ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (ម៉ាថាយ ២៥,១-១៣)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ផាន បូរី

នៅក្នុងអត្ថបទព្រះគម្ពីរដំណឹងល្អនៅថ្ងៃនេះ ព្រះយេស៊ូបានលើកឡើងអំពីស្ដ្រីក្រមុំទាំង១០នាក់។ ស្ដ្រីក្រមុំទាំង១០នាក់នោះ គឺមាន៥នាក់ជាស្ដ្រីក្រមុំដែលចេះត្រៀមខ្លួនយកចង្កៀងនិងប្រងទៅដើម្បីបង្កា។ រីឯស្ដ្រីក្រមុំ៥នាក់ទៀតយកតែចង្កៀងទៅ នៅពាក់កណ្ដាលអាត្រាតក៏អស់ប្រេង ហើយមានតែស្រ្តី៥នាក់ប៉ុណ្ណោះដែលមានគំនិត។
ហេតុនេះហើយបានជាព្រះយេស៊ូនិយាយថាស្ដ្រី៥នាក់ ជាស្ដ្រីដែលមានប្រាជ្ញា ស្ដ្រី៥នាក់ទៀតជាស្ដ្រីដែលអត់មានប្រាជ្ញា។ ស្ដ្រី៥នាក់ដែលមានគំនិតគេចេះរៀបចំខ្លួន រៀបចំអាកប្បកិរិយាបានយ៉ាងត្រឹមត្រូវដើម្បីទទួលស្វាមី។ នៅពេលដែលស្វាមីរបស់គេមកដល់គេមានឱកាសហូបបាយជាមួយគ្នា និងជជែកគ្នាលេងយ៉ាងល្អ។ ដោយឡែកស្ដ្រី៥នាក់ទៀតដែលអត់បានរៀបចំអ្វីទាំងអស់នោះបានត្រឹមនឹកស្តាយក្រោយ។
តើព្រះយេស៊ូព្រះអង្គចង់លើកឡើងអំពីអ្វី? ស្ដ្រីក្រមុំទាំង១០នាក់នេះតំណាងឲ្យអ្វី? ពេលដែលយើងនិយាយអំពីកូនក្រមុំ គឺយើងនិយាយអំពីព្រះសហគមន៍។ ពេលដែលយើងនិយាយអំពីកូនកំលោះ គឺចង់និយាយអំពីព្រះយេស៊ូដែលជាកូនកំលោះ។ ហេតុនេះ កូនកំលោះនិងកូនក្រមុំ មានទំនាក់ទំនងជាមួយគ្នា។ ប៉ុន្តែព្រះយេស៊ូដែលជាកូនកំលោះ ចង់ឲ្យកូនក្រមុំ ចេះត្រៀមខ្លួនដ៏ពិតប្រាកដ ដើម្បីទទួលស្វាមីរបស់ខ្លួនគឺទទួលព្រះរាជរបស់ព្រះជាម្ចាស់ គឺទទួលព្រះយេស៊ូគ្រីស្ត។
ចំណុចទីពីរ៖ ព្រះយេស៊ូចង់ឲ្យយើងរស់នៅល្អ ចេះត្រៀមខ្លួន ត្រៀមចិត្តគំនិត ដើម្បីឲ្យជីវិតរបស់យើងបានគាប់ប្រសើរ។ ចេះធ្វើតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាពិសេសយើងជាគ្រីស្តបរិស័ទ តោងដឹងថាយើងគឺជានរណា។ ប្រសិនបើយើងជាអ្នកជឿ យើងចេះត្រៀមខ្លួន ត្រៀមខ្លួនធ្វើតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ចេះត្រៀមខ្លួនដើម្បីធ្វើសេចក្តីល្អ ចេះត្រៀមខ្លួនដើម្បីធ្វើធម៌មេត្តាករុណា ចេះត្រៀមខ្លួនដើម្បីឲ្យអ្វីដែលយើងនិយាយ គឺជាសេចក្តីពិត។ ចេះត្រៀមខ្លួនធ្វើឲ្យចិត្តមានភាពនឹងនរ ឲ្យការរស់នៅរបស់បុគ្គលឬរបស់យើងហ្នឹង មានសីលធម៌ មានសច្ចៈធម៌ មានគុណធម៌ ចេះយោគយល់ ចេះអាព្យាស្រ័យ និងចេះកសាងសុខសន្តិភាពនៅកន្លែងដែលយើងរស់នៅ។
បងប្អូនជាទីស្រឡាញ់ ព្រះយេស៊ូចង់ឲ្យយើងមានចំណេះដឹង ចេះរិះគិត ចេះថ្លឹងថ្លែង អ្វីល្អនិងមិនល្អ ហេតុនេះសេចក្តីល្អដែលព្រះយេស៊ូចង់ឲ្យយើងធ្វើ គឺយើងត្រូវតែត្រៀមខ្លួនជានិច្ច ដូចកូនសិស្សដែលនឹងត្រៀមខ្លួនប្រឡង។ យើងអត់សូវខុសគ្នាប៉ុន្មានទេ អំពីរបៀបដែលយើងកំពុងតែធ្វើដំណើរ។
ចំណុចទីបី៖ ចូលឲ្យយើងខិតខំប្រឹងប្រែងចេញពីភាពងងឹត ចូលទៅក្នុងពន្លឺ ដើម្បីយើងអាចចូលទៅក្នុងពន្លឺបាន យើងត្រូវតែចេះត្រៀមខ្លួន ចេះត្រៀមខ្លួនដ៏ពិតប្រាកដ មានន័យថា យើងត្រូវតែពឹងផ្អែកលើព្រះបន្ទូលរបស់ព្រះយេស៊ូគ្រីស្ត ដែលចង់ឲ្យយើងធ្វើសេចក្តីល្អ ចង់ឲ្យយើងកសាងសន្តិភាព និងចង់ឲ្យយើងមានអនាគតល្អ។ ព្រះយេស៊ូអត់ចង់ឲ្យយើងរស់នៅដោយលំបាកតោកយ៉ាកទេ ហើយព្រះយេស៊ូក៏អត់ចង់ឃើញសង្គមនេះមានបញ្ហា មានសង្គ្រាម មានអំពើហិង្សា មានការប្រើប្រាស់គ្រឿងញៀន និងរឿងមិនល្អផ្សេងៗ។
ផ្ទុយទៅវិញ ព្រះយេស៊ូចង់ឲ្យសង្គមរបស់យើង ក្លាយជាទឹកដីដ៏ ទឹកដីដែលពោរពេញទៅដោយសន្តិភាព នឹងសេចក្តីសុខសាន្ត។ ហេតុនេះ យើងទូលអង្វរព្រះជាម្ចាស់ ពិតមែន សូមព្រះវិញ្ញាណដ៏វិសុទ្ធ គង់នៅជាមួយយើង បំភ្លឺចិត្តគំនិតរបស់យើងដែលជាកូនក្រមុំ សូមឲ្យយើងចេះត្រៀមខ្លួនដើម្បីទទួលស្វាមី គឺព្រះយេស៊ូគ្រីស្ត។ អាម៉ែន៕
Daily Program
