ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (ម៉ាថាយ២៤,៤២-៥១)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល

នៅថ្ងៃនេះបុណ្យសន្តីអូគូស្តាំង ឬសន្តអូគូស្ទីន គឺជាមនុស្សម្នាក់ដែលគេហៅថាបិតាព្រះសហគមន៍។ គាត់គឺជាមនុស្សម្នាក់ដែលជួយបង្កើតគោលលទ្ធិតាមគ្រីស្តសាសនា តាមព្រះសហគមន៍កាតូលិកនៅសតវត្សទី៤-៥។ គាត់ជាសន្តបុគ្គលដ៏អស្ចារ្យ គាត់បាននិពន្ធសៀវភៅជាច្រើន ជាពិសេសសៀវភៅមានឈ្មោះថា “ទីក្រុងរបស់ព្រះជាម្ចាស់ និងទីក្រុងរបស់មនុស្ស”។
នៅសម័យលោកអូគូស្ទីនប្រហែលបងប្អូនធ្លាប់ឮព្រះរាជណាចក្រទីក្រុងរ៉ូមនៃជនជាតិរ៉ូមុំាងដែលមានទឹកដីពីអឺរ៉ុបទាំងមូលជាទឹកដីមហាអំណាច។ ប៉ុន្តែនៅសម័យលោកអូគូស្ទីនជនជាតិរ៉ូមុំាងកំពុងតែចាញ់សង្គ្រាមតែមនុស្សជាច្រើនស្មានថាជាពេលវេលាចុងក្រោយនៃពិភពលោក។ ដូចសន្តអូគូស្ទីនរំលឹកនៅក្នុងសៀវភៅរបស់គាត់ថា“នរគរបស់មនុស្សមិនស្ថិតស្ថេររហូតទេ” មានតែព្រះរាជ្យរបស់ព្រះជាម្ចាស់! ហើយគាត់លើកទឹកចិត្តឱ្យមនុស្សនៅសម័យរបស់គាត់ថា ទោះបីជាមានមហន្តរាយធំកំពុងតែកើតឡើងតែសូមឱ្យយើងជឿទុកចិត្ត និងមានសេចក្តីសង្ឃឹមលើព្រះជាម្ចាស់! ជាជាងមានសង្ឃឹមលើរឿងលោកិយ៍។ យើងឃើញថាក្រោយពីជនជាតិរ៉ូមុំាង អរិយធម៌ផ្សេងទៀតបានកើតឡើង។
នៅក្នុងជីវិតរបស់យើងប្រហែលមានមហន្តរាយ មានបញ្ហា មានគ្រោះថ្នាក់ផ្សេងៗដែលធ្វើឱ្យយើងពិបាកចិត្ត អស់សង្ឃឹម។ ក្នុងអត្ថបទថ្ងៃនេះដែរព្រះយេស៊ូមានព្រះបន្ទូលថា ចូរប្រុងប្រៀបជានិច្ច កុំឱ្យយើងចាញ់ កុំឱ្យយើងអស់សង្ឃឹម ប៉ុន្តែឱ្យយើងជឿទុកចិត្តលើព្រះជាម្ចាស់។ អាម៉ែន៕
Daily Program
