអ្វីៗដែលយើងធ្វើ ព្រះជាម្ចាស់បានធ្វើឲ្យយើងជារូបតំណាងរបស់ព្រះអង្គ ត្បិតទ្រង់បង្កើតយើងម្នាក់ៗមានលក្ខណៈសម្បត្តិផ្សេងៗគ្នា តែឲ្យយើងមានសេរីភាពក្នុងការរិះគិត នឹងការសម្រេចចិត្ត។ នេះជាព្រះអំណោយទាន មួយដែលព្រះជាម្ចាស់ប្រទានឲ្យ។ ដូច្នេះនៅក្នុងព្រះអំណោយទានដែលយើងបានទទួលនៅថ្ងៃនេះ៥ តម្លឹង ២តម្លឹង និង១តម្លឹងតើអំណោយទានទាំងនេះ តើយើងយកព្រះអំណោយទានរបស់ព្រះជាម្ចាស់ មកប្រព្រឹត្តនិងធ្វើដូចម្តេច?
បងប្អូនជាទីស្រឡាញ់ នៅពេលដែលយើងដឹងថា ការបង្កើតរបស់ព្រះជាម្ចាស់ចំពោះយើង គឺផ្សេងៗពីគ្នា និងមានសេរីភាព ទាំងអស់នេះ សេចក្តីទាំងនេះ គឺព្រះអង្គចង់ឲ្យយើង រស់នៅជាបងប្អូននឹងគ្នា ជា គ្រួសារតែមួយ ដោយដឹងថា ព្រះជាម្ចាស់បានបង្កើតយើង ហើយធ្វើឲ្យយើងចេះ ជួយគ្នា ចេះយល់គ្នា ដោយរស់នៅជាមួយគ្នា ដោយមិនគិតថាយើង ចេះជាងគេ ល្អជាងគេ ប្រសើរជាងគេ នោះទេ តែផ្ទុយទៅវិញ ធ្វើឲ្យយើងចេះមាន ចិត្តអាណិតអាសូរ និងចេះជួយគ្នា ដើម្បី បំពេញ គ្នានូវលក្ខណៈខ្វះខាតរបស់យើង។ នេះជាសេចក្តីមួយដើម្បីជួយឲ្យយើងដឹងថា អំណោយទានដែលយើងបានទទួល៥តម្លឹង ២តម្លឹង និង១តម្លឹង គឺព្រះជាម្ចាស់ចង់ធ្វើឲ្យយើង ចេះរស់នៅជាបងប្អូននឹងគ្នា។
សរុបសេចក្តីមកព្រះយេស៊ូចង់ឲ្យយើងដឹងថា មានតែព្រះជាម្ចាស់ជាបិតាដ៏វិសុទ្ធ ដែលជាព្រះអម្ចាស់ ១០០%ជាសិរីរុងរឿង ជាភាពដ៏វិសុទ្ធដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គ មានសម្រាប់មនុស្សលោក ហើយធ្វើឲ្យមនុស្សលោកដឹងថាយើងជាអ្នកទន់ខ្សោយជាអ្នកបាបនោះ ដែលព្រះអង្គបានប្រទានឲ្យយើង ហើយក៏ឲ្យយើងកើតជារូបតំណាងរបស់ព្រះអង្គ នេះជាការអស្ចារ្យ។ ទោះបីយើងមានជាតិសាសន៍ផ្សេងគ្នា ប៉ុន្តែព្រះជាម្ចាស់បានបង្រួបប្រង្រួមធ្វើឲ្យយើង ទៅជាសាច់ឈាមតែមួយ ក្នុងព្រះជាម្ចាស់។
ថ្ងៃនេះសូមបងប្អូនអរព្រះគុណព្រះជាម្ចាស់នូវអំណោយទានដែលយើងបានទទួល ហើយចេះប្រើអំណោយទានដែលយើងមាននេះ សម្រាប់ស្រឡាញ់គ្នា ផ្តល់ក្តីស្រឡាញ់ធម៌មេត្តាករុណាប្រណីសណ្ដោសចំពោះគ្នា ជួយបំពេញគ្នា ដើម្បីយើងទៅជារូបតំណាងរបស់ព្រះជាម្ចាស់ដ៏ពេញលក្ខណៈ។
នៅពេលដែលមានបញ្ហាជម្លោះបាក់បែកគ្នា សង្រ្គាមតទល់គ្នា សូមឲ្យបងប្អូនមានការសោកស្តាយ ឲ្យបងប្អូនឃើញថា ទង្វើដែលយើងឈ្លោះគ្នា ឈ្នានីសគ្នា បំពានលើគ្នា គឺជាទង្វើមួយដែលយើងធ្វើ ប្រឆាំងនឹងព្រះជាម្ចាស់។ សូមឲ្យយើងទាំងអស់គ្នា រួមគ្នាទូលអង្វរព្រះជាម្ចាស់ ដើម្បីឲ្យយើងចេះសូមព្រះជាម្ចាស់លើកលែងទោសនូវភាពទន់ខ្សោយទាំងប៉ុន្មានដែលយើងបានធ្វើ ហើយឲ្យយើងនឹកឃើញថា ទីណាមានមេត្តានិងសេចក្តីស្រឡាញ់ គឺព្រះជាម្ចាស់គង់ជាមួយយើង អាម៉ែន៕
Daily Program
